ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ត្រាំ​ថា​អាមេរិក និង​វេណេ​ហ្ស៊ូ​អេឡា​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ចម្រាញ់​ប្រេង​ជាង​៦៥​ពាន់​លាន​បារ៉ែល

13 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​មាន​ប្រសាសន៍​ថា​ក្រុម​ហ៊ុន​របស់​អាមេរិក​អាច​ជួយ​ស្រោច​ស្រង់វិស័យ​ប្រេង​របស់​ប្រទេស​វេណេ​ហ្ស៊ូអេឡា​ដែល​កំពុង​មាន​បញ្ហា​។ ទន្ទឹម​នឹង​នោះ ពួក​គេ​នឹង​ជួយ​ផ្គត់​ផ្គងប្រេង​ឆៅ​នៅ​អាមេរិក​ដើម្បី​ធ្វើ​ឱ្យ​តម្លៃ​របស់​វា​ចុះ​មក​ធម្ម​តា​វិញ​។ លោក​ត្រាំ​និយាយ​ដោយ​ត្រួស​ៗ​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រម​ព្រៀង​។ លោក​ថា​អាមេរិក​អាច​ប្រមូល​ប្រេង​ជាង​៦៥​ពាន់​លាន​បារ៉ែល​ពី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​តាម​រយៈ​ការ​ចាប់​ដៃគូ​សហ​ការ​ជា​មួយ​វិស័យ​ឯក​ជន​។

ប្រមុខ​ដឹក​នាំ​វេណេ​ហ្ស៊ូ​អេឡា​ប្រកាស​ស្វាគមន៍​កិច្ច​ព្រមព្រៀង​នេះ​ដោយ​ថ្លែង​ថា​​វា​នឹង​ជួយ​លើក​ស្ទួយ​សេដ្ឋ​កិច្ច​ជាតិ និង​ប្រាក់​ចំណូល​របស់​រដ្ឋ​។ កិច្ច​ព្រម​ព្រៀង​នេះ​ស្ដែង​ឱ្យ​ឃើញ​នូវ​ការ​វាត​ទី​របស់​អាមេរិក​ចូល​ទៅ​​ក្នុង​វិស័យ​ប្រេង​របស់​វេណេ​ហ្ស៊ូ​អេឡា​ ខណៈ​ដែល​រដ្ឋ​បាល​របស់​លោក​ត្រាំ​កំពុង​ជួយ​ជ្រោម​ជ្រែង​វិស័យ​ផលិត​កម្ម​ប្រេង​របស់​ប្រទេស​នេះ​ និង​ធ្វើ​យ៉ាង​ណា​​ឱ្យ​រោង​ចក្រ​របស់​អាមេរិក​មានប្រេង​ឆៅ​សម្រាប់​ចម្រាញ់​។ សព្វ​ថ្ងៃ​នេះ វេណេ​ហ្ស៊ូ​អេឡា​មាន​ប្រេង​ឆៅ​កប់​ទុក​នៅ​ក្នុង​ដី​ច្រើន​ជាង​គេ​នៅ​លើ​សាកល​លោក​ ហើយ​មាន​ភស្តុ​តាង​បង្ហាញ​គ្រប់​គ្រាន់​អំពី​ប្រេង​ទាំង​នោះ​។

ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ ប្រទេស​នេះ​អាច​ផលិត​ប្រេង​បាន​ត្រឹម​តែ​១,២៥​លាន​បារ៉ែល​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ថ្ងៃ​ដោយ​សារ​ខ្វះ​ការ​វិនិយោគ ការ​គ្រប់​គ្រង​មិន​បាន​ល្អ និង​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​។ ​លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​តប​តាម​ការ​ចង្អុល​បង្ហាញ​របស់​លោក​ រដ្ឋ​មន្ត្រី​ការ​បរទេស​ លោក​រូប៊ីអូ និង​រដ្ឋ​មន្ត្រី​ក្រសួង​សង្គ្រាម​ លោក​ភីត​ហេក​​សឹត​ កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រធានា​ធិបតី​ស្ដី​ទី​វេណេ​ហ្ស៊ូ​អេឡា។ តាម​រយៈ​ការ​ចាប់​ដៃ​គូ​សហ​ការ​ជា​មួយ​វិស័យ​ឯក​ជន​ លោក​ទាំង​២​អាច​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​បូម​ប្រេង​ជាង​៦៥​ពាន់​លាន​បារ៉ែល​។

សេចក្ដី​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចរ​ចា​គ្នា​អស់​ជា​ច្រើន​សប្ដាហ៍​រវាង​ភាគី​អាមេរិក និង​វេណេ​ហ្ស៊ូ​អេឡា​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​របស់​អាមេរិក​អាច​ចូល​ទៅ​បូម​ប្រេង​ពី​វេណេហ្ស៊ូ​អេ​ឡា​។ ​មន្ត្រី​រដ្ឋា​ភិបាល​វេណេ​ហ្ស៊ូ​អេឡា​ត្រៀម​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នៅ​សប្ដាហ៍​ក្រោយ។ ប្រភព​​ខ្លះ​​បង្ហើប​ឱ្យ​ដឹង​ថា​ទម្រង់​នៃ​ការ​ជួល​ទី​តាំង​រុក​រក​ប្រេង​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ពិចារណា​។ កន្លែង​រុក​រក​ប្រេង​អាច​នឹង​ដាក់​ឱ្យ​ដេញ​ថ្លៃ​សម្រាប់​ក្រុម​ហ៊ុន​​អាមេរិក​។ ប៉ុន្តែ​កិច្ច​ការ​នេះ​អាច​នឹង​​ក្លាយ​ជា​បញ្ហា​ប្រឈម​ផ្នែក​ផ្លូវ​ច្បាប់​​ និង​រដ្ឋ​ធម្ម​នុញ្ញ​របស់​វេណេ​ហ្ស៊ូ​អេ​ឡា​​ដ្បិត​អី​រដ្ឋ​​នៅ​បន្ត​គ្រប់​គ្រង​វិស័យ​ឧស្សាហ​កម្ម​ប្រេង​​ធំ​ៗ​ដដែល​៕ ប្រភព៖ Reuters