ញាក់សាច់! ឡានកុងតឺន័រ៣គ្រឿង និងសាំយ៉ុង១គ្រឿងបុ.កបន្តកន្ទុយគ្នាលើផ្លូវជាតិលេខ៤
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ រថយន្តកុងតឺន័រចំនួន៣គ្រឿង និងរថយន្តសាំយ៉ុង១គ្រឿងបានបុកបន្តកន្ទុយគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលរថយន្តសណ្តោងកុងតឺន័រ១គ្រឿងបត់ឆ្លងផ្លូវជាតិចូលរោងចក្រ ហើយត្រូវបានរថយន្តសណ្ដោងកុងតឺន័រ២គ្រឿងទៀត ព្រមទាំងរថយន្តសាំងយ៉ុងមកគៀបជាប់នៅកណ្តាល សំណាងល្អ ដែលមិនមានមនុស្សរងគ្រោះថ្នាក់នោះ ។

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ៣គ្រឿង និងរថយន្តសាំយ៉ុង១គ្រឿង បានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែ
សីហា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤២ ទៅលេខ៤៣ ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តសណ្ដោងកុងតឺន័រ១គ្រឿង ម៉ាកហ្វុយសូ(FUSO) ពណ៌ត្រួយចេក ពាក់ផ្លាកលេខកណ្តាល3A-3375 សណ្តោងរ៉ឺម៉ក(កន្ទុយ) ពាក់ផ្លាកលេខកណ្តាល4A-0246 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីទិសខាងកើតមកទិសខាងលិច។

លុះពេលមកដល់កន្លែងកើតហេតុ បានបត់ស្តាំដៃចូលក្នុងរោងចក្រមួយកន្លែងជិតផុតហើយ ស្រាប់តែរថយន្តសណ្ដោងកុងតឺន័រពណ៌ខៀវ ពាក់ផ្លាកលេខស្វាយរៀង 3A-2385 សណ្តោងរ៉ឺម៉កពាក់ផ្លាកលេខតាកែវ4A-0815 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេបាន បើកបរពីទិសខាងលិចបុកជាមួយទូសណ្តោងកុងតឺន័រពេញទំហឹង ។

ភ្លាមនោះ រថយន្តប្រភេទតួរីសម៉ាកសាំងយ៉ុងពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ2U-6745 បានគៀបជាប់ ហើយក៏មានរថយន្តសណ្ដោងកុងតឺន័រ១គ្រឿងទៀត ម៉ាកអីស៊ុយហ្ស៊ុយ (ISUZU) ពណ៌សរ ពាក់ផ្លាកលេខបាត់ដំបង 3A-3900 សណ្តោង
រ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ4A-9110 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីទិសខាងលិចមកទិសខាងកើត បានបុកជាមួយរថយន្តទួរីសគៀបជាប់គ្នាចំនួន៤គ្រឿងតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចជំនាញចុះពិនិត្យធ្វើការវាស់វែងនៅកន្លែងកើតហេតុ សំណាងល្អមិនមានមនុស្សរងរបួស គ្រោះថ្នាក់អ្វីឡើយ ខូចខាតតែទូរកុងតឺន័រ និងរថយន្តកំរិតស្រាល ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ឲ្យដឹងថា ក្រោយកើតហេតុ តៃកុងរថយន្តទាំង៤គ្រឿង បានធ្វើការសម្របសម្រួលគ្នា យករថយន្តទៅធ្វើការជួសជុលរៀងៗខ្លួន បញ្ចប់រឿងតែម្ដង ៕





ចែករំលែកព័តមាននេះ