ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាក់​ឌុ​ប​ មិនដឹង​រៀន​អ្វី​មែន​ទេ? វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា-ចិន ខេត្ត​ព្រះ​សីហ​នុ បណ្តុះ​ជំនាញ​ផ្សារ​ភ្ជាប់​ទ្រឹស្តី និង​ការ​អនុវត្ត បង្កើន​ឱកាស​ការងារ​ឆាប់រហ័ស

3 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ​ ៖ សម្រាប់​យុវជន ​ដែល​កំពុង​ស្វែងរក​ជំនាញ​ច្បាស់លាស់ និង​ឱកាស​ការងារ​នា​ពេល​អនាគត ការ​ជ្រើសរើស​សិក្សាការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា​-​ចិន ខេត្ត​ព្រះ​សីហ​នុ គឺជា​ជម្រើស​ល្អ​បំផុត​ ដែល​ផ្តល់​ទាំង​ចំណេះដឹង ជំនាញ​អនុវត្ត​ជាក់ស្តែង និង​ឱកាស​ភ្ជាប់​ទៅ​កាន់​ទីផ្សារ​ការងារ​បាន​ឆាប់រហ័ស ​។
 
លោក ប៊ូ សំអាត នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា​-​ចិន ខេត្ត​ព្រះ​សីហ​នុ បាន​លើក​ឡើង​ថា ចំណុច​សំខាន់​ដែល​ធ្វើ​ឱ្យ​ការ​សិក្សា TVET នៅ​វិទ្យាស្ថាន​មាន​ភាព​ទាក់ទាញ គឺ​ដោយសារ​វិទ្យាស្ថាន​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ឧស្សាហកម្ម ដែល​ផ្តល់​ឱកាស​ឱ្យ​សិស្ស​-​និស្សិត​ អាច​ភ្ជាប់​ការ​សិក្សា​របស់​ខ្លួន​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ទីផ្សារ​ការងារ ​។
 
លោក​បាន​បញ្ជាក់​ថា ការ​បណ្តុះបណ្តាល​របស់​វិទ្យាស្ថាន មិន​ផ្តោត​តែ​ទៅ​លើ​ការ​សិក្សា​ទ្រឹស្តី​ក្នុង​ថ្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្តោត​សំខាន់​លើ​ការ​អនុវត្ត​ជាក់ស្តែង​នៅ​ក្នុង​រោង​ជាង និង​បន្ទប់ពិសោធន៍ ព្រមទាំង​ការ​ចុះ​កម្មសិក្សា​នៅ​តាម​រោងចក្រ និង​សហគ្រាស​នានា ដើម្បី​ធានា​ថា សិស្ស​-​និស្សិត​រៀន​ចប់​ហើយ មាន​ទាំង​ចំណេះដឹង និង​ជំនាញ​ដែល​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ការងារ​ពិតប្រាកដ​។
 
លោកនាយក​បញ្ជាក់​ថា​៖ «​គោលដៅ​របស់​យើង គឺ​ចង់ឱ្យ​យុវជន​រៀន​ឱ្យ​ចប់ រៀន​ឱ្យ​ចេះ និង​មាន​ជំនាញ​ពិតប្រាកដ ដើម្បី​អាច​ចូល​ទៅ​កាន់​ទីផ្សារ​ការងារ​។ ជា​ពិសេស ដោយសារ​វិទ្យាស្ថាន​ស្ថិត​នៅ​ក្បែរ​តំបន់​ដែល​មាន​រោងចក្រ ក្រុមហ៊ុន និង​សហគ្រាស​ជា​ច្រើន សិស្ស​-​និស្សិត​ក៏​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ចុះ​កម្មសិក្សា ស្វែងរក​បទ​ពិសោធន៍ និង​ភ្ជាប់​ខ្លួន​ទៅ​កាន់​ឱកាស​ការងារ​»​។
 
លោកនាយក​បាន​បន្ថែម​ថា ការ​ជ្រើសរើស​រៀន TVET គឺជា​ការ​វិនិយោគ​លើ​អនាគត​ខ្លួនឯង ព្រោះ​ជំនាញ​បច្ចេកទេស​មួយ​អាច​ជួយ​ឱ្យ​យុវជន​មាន​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ ទាំង​ក្នុង​ប្រទេស និង អន្តរជាតិ មានឱកាស​រក​ចំណូល​បាន​ច្រើន និង​អាច​អភិវឌ្ឍ​ខ្លួន​បន្ត​ទៅ​មុខ​ថែម​ទៀត​៕