រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ សីហា ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចសហបតិបត្តិការការងារ ៣ស្ថាប័ន កសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍) និងអង្គភាពប្រឆាំងអំពើពុករលួយ ចំពោះជនត្រូវចោទ ថូ សំណាង, ណុប រដ្ឋា និង យស់ រ៉ាណេ ដែល ACU ស៊ើបអង្កេតរកឃើញថា ទឹកប្រាក់ជាផលប្រយោជន៍ពីការលក់សន្លឹកទិដ្ឋាការ ប្រភេទ C និង CExនេះ មានប្រមាណ០៣លានដុល្លារអាមេរិក ។
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ប្រើពាក្យជនត្រូវចោទ ព្រោះឈ្មោះទាំង៣ បានឆ្លងកាត់ដំណាក់កាលជនសង្ស័យនៅនគរបាលយុត្តិធម៌ អ.ប.ព. និងនៅអយ្យការ រួចហើយ។ ឈានដល់ដំណាក់កាលទី៣ គឺចៅក្រមស៊ើបសួរ ក៏បានវិនិច្ឆ័យអង្គហេតុ អង្គច្បាប់ ភស្តុតាង និងនីតិវិធីគ្រប់គ្រាន់ ហើយក៏សម្រេចដាក់ជនទាំង ៣ នេះ ជាជនត្រូវចោទហើយ នៅដំណាក់កាលទី ៤ ពេលបញ្ចប់ការស៊ើបសួរនៅតុលាការ បញ្ជូនទៅចៅក្រមជម្រះ ជនទាំង ៣ ត្រូវមានឈ្មោះ ជនជាប់ចោទ។ ពេលមាន សាលក្រម ជនទាំង ៣ មានឈ្មោះ ពិរុទ្ធជន ហើយពេលក្តីនេះចូលជាស្ថាពរ ជនទាំង ៣ មានឈ្មោះ ទណ្ឌិត ។
(អ.ប.ព.) បានឲ្យដឹងបន្តថា ករណីអំពើពុករលួយក្នុង online Scam ដែល ACU បានធ្វើថ្មីៗនេះ រួមមាន ៤ ករណីផ្ទួនៗគ្នា ៖ A. ដោយការសហការណ៍ស្អិតរមួតរវាងនគរបាលជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU), ACU បានបើកការស៊ើបអង្កេតលើករណីមេអនឡាញហ្គេមថៃ ដែលបានសូកប៉ាន់ ប្រាក់សរុប 774 000$ (18000$/ម្នាក់) ដើម្បីសុំដោះចេញនូវជនជាតិថៃ ជាអ្នកធ្វើការអនឡាញហ្គេម ៤៣នាក់ ក្នុងមណ្ឌលរបស់ខ្លួននៅប៉ោយប៉ែត។ ទឹកប្រាក់សរុបនេះ ឈ្មោះ OVARARINT RAWI លិខិតឆ្លងដែនលេខ AC2888447 ថៅកែអនឡាញហ្គេមថៃ និងមេការថៃ នៅកាស៊ីណូមួយទៀតឈ្មោះ SRIPHAN SUPARP លេខលិខិតឆ្លងដែន AC6438272 បានយកប្រាក់នេះ ជូនសមត្ថកិច្ចជាថ្នូរ ដើម្បី ៖
i. កុំឱ្យបណ្តេញថៃអនឡាញហ្គេម ៤៣នាក់ នេះទៅប្រទេសថៃវិញ
ii. សុំឱ្យអ្នក ៤៣នាក់នេះ បាននៅធ្វើអនឡាញហ្គេមបន្តទៀត (ACU បានស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលមកវិញបាននូវទឹកប្រាក់ 370 000$ នៃប្រាក់សំណូក 774 000$ និងបានកសាងសំណុំរឿងមន្ត្រីយោធា នគរបាល ៥ រូប ទៅតុលាការ)
បញ្ជាក់ ៖ ករណីនេះកើតមុនមួយថ្ងៃ នៃអង្គកើតហេតុទាហានថៃ បាញ់ទាហានខ្មែរស្លាប់ម្នាក់នៅក្នុងលេណដ្ឋាន ថ្ងៃ 28/05/2025។
ii. ACU កំពុងសុំស្នើតាមចាប់មេអនឡាញហ្គេម ជនជាតិថៃ ២រូប ដែលកំពុងរត់គេចខ្លួន ។
B. ដោយការសហការណ៍ស្អិតរមួតរវាង ក្រសួងយុត្តិធម៌ និង អង្គភាពប្រឆាំងអំពើពុករលួយ(ACU), ACU បានស៊ើបអង្កេតករណីព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា ទទួលសំណូកដោះលែង អនឡាញស្គេម ៥នាក់ (ចិន ១នាក់ វៀតណាម ៤នាក់) ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពីបទស៊ីសំណូក និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ។ ក្រសួងយុត្តិធម៌ ធ្វើអធិការកិច្ច លើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា និងដាក់វិន័យរដ្ឋបាល រឺឯ ACU បើកការស៊ើបអង្កេត ដែលជាវិធានការព្រហ្មទណ្ឌ។
C. ដោយមានការសហការយ៉ាងស្អិតរមួតរវាងលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងអង្គភាពប្រឆាំងអំពើពុករលួយ(ACU), ACU បានស៊ើបអង្កេតករណីឧត្ដមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍ អ៊ុក ហៃសីឡា, ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងភ្នំពេញ, ឧត្ដមសេនីយ៍ត្រី យោធា មាស ម៉ារិន និងគូកន ២នាក់ ដែលទទួលសំណូកពីមេក្រុមហ៊ុនអនឡាញហ្គេម Morgan James នៅកោះពេជ្រ ឈ្មោះ TONY ដែលបង់ប្រាក់ប្រចាំខែឱ្យអ្នកទាំង៣ ដើម្បីការពារកុំអោយនគរបាលចុះឆែកឆេរ ឬចុះបិទសកម្មភាព។ ក្រៅពីនោះ TONY ក៏បានបង់លុយតាមករណីនីមួយៗជាច្រើន ដែលមានករណីខ្លះ ១ម៉ឺនដុល្លារ/ករណី ដើម្បីដោះស្រាយធ្វើកិច្ចការឱ្យ TONY ដូចជាស្វែងរក និងចាប់បុគ្គលិករបស់ TONY ដែលរត់គេច ជាដើម។ តាមភស្តុតាងរបស់ ACU មាន តុលាការបានចោទប្រកាន់អ្នកទាំង៦ ពីបទសូកប៉ាន់, ស៊ីសំណូក។ ផ្អែកតាមការរកឃើញរបស់ ACU នូវទឹកប្រាក់ ១០ ម៉ឺនដុល្លារ ដែលនៅសេសសល់ពីការ សម្អាតប្រាក់ តុលាការបានចោទអ្នកទាំងនោះពីបទល្មើសមួយទៀត គឺបទសម្អាតប្រាក់ ។
D. ករណីទី៤នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ៣ស្ថាប័ន មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ – ក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍) និងអង្គភាពប្រឆាំងអំពើពុករលួយ(ACU)។ មុនដំណើរការករណីមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) រូបនេះ ACU បានដំណើរការស៊ើបអង្កេត និងកសាងសំណុំរឿងមន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ (ផ្កាយ ៣ អ៊ុក ហៃសីឡា – ផ្កាយ ២ សរ សំណាង – ផ្កាយ១ យោធា មាស ម៉ារិន ) ដែលជួយពួកអនឡាញហ្គេមចូលកម្ពុជា និងការពារពួកអនឡាញហ្គេមយកមកដំណើរបញ្ជូនទៅតុលាកាជាមុនសិន ទើប ACU ស៊ើបអង្កេត និងបញ្ជូនទៅតុលាការ មន្ត្រីជាន់ខ្ពស់ក្រសួង កបទ.សអ (ករណី ថូ សំណាង អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន – ណុប រដ្ឋា ពេលនោះជាអនុ.ការិយាល័យកិច្ចគាំពារពលរដ្ឋខ្មែរ នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន និង យស់ រ៉ាណេ មន្ត្រីជាប់កិច្ចសន្យា) ដែលជាអ្នកផ្តល់ទិដ្ឋាការខុសច្បាប់ ខុសគោលការណ៍របស់ក្រសួង ទៅតុលាការជាក្រោយ។ ក្រសួង កបទ.សអ បានត្រួតពិនិត្យ និងដាក់វិន័យរដ្ឋបាលយ៉ាងត្រឹមត្រូវគ្រប់គ្រាន់តាមសមត្ថកិច្ចរបស់ខ្លួន ហើយទុកផ្លូវឱ្យ ACU បានដំណើរការស៊ើបអង្កេត និងកសាងសំណុំរឿងមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដែលនោះជាសមត្ថកិច្ចរបស់ ACU ហើយពង្រីកការសហការបន្ថែមជាមួយក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍) យ៉ាងស្អិតរមួត។
- a . ជនត្រូវចោទ សំណាង ក្នុងពេលដែលខ្លួនជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចច្បាប់ កុងស៊ុល និងព្រំដែន – ណុប រដ្ឋា ពេលនោះជាអនុ.ការិយាល័យកិច្ចគាំពារពលរដ្ឋខ្មែរ នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន និង យស់ រ៉ាណេ ពេលនោះជាមន្ត្រីកិច្ចសន្យា បានឃុបឃិតគ្នាយក Sticker Visa ដែលខ្លួនជាអ្នកគ្រប់គ្រងប្រភេទ C និង CEx ចំនួន ១២,០០០ សន្លឹក លក់យកផលប្រយោជន៍ផ្ទាល់ខ្លួន។ តាមភស្តុតាង ដែលអគ្គ.អន្តោប្រវេសន៍ និង ACU រកឃើញ Sticker Visa ទាំងនោះ ត្រូវបានឱ្យដោយខុសគោលដៅ ហើយមានទាំងអ្នក Online Scam ផង ក៏បានទទួលនូវ Sticker Visa ប្រភេទនេះ។ អយ្យការ និងតុលាការ ចោទប្រកាន់ ៣ បទល្មើស៖
- បទ.បំផ្លាញដោយចេតនា និងគេបំបាត់ដោយទុច្ចរិត – Intentional destruction and embezzlement (មាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ) ដោយអំពើ និងភស្តុតាង យកនូវទិដ្ឋាការ C និង CEx រាប់ពាន់សន្លឹកដោយទុច្ចរិតទៅលក់ និងបំផ្លាញដោយចេតនារាប់ពាន់សន្លឹកទិដ្ឋាការ C និង CEx ។
- បទ.រំលោភអំណាច – Punishment for abuse of power (មាត្រា ៣៥ នៃច្បាប់ស្តី ពីការប្រឆាំងអំពើពុករលួយ) ដោយអំពើ និងភស្តុតាង មានទិដ្ឋាការ C និង CEX ច្រើនសន្លឹកបានផ្ដល់ឱ្យខុសគោលដៅដូចគ្នា តែអំពើនេះកើតក្រោយពេលខ្លួនអស់អំណាច ក្រោយពេលការសន្យារបស់ខ្លួននៅមុខក្រុមប្រឹក្សាវិន័យថា ខ្លួនឈប់ជាអគ្គនាយក ប្រព្រឹត្តទៀតហើយ។
- បទ.សម្អាតប្រាក់ – Money Laundering offence (មាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម) ។
អ.ប.ព. ពន្យល់ថា C ជាប្រភេទទិដ្ឋាការ បោរីភាព (Courtesy) មិនយកប្រាក់ ផ្តល់ជូនជនបរទេសមិនមែនអន្តោប្រវេសន៍ និងក្រុមគ្រួសារ ដែលក្រសួង កបទ.សអ ឬក្រសួងនានាចាត់ទុកជាកិច្ចសហប្រតិបត្តិការ ឬសម្តែងការគួរសម។ មានន័យថា NGO ណាដែលមាន MOU ជាមួយក្រសួង ហើយបុគ្គលិករបស់ខ្លួនត្រូវមកធ្វើការ ឬជនបរទេសណាត្រូវមកសម្ដែងការគួរសម (ជួបថ្នាក់ដឹកនាំ)។ C មានសុពលភាពមិនលើស ៣ ខែ បន្ទាប់មក អាចពន្យាពេលបានផល់ ១ ឆ្នាំ និងត្រូវបើ ទិដ្ឋាការ C ទី២ ហៅថា CEx។ បែបបទ អាចចេញទិដ្ឋាកានេះបាន ត្រូវមានពាក្យសុំភ្ជាប់មកជាមួយ MoU តែអ្នកទាំង ៣នេះ ចេញទិដ្ឋាកាដោយមិនបាច់មានពាក្យសុំ មាន MoU ទេ។
ii. ទឹកប្រាក់ជាផលប្រយោជន៍ពីការលក់សន្លឹក Sticker Visa នេះ មានប្រមាណ ៣ លានដុល្លារ (ថូ សំណាង សារភាពថា ខ្លួនទទួលបានតែ ៤៥ ម៉ឺនដុល្លារ ទេ) ហើយ ACU ស្កាត់រកបាននូវទឹកប្រាក់ចំនួន ៩៨ ម៉ឺនដុល្លារ របស់ ថូ សំណាង និង ២៥ ម៉ឺនដុល្លារ ទៀត របស់ ណុប រដ្ឋា ដែលបានលាងសម្អាត ដើម្បីសុំតុលាការបង្កក និងរឹបអូសដាក់ជាទ្រព្យសម្បត្តិរដ្ឋ។ ACU កំពុងបន្តស្វែងរកលុយដែលបានលាក់ទុកលើសពីនេះទៀត។ ថូ សំណាង មាន ៣៧៥ គណនីធនាគារ នៅធនាគារចំនួន ៧ ខុសៗគ្នា។ ណុប រដ្ឋា វិញ មាន ៥ គណនីធនាគារ នៅធនាគារចំនួន ២។ យស់ រ៉ាណេ មាន ១១ គណនី នៅធនាគារចំនួន ២។
ii. ជនល្មើសទាំង ៣ នេះ នៅមាន ៣ បទល្មើសទៀត ACU នឹងបន្តសុំធ្វើការចោទប្រកាន់ ពីអយ្យការ និងតុលាការ នៅពេលខាងមុខនេះទៀត ។
b. ការពិតនៃជោគជ័យក្នុងប្រតិបត្តិការនេះ ចាប់ផ្តើមមុនបង្អស់ពីដំណាក់កាលដ៏ម៉ឺងម៉ាត់របស់ក្រសួង កបទ.សអ ដែលថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាវិន័យរបស់ក្រសួង កបទ.សអ ឈ្លាសវៃ ឃើញនូវកំហុសឆ្គងមន្ដ្រីរបស់ខ្លួន។ អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន ដែលពេលនោះមាន ថូ សំណាង ជាអគ្គនាយក គឺជាអ្នកមានសិទ្ធអំណាចខ្ពស់បំផុតក្នុងក្រសួង កបទ.សអ ដែលច្បាប់-រាជរដ្ឋាភិបាល និងក្រសួង កបទ.សអ បានប្រគល់តួនាទី ភារកិច្ច គ្រប់គ្រង រក្សា និងប្រើប្រាស់នូវសន្លឹកទិដ្ឋាការ(វីសា)ទាំងអស់ ក្នុងនោះមានសន្លឹកទិដ្ឋាការ វីសា ប្រភេទ C និង CEX ផង។
ក្នុងពេលធ្វើការបូកសរុបត្រួតពិនិត្យបំណាច់ឆ្នាំ ២០២៥ នាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន បានរកឃើញថា សន្លឹកទិដ្ឋាការ/វីសាប្រភេទ C និង CEx បាត់ពីសន្និធិ។ នៅចំពោះមុខក្រុមប្រឹក្សាវិន័យ និងថ្នាក់ដឹកនាំក្រសួង កបទ.សអ ទីបំផុត ថូ សំណាង ទទួលសារភាពដោយមានកំណត់ហេតុផងថា ក្នុងចន្លោះខែតុលា ២០២៥ ដល់ខែ មករា ២០២៦ ខ្លួន (ថូ សំណាង) ពិតជាបានបញ្ចេញទិដ្ឋាការចំនួន ១២,០០០សន្លឹក ក្នុងនោះមានប្រភេទ C ចំនួន ៥,២០០ សន្លឹក និងប្រភេទ CEx ចំនួន ៦,០០០ សន្លឹក (បូកលេខទាំង ២ គឺ ១១,២០០ សន្លឹក) ប្រគល់ឱ្យ ណុប រដ្ឋា (ពេលនោះជាអនុប្រធានការិយាល័យកិច្ចគាំពារពលរដ្ឋខ្មែរ) និង យស់ រ៉ាណេ (ពេលនោះជាមន្ត្រីជាប់កិច្ចសន្យា នៃនាយកដ្ឋានកិច្ចការកុងស៊ុល ច្បាប់ និងព្រំដែន) ខុសច្បាប់ ខុសគោលដៅ ខុសគោលការណ៍ ដោយមិនបានឆ្លងកាត់បែបបទត្រឹមត្រូវ ធ្វើតាម ផ្លូវកាត់។ ថូ សំណាង សារភាពប្រាប់ក្រសួង កបទ.សអ ថា ខ្លួនបានទទួលតែ ៥ ដុល្លារ ក្នុង ១ សន្លឹកទិដ្ឋាការប៉ុណ្ណោះ (ចម្លើយ ថូ សំណាង ពីដំបូង នៅ អ.ប.ព. ក៏ដូចគ្នាដែរថា បានទទួល ៥ ដុល្លារ/១ សន្លឹកទិដ្ឋាការ ។ ពេល អ.ប.ព. ទម្លាក់ភស្តុតាងក្នុង ១ សន្លឹក ថូ សំណាង បានទទួល ៤០-៥០ ដុល្លារ ថូ សំណាង ក៏ទទួលសារភាពថា ខ្លួនពិតបានទទួល ៤០-៥០ ដុល្លារ ពីការលក់មែន មិនមែន ៥ ដុល្លារក្នុងមួយសន្លឹកទេ។ ពេលបង្ហាញភស្តុតាងមួយជំហានទៀត ថូ សំណាង សារភាពថា ខ្លួនពិតជាបានទទួលប្រាក់ ៤៥ ម៉ឺនដុល្លារ ពីការលក់សន្លឹក ទិដ្ឋាការ C និង CEx នេះមែន ក្នុងអំឡុងខែកញ្ញា ២០២៥ ហើយបានយក ៤៥ ម៉ឺនដុល្លារ នោះ ដាក់ក្នុងធនាគារយកការប្រាក់ 5% ក្នុង ១ឆ្នាំ។ ពេល អ.ប.ព. បង្ហាញភស្តុតាងសន្លឹកទិដ្ឋាការ C/CEx ដែលជនបរទេស អ៊នឡាញហ្គេម បានទិញពីក្រសួងក្នុងតម្លៃ ៦,០០០ ដុល្លារ ក្នុងមួយសន្លឹក ថូ សំណាង ថា មិននឹកស្មានថា សមត្ថកិច្ចរកបានភស្តុតាងបានជាក់ច្បាស់ដល់ម្លឹង)។ សំណាង បានសារភាពជូនក្រសួង កបទ.សអ ថា សន្លឹកទិដ្ឋាការដែលនៅសល់ ដែលក្រុមខ្លួនបានប្រើប្រាស់ជាង ៦,០០០ សន្លឹក នៅសល់ក្នុងដៃខ្លួនតែ ៥០ សន្លឹក ហើយត្រូវខ្លួនកិនកម្ទេចចោលអស់ ហើយទិដ្ឋាការ ៥២០ សន្លឹកទៀតដែលនៅសល់ អាចនៅនឹង ណុប រដ្ឋា និង យស់ រ៉ាណេ (អ.ប.ព. រកឃើញភស្តុតាង និងត្រូវបាន ថូ សំណាង ផ្ដល់ចម្លើយសារភាពនៅ អ.ប.ព. ថា ខ្លួន (ថូ សំណាង) ពិតជាចេញទិដ្ឋាការ C និង Cax អស់ ៦,៥០០ សន្លឹក ដោយខុសគោលដៅឱ្យបុគ្គលគ្មានសិទ្ធទទួលទិដ្ឋាការ C និង Cex ចាប់ពីខែកញ្ញា ដល់ចុងខែធ្នូ ឆ្នាំ២០២៦ (3) ។ ថូ សំណាង បានសារភាពទៀតថា សន្លឹកទិដ្ឋាការ C និង Cex សល់ ៤,០០០ សន្លឹកទៀត ត្រូវបានខ្លួនកាត់បំផ្លាញរួចយកបោះចោលអស់ហើយ ។ មានន័យថា ថូ សំណាង បានបំផ្លាញដោយចេតនា អស់សន្លឹកទិដ្ឋាការ C និង CEx ចំនួន ៤០០០ សន្លឹក) ។
អ.ប.ព. បញ្ជាក់ថា បានរកឃើញ ថូ សំណាង ប្រព្រឹត្តិបទល្មើសជាច្រើនតាំងពីឆ្នាំ២០២១ មកម្លេះ ។
ក្រសួង កបទ.សអ សម្រេចដាក់វិន័យ និងស្នើសុំរាជរដ្ឋាភិបាលដក ថូ សំណាង ពីមុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន ចេញ ហើយឱ្យ ថូ សំណាង ធ្វើជាទីប្រឹក្សាមានឋានៈស្មើអគ្គនាយក (ឋានៈស្មើ អគ្គនាយក មានន័យថា មានបុព្វសិទ្ធត្រឹមអគ្គនាយករង ។ ហើយបាត់អំណាចទាំងស្រុងក្នុងការគ្រប់គ្រង ដឹកនាំអគ្គនាយកដ្ឋាន នេះ)។
ក្រសួង កបទ.សអ នៅបានរកឃើញទៀតថា ក្រុម ៣នាក់នេះ នៅបានបន្តលក់សន្លឹក ទិដ្ឋាការ C និង CEX មិនបានឈប់ប្រព្រឹត្តដូចការសន្យានៅមុខក្រុមប្រឹក្សាវិន័យ និងថ្នាក់ដឹកនាំ ក្រសួងទេ ។ ក្រសួង កបទ.សអ បន្តការងារជាមួយ អ.ប.ព. ហើយក្នុងរយៈពេលប្រមាណ ១០ ថ្ងៃក្រោយ អ.ប.ព. បានកសាងសំណុំរឿងបញ្ជូន ថូ សំណាង – ណុប រដ្ឋា – យស រ៉ាណេ ទៅ
តុលាការ។
ស្របពេលវេលានោះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI) នៃក្រសួងមហាផ្ទៃ ក៏មានប្រតិបត្តិការ ទប់ស្កាត់ជនបរទេសដែលអាចចូលមកកម្ពុជាក្នុងគោលបំណងធ្វើការឆបោក ហើយក៏រកឃើញជនបរទេសមានប្រើវីសា C និង CEx ខុសគោលដៅ (អ្នកទាំងនោះមិនមែនជា NGO… តែជាអ្នកមករកការងារធ្វើជាបុគ្គលិកកាស៊ីណូជាដើម…)។ អ្នកទាំងនោះ ត្រូវបានរកឃើញបានចំណាយប្រាក់ពី ៣០០ដុល្លារ ដល់ ៦,០០០ ដុល្លារ ដើម្បីទិញនូវវីសា C និង CEX មួយសន្លឹក។ ខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI) ក៏បានឱ្យ ថូ សំណាង ដឹងពីរឿងមិនប្រក្រតីនេះដែរ (អ.ប.ព. កត់សម្គាល់ឃើញថា ក្នុងខែមករា ២០២៦ នោះដែរ ថូ សំណាង បានដក និងបញ្ចប់ការដាក់ប្រាក់យកការប្រាក់ក្នុងគណនីចំនួន ២២០ គណនីរបស់ ថូ សំណាង ក្នុងធនាគារមួយសរុបជាង ២ លានដុល្លារ ចេញពីធនាគារនោះអស់រលីង)។ រីឯ អ.ប.ព. ក៏បានទទួលពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI) នូវឯកសាររាប់ពាន់សន្លឹក ស្ដីពីលិខិតឆ្លងដែនជនបរទេសជិត ២ រយនាក់ ដែលមានបិទទិដ្ឋាការ C និង CEx ដោយមិនប្រក្រតី ។
c. ការពិត ថូ សំណាង និងក្រុមគ្រួសារ មិនមែនមិនដឹងខ្លួនថា ACU ស៊ើបអង្កេតករណីរបស់ខ្លួន ថូ សំណាង ហើយក៏មិនមែនក្រុមគ្រួសារ ថូ សំណាង មិនដឹងថា ថូ សំណាង កំពុងនៅទីណានោះទេ ក្នុងពេលដែលក្រុមគ្រួសារស្រែកឆោឡោថា ថូ សំណាង បាត់ខ្លួន។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ ក្រោយពេល អ.ប.ព. រាយការណ៍ជូនកិច្ចប្រជុំ ក.ជ.ប.ព. ករណីអនឡាញហ្គេមមួយចំនួន ក្នុងនោះមានករណី ថូ សំណាង ដែល អ.ប.ព. រកឃើញតាំងពីខែកុម្ភៈ ២០២៦ មក ។ ក្នុងប្រកាសព័ត៌មានរបស់ ក.ជ.ប.ព. នាថ្ងៃនោះបានពន្លិចចេញនូវឃ្លាមួយ ដែលជាអនុសាសន៍ឱ្យ អ.ប.ព. ប្រមូលកម្លាំងធនធាន ជួយរាជរដ្ឋាភិបាលឱ្យបានពេញទំហឹង ក្នុងយុទ្ធនាការបោសសម្អាតអនឡាញស្គេម ។ មួយថ្ងៃក្រោយមក ណុប រដ្ឋា យកពាក្យមួយឃ្លានេះពិគ្រោះជាមួយ ថូ សំណាង ដោយចោទសួរថា តើពួកខ្លួនស្ថិតក្នុងការស៊ើបអង្កេតរបស់ ACU ដែរឬទេ ? ច្បាស់លាស់ជាងនេះទៀត នារីម្នាក់ ដែលជាបងប្អូនជីដូនមួយ ហើយក៏ជាប្អូនធម៌របស់ ថូ សំណាង មានលទ្ធភាពឆ្លេចសួរយកព័ត៌មានពី ឯកឧត្តមម្នាក់ជាមន្ត្រី អ.ប.ព. ដែលចូលរួមប្រជុំ ក.ជ.ប.ព. ហើយបានដឹងច្បាស់ថា អ.ប.ព. កំពុងស្រាវជ្រាវ ថូ សំណាង ហើយឯរឿងចាប់ ឬមិនចាប់ មិនទាន់ច្បាស់ទេ។ ពេល អ.ប.ព. នាំខ្លួន ថូ សំណាង មកស្តាប់ចម្លើយ (និងនាំខ្លួន ណុប រដ្ឋា – យស់ រ៉ាណេ ដែរ) គ្រួសារ ថូ សំណាង ត្រូវបាននគរបាលជាតិប្រាប់ថា ទីតាំង ទូរសព្ទ ថូ សំណាង កំពុងនៅក្នុងទីតាំង ACU។ រីឯគ្រួសារ ២ នាក់ទៀត ក៏បានមកដល់ ACU ដោយប្រាប់ថា ខ្លួនបានឃើញប្ដីរបស់ខ្លួននៅ ACU តាមរយៈមើល GPS ក្នុងយានយន្តរបស់ពួកគាត់។ អ្នកទាំងនោះ មិនបានស្រែកឆោឡោ ដើម្បីរំខានការស៊ើបអង្កេតដូចគ្រួសារ ថូ សំណាង ឡើយ ៕








ចែករំលែកព័តមាននេះ