សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស តម្រងនោមមានតួនាទីសំខាន់ក្នុងការចម្រោះកាកសំណល់ និងរក្សាតុល្យភាពជាតិទឹក និងអំបិលរ៉ែក្នុងរាងកាយ។ ប៉ុន្តែទម្លាប់ទទួលទានភេសជ្ជៈមួយចំនួនញឹកញាប់ អាចបង្កើនបន្ទុកលើតម្រងនោម និងប៉ះពាល់ដល់សុខភាពរយៈពេលវែង។
ភេសជ្ជៈដែលគួរប្រុងប្រយ័ត្នរួមមាន ទឹកផ្លែឈើដែលមានជាតិស្ករខ្ពស់ និងទឹកក្រូចឆ្មារផ្អែម ភេសជ្ជៈផ្អែមៗ ទឹកស៊ុបឬទឹកសម្លដែលមានជាតិប្រៃខ្លាំង ស្រា និងស្រាបៀរ ព្រមទាំងតែដែលឆុងចត់ខ្លាំងពេក។
ភេសជ្ជៈផ្អែម និងទឹកផ្លែឈើ ប្រសិនបើទទួលទានជាប្រចាំក្នុងបរិមាណច្រើន អាចធ្វើឱ្យទទួលបានជាតិស្ករខ្ពស់ និងបង្កើនហានិភ័យលើសទម្ងន់ ទឹកនោមផ្អែម និងបញ្ហាសុខភាពផ្សេងៗ ដែលអាចជះឥទ្ធិពលដល់តម្រងនោម។
ទឹកស៊ុប ឬទឹកសម្លដែលប្រៃខ្លាំង មានជាតិសូដ្យូមខ្ពស់។ ការទទួលទានអំបិលច្រើនជាប្រចាំអាចធ្វើឱ្យសម្ពាធឈាមកើនឡើង ហើយសម្ពាធឈាមខ្ពស់គឺជាកត្តាហានិភ័យសំខាន់មួយនៃជំងឺតម្រងនោម។ ដូច្នេះ គួរចៀសវាងការផឹកទឹកសម្ល ឬទឹកស៊ុបរហូតដល់អស់។
ស្រា និងស្រាបៀរ អាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក និងប៉ះពាល់ដល់សម្ពាធឈាម។ ប្រសិនបើផឹកញឹកញាប់ ឬក្នុងបរិមាណច្រើន អាចបង្កើនហានិភ័យបញ្ហាសុខភាពដែលប៉ះពាល់ដល់មុខងារតម្រងនោម។
ចំណែក តែឆុងចត់ខ្លាំងពេក ក៏មិនគួរផឹកក្នុងបរិមាណច្រើនជាប្រចាំដែរ។ តែខ្លាំងអាចមានជាតិកាហ្វេអ៊ីនខ្ពស់ ហើយតែប្រភេទខ្លះក៏មានសារធាតុអុកសាឡាត ដែលពាក់ព័ន្ធនឹងការកើតគ្រួសក្នុងតម្រងនោមចំពោះមនុស្សមួយចំនួន។
ដើម្បីថែរក្សាសុខភាពតម្រងនោម គួរជ្រើសរើស ទឹកស្អាតជាភេសជ្ជៈសំខាន់ ផឹកឱ្យបានទៀងទាត់តាមតម្រូវការរបស់រាងកាយ កាត់បន្ថយភេសជ្ជៈផ្អែម និងអាហារប្រៃខ្លាំង ព្រមទាំងជៀសវាងការផឹកស្រាច្រើន។
ជាពិសេស អ្នកដែលមានជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ឬមានប្រវត្តិជំងឺតម្រងនោម គួរយកចិត្តទុកដាក់លើការជ្រើសរើសភេសជ្ជៈ និងពិនិត្យសុខភាពជាប្រចាំ។
សរុបមក ការខូចតម្រងនោមមិនមែនកើតឡើងភ្លាមៗទេ ហើយទម្លាប់ទទួលទានភេសជ្ជៈមិនសមស្របជាប្រចាំ អាចក្លាយជាកត្តាមួយដែលប៉ះពាល់ដល់សុខភាពរយៈពេលវែង។ ដូច្នេះ ការផឹកទឹកស្អាតជាចម្បង និងកាត់បន្ថយភេសជ្ជៈផ្អែម ប្រៃ ស្រា និងតែខ្លាំង គឺជាជម្រើសល្អសម្រាប់ថែរក្សាតម្រងនោម៕
ចែករំលែកព័តមាននេះ