ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមជួយសង្គ្រោះអ្នកនេសាទ ៣២នាក់ ខណៈ ១៩នាក់ទៀតនៅបាត់ខ្លួននៅសមុទ្រ

13 ម៉ោង មុន

ប្រទេសវៀតណាម៖ អ្នកនេសាទចំនួន ​៣២នាក់​ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីរសាត់អណ្តែតនៅសមុទ្រអស់រយៈពេលជាច្រើនថ្ងៃ ខណៈ ​១៩នាក់ទៀតនៅបន្តបាត់ខ្លួន​ នៅតំបន់សមុទ្រជុំវិញប្រជុំកោះប៉ប្រះទឹក។ ​នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News
នៅថ្ងៃទី២៩ ខែសីហានេះ។

អ្នកនេសាទទាំង៣២នាក់ ត្រូវបានទូកនេសាទពីរគ្រឿងប្រទះឃើញកាលពីថ្ងៃទី២៨ ខែសីហា ក្នុងស្ថានភាពខ្សោយកម្លាំង ហើយត្រូវបានបញ្ជូនទៅកាន់កោះមួយដើម្បីទទួលការពិនិត្យ និងព្យាបាលសុខភាព។

ទូកនេសាទនោះមានប្រវែងជិត ២៤ម៉ែត្រ និងដឹកមនុស្សសរុប ៥០នាក់ បានចាកចេញពីកំពង់ផែអានហ័រកាលពីថ្ងៃទី២៩ ខែកក្កដា ដើម្បីនេសាទមឹក។ ប្រព័ន្ធតាមដានរបស់ទូកបានបាត់សញ្ញាចុងក្រោយនៅថ្ងៃទី២៥ ខែសីហា នៅតំបន់សមុទ្រប្រហែល ៥៤០ម៉ាយល៍ពីឆ្នេរសមុទ្រវៀតណាម។

បច្ចុប្បន្ន កងទ័ពជើងទឹក កងការពារឆ្នេរ និងទូកនេសាទជាច្រើនគ្រឿង កំពុងបន្តប្រតិបត្តិការស្វែងរកអ្នកនេសាទដែលនៅបាត់ខ្លួន ដោយពង្រីកតំបន់ស្វែងរក ខណៈមូលហេតុនៃការបាត់ទំនាក់ទំនងជាមួយទូកនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ៕