ខេត្តពោធិ៍សាត់ ៖ ពីការស្វែងរកការងារនៅក្រៅស្រុក មកចាប់យកឱកាសការងារក្នុងស្រុក និងបង្កើនជំនាញសម្រាប់អនាគត អតីតពលករ និងយុវជននៅស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងទទួលបានជម្រើសថ្មីៗកាន់តែខិតជិតផ្ទះ ខណៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ២,៦៤៥កន្លែង ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ទៅដល់ប្រជាពលរដ្ឋជាង ៧០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ យុវជនកំពុងស្វែងរកការងារ និងសិស្សទើបប្រឡងបាក់ឌុបរួច ក្នុងវេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ។
ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ឡេង សែ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែង នៅទូទាំងប្រទេស ដែលប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ក្រសួងចង់ឱ្យប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា ជាពិសេសការងារក្នុងស្រុកនៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលមិនត្រឹមតែផ្តល់ចំណូលសម្រាប់ខ្លួនឯង និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបំពេញតម្រូវការកម្លាំងពលកម្ម និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។ ក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតក៏ទទួលបានការគាំពារតាមរយៈ ប.ស.ស. ខណៈការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃអាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម កង្វះការគាំពារសុខភាព ការរើសអើង និងការរស់នៅឆ្ងាយពីក្រុមគ្រួសារ។
ទន្ទឹមនឹងការនាំការងារមកដល់មូលដ្ឋាន ឯកឧត្តមបានរំលេចថា ក្រសួងបានបើកឱកាសឱ្យប្រជាពលរដ្ឋ យកជំនាញមកបង្កើនតម្លៃខ្លួនឯង ដោយអ្នកមានជំនាញផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រ អាចធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ។ ចំណែកយុវជន ក៏អាចចុះឈ្មោះរៀនជំនាញជាច្រើនដោយឥតគិតថ្លៃ តាមរយៈកម្មវិធី TVET ១,៥លាននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលមានគ្រូបង្រៀន បរិក្ខារ និងឧបករណ៍សិក្សាទំនើបៗស្របតាមតម្រូវការទីផ្សារការងារ។ ជាពិសេស សម្រាប់គ្រួសារងាយរងគ្រោះ នេះគឺជាឱកាសទទួលបានទាំងចំណេះ និងចំណូល ខណៈក្រសួងក៏កំពុងបន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ឈ្នួលខ្ពស់ដូចជានៅជប៉ុន កូរ៉េ សិង្ហបុរី ជាដើម។
ឯកឧត្តមជំរុញឱ្យយុវជន សិស្សានុសិស្ស និងអតីតពលករ រួសរាន់ចាប់យកឱកាសទទួលបានការបណ្ដុះបណ្ដាលកាន់តែលឿន គួរធ្វើដំណើរទៅទស្សនកិច្ច និងឈ្វេងយល់ពីជំនាញដ៏សម្បូរបែបនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជួយបន្តផ្សព្វផ្សាយឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់អ្នកដទៃទៀត ហើយអាចទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានអំពីឱកាសការងារ និងការរៀនជំនាញវិជ្ជាជីវៈ និង លេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងសេវា ប.ស.ស.។
សូមបញ្ជាក់ថា ឱកាសការងារចំនួន ២ ៦៤៥កន្លែង ដែលនាំមកដល់ស្រុកបាកានត្រូវបានជ្រើសរើសដោយក្រុមហ៊ុន និងសហគ្រាស រួមមាន ក្រុមហ៊ុន ថាកូ អាហ្គ្រី, រោងចក្រ មីនេបៀ (ខេមបូឌា), ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ខេត្តពោធិ៍សាត់, សិប្បកម្ម សានពៅ ,រោងចក្រ វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក និងវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI)ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស រួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មង្គល អេចអ៕










ចែករំលែកព័តមាននេះ