ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ហេតុ​ការណ៍​ផ្ទុះ​អា.វុ.ធ​កក្រើក​ព្រលាន​យន្ត​ហោះ និង​និវាស​នដ្ឋាន​ប្រធានា​ធិបតី​​ប្រទេស​នី​ហ្ស៊ែ​

5 ម៉ោង មុន

ទី​ក្រុង​ណាយ​អាមី៖ ​កាល​ពី​ព្រឹក​មិញ គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​យ៉ាង​កង​រំពង​នៅ​លើ​ទី​តាំង​ជា​ច្រើន​កន្លែង​នៃ​រដ្ឋ​ធានី​ណាយ​អាមី ប្រទេស​នី​ហ្ស៊ែ​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា​​មាន​រឿង​អ្វី​កើត​ឡើង​ទេ​។ គិត​ទាំង​លើក​នេះ​ទៀត​ វា​​ជា​លើក​ទី​បី​ដែល​រដ្ឋ​ធានី និង​មជ្ឈ​មណ្ឌល​តាំង​នៅ​នៃ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ និង​មូល​ដ្ឋាន​ទ័ព​អាកាស​ជួប​ប្រទះ​នឹង​បញ្ហា​រំជើប​រំជួល​នៅ​ឆ្នាំ​២០២៦​​ ហើយ​វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​មាន​បញ្ហា​អសន្តិ​សុខ​ជាប់​ជាប្រចាំ​ក្រោម​ការ​ដឹក​នាំ​របស់​​ពួក​យោ​ធា​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​មុន​កាល​ពី​ឆ្នាំ​២០២៣​។ ពួក​គេ​សន្យា​ថា​នឹង​រក្សា​សណ្ដាប់​ធ្នាប់​សង្គម​ឡើង​វិញ​។

ប្រភព​ពី​ខាង​មន្ត្រី​សន្តិ​សុខ​ម្នាក់​បង្ហើប​ឱ្យ​ដឹង​ថា​ពួក​ភេរវករ​បាន​វាយ​ប្រហារ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ឌី​អូរី ហាម៉ានី (Diori Hamani) និង​ប៉ុនប៉ង​វាយ​ទម្លុះ​ខ្សែ​ការ​ពារ​សន្តិ​សុខ​នៅ​ជុំ​វិញ​បរិវេណ​និវាសន​ដ្ឋាន​របស់​ប្រធានា​ធិបតី។ គេ​ស្ដាប់​ឮ​ការ​បាញ់​កាំ​ភ្លើង​ត​ដៃ​គ្នា​យ៉ាង​ខ្លាំង​ក្លា​ក្បែរ​វិមាន​ប្រធានា​ធិបតី​។ ​លោក​បាណា វ៉ាហ្កា​​ណា អ៊ីប្រាហ៊ីម (Bana Wagana Ibrahim) ជា​សមាជិក​ការិយាល័យ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​នៃ​ប្រទេស​នីហ្ស៊ែ​ និង​ជា​អនុ​ប្រធាន​​សភា​សម្ព័ន្ធ​រដ្ឋ​សាហេល (Sahel)។

លោក​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​ថា​ក្រុម​អ្នក​វាយ​ប្រហារ​ទាំង​នោះ​មាន​គោល​ដៅ​វាយ​ទៅ​លើ​មូល​ដ្ឋានទ័ព​អាកាស​​ដែល​មាន​ឈ្មោះ​ថា​បន្ទាយ​១០១។ ប៉ុន្តែ​ឥឡូវ​នេះ លោក​អះ​អាង​ថា​កង​សន្តិ​សុខ​ជាតិ​នី​ហ្ស៊ែ​វាយ​ដណ្ដើម​ទី​នោះបាន​មក​វិញ​ហើយ​ ហើយ​ចូល​គ្រប់​គ្រង​ទី​នោះ​​ទាំង​ស្រុង​​​​។ លោក​ថា​មាន​​សកម្ម​ភាព​វាយ​ប្រហារ​កើត​ឡើង​ជា​ថ្មី​ទៀត​ហើយ​ទៅ​លើ​បន្ទាយ​១០១​ ហើយ​ជា​ថ្មី​ម្ដង​ទៀត​ កងទ័ព និង​កង​សន្តិ​សុខ​របស់​យើង​អាច​ការ​ពារ​ទី​នោះ​ជាប់​។ យើង​អាច​គ្រប់​គ្រង​សភាព​ការណ៍​បាន​ជា​ធម្ម​តា​។

ទោះ​ជា​មាន​ការ​អះ​អាង​បែប​នេះ​ក្ដី សាក្សី​នៅ​នឹង​កន្លែង​កើត​ហេតុ​ប្រាប់​ថា​​​ហេតុ​ការណ៍​ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ត​ហោះ​នោះ​មិន​ទាន់​ស្ងប់​ស្ងាត់​ទៅ​វិញ​នៅ​ឡើយ​ទេ ហើយ​គេ​ក៏​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​យ៉ាង​សន្ធាប់​នៅ​ពេល​មេឃ​ទៀប​ភ្លឺ​​ផង​ដែរ​។ ពោល​គឺ​ក្រោយ​ពេល​ដែល​លោក​អ៊ីប្រាហ៊ីម​បង្ហោះ​សារ​ដូច​ខាង​លើ​​នៅ​លើ​ហ្វេស​ប៊ុក​។ ប្រភព​ពី​ភ្នាក់​ងារ​សន្តិ​សុខ​ម្នាក់​ទៀត​ប្រាប់​ថា​កង​ទ័ព​នីហ្ស៊ែ​បាន​បើក​ប្រតិ​បត្តិ​ការ​យ៉ាង​ក្ដៅ​គគុក​ ហើយ​បញ្ឈប់​សកម្ម​ភាព​របស់​អ្នក​វាយ​ប្រហារ​ទាំង​នោះ​ទាំង​ស្រុង​។ អ្នក​ដែល​នៅ​សេស​សល់​ពី​ការ​បាញ់​សម្លាប់​បាន​រត់​ភៀស​ខ្លួន​យ៉ាង​ផាស​ក្រញាំ៕ ប្រភព៖ Reuters​