រាជធានីភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា ផលប៉ះពាល់ នៃគ្រោះអគ្គិភ័យនៅទីតាំងផ្សារនាគមាស កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គឺមានការខូចខាតអស់ចំនួន ២១១តូប ដែលជាប្រភេទតូប និងស្តង់លក់បន្លែ និងផ្លែឈើ ប៉ុន្តែមិនមានបង្កជារបួស ឬស្លាប់បាត់បង់ជីវិតនោះទេ ។
អ្នកនាំពាក្យបន្ថែមថា ជាដំណោះស្រាយ គឺព្រឹកនេះ តំណាងក្រុមហ៊ុនផ្សារ និងអាជ្ញាធរខណ្ឌទួលគោក បានចុះផ្សព្វផ្សាយអំពីដំណោះស្រាយក្នុងការរៀបចំជូនបងប្អូនអាជីវករ ដែលរងផលប៉ះពាល់ទាំងអស់មកលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន ដោយរង់ចាំម្ចាស់ផ្សារ និងអាជ្ញាធរ ធ្វើការសម្អាតសំណល់រួចរាល់ ក្រុមហ៊ុនផ្សារនឹងសាងសង់តូបស្តង់ជូនអាជីវករទៅតាមទំហំ និងទីតាំងដែលមានកន្លងមក នៅកន្លែងដើមវិញ ។
លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា បងប្អូនអាជីវករទាំងអស់ពិតជាសប្បាយរីករាយ និងបានសម្តែងនូវអំណរគុណចំពោះការសម្របសម្រួលរបស់អាជ្ញាធរ និងបានទទួលយកតាមការរៀបចំនេះ ដោយមិនមានការតវ៉ាណាមួយឡើយ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ក្រោយប្រតិបត្តិការសង្គ្រោះ និងកំពុងស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុនាព្រឹកថ្ងៃទី២៩ ខែសីហានេះថា គ្រោះអគ្គិភ័យនៅទីតាំងផ្សារនាគមាសនេះ គឺមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្ញើសារជូនជនឆ្លៀតឱកាស ជាពិសេសក្រុមប្រឆាំងក្រៅស្រុកមួយក្តាប់តូច កុំយកពេលមានទុក្ខលំបាករបស់បងប្អូនអាជីករ ទៅកេងចំណេញនយោបាយស្មោគរោគរបស់ខ្លួន ពួកគាត់កំពុងមានទុក្ខបាត់បង់ទ្រព្យសម្បតិ្ត និងខាតបង់ពេលវេលាប្រកបអាជីវកម្ម ហើយពួកគាត់បានដឹងច្បាស់ជាងគេទាំងអស់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារអ្វីនោះ។ លោកស្រី សង្កត់ធ្ងន់ថា «ចឹងកុំចូលចិត្តបំពុលបរិយាកាសពេក» ៕







ចែករំលែកព័តមាននេះ