ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ស្រុក​អូរ​រាំង ​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​អប់រំ​ចូល​និវត្តន៍ និង​លោកគ្រូ អ្នកគ្រូ ​កំពុង​បំពេញភារកិច្ច

4 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​លើកទឹកចិត្ត ដឹងគុណ និង​សម្តែង​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​គុណូបការៈ​របស់​លោកគ្រូ​-​អ្នកគ្រូ នា​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៦ រដ្ឋបាល​ស្រុក​អូរ​រាំង បាន​រៀបចំ​ពិធី​សំណេះសំណាល ស្វែង​យល់​សុខទុក្ខ និង​ថ្លែងអំណរគុណ​ដល់​មន្ត្រី​អប់រំ​ចូល​និវត្តន៍ ព្រមទាំង​លោកគ្រូ​-​អ្នកគ្រូ​ដែល​កំពុង​បំពេញភារកិច្ច​យ៉ាង​សកម្ម​ក្នុង​មូលដ្ឋាន​។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ការិយាល័យ​អប់រំ​ស្រុក ព្រមទាំង​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់​ៗ ជា​ច្រើន​ចំណុច ។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា រដ្ឋបាល​ស្រុក​អូរ​រាំង​តែងតែ​ចាត់​ទុក «​វិស័យ​អប់រំ​» ជា​គ្រឹះ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។ រដ្ឋបាល​ស្រុក​នឹង​បន្ត​គាំទ្រ​ទាំង​ស្មារតី ថវិកា និង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​លើកកម្ពស់​គុណភាព​ការ​បង្រៀន និង​រៀន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

លោក​បាន​សម្តែង​នូវ​សេចក្តី​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតីត​លោកគ្រូ​-​អ្នកគ្រូ​ដែល​បាន​ចូល​និវត្តន៍​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត ពេលវេលា និង​ស្មារតី​ពេញ​មួយ​ជីវិត ក្នុង​ការ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​តម្លៃ​សម្រាប់​ជាតិ​។ លោក​បាន​គូសបញ្ជាក់​ថា ថ្វីបើ​លោកគ្រូ​-​អ្នកគ្រូ​បាន​ចូល​និវត្តន៍​ពី​ការងារ​រដ្ឋបាល​ក៏​ពិតមែន ប៉ុន្តែ​វីរភាព និង​គុណូបការៈ​របស់​ពួក​គាត់​នៅ​តែ​ស្ថិត​ក្នុង​បេះដូង​របស់​រដ្ឋបាល​ស្រុក និង​ប្រជាពលរដ្ឋ​ជា​និច្ច​។

លោក​អភិបាលស្រុក បាន​ផ្តាំផ្ញើ និង​ជំរុញ​ដល់​លោកគ្រូ​-​អ្នកគ្រូ​ដែល​កំពុង​បំពេញភារកិច្ច​នា​ពេល​បច្ចុប្បន្ន ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ជា​គំរូ​ដ៏​ល្អ​ដល់​សិស្សានុសិស្ស ស្រាវជ្រាវ​វិធីសាស្ត្រ​បង្រៀន​ថ្មី​ៗ និង​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ជា​ប្រចាំ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កា​រវិ​វត្ត​នៃ​សម័យ​ឌី​ជី​ថ​ល ស្រប​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​។

យោង​តាម​របាយការណ៍​របស់​លោក ចាក់ ឆប់ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​អូរ​រាំង បានឱ្យ​ដឹង​ថា ឆ្នាំ​សិក្សា ២០២៥-២០២៦ របស់​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​អូរ​រាំង បាន​បង្ហាញ​ថា​ស្រុក​នេះ​មាន​គ្រឹះស្ថាន​អប់រំ​គ្រប់​កម្រិត រួម​មាន​ម​ត្តេ​យ្យ​សិក្សា បឋម​សិក្សា អនុ​វិទ្យាល័យ និង​វិទ្យាល័យ ដែល​មាន​សិស្ស​សរុប ២.០៣៤​នាក់​។

ក្រៅពី​ការ​អប់រំ​ក្នុង​ប្រព័ន្ធ ក៏​មាន​ថ្នាក់​អក្ខរកម្ម និង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ផង​ដែរ​។ បុគ្គលិក​សិក្សា​សរុប​មាន ១០៨​នាក់ ក្នុង​នោះ​មាន​គ្រូបង្រៀន​ក្រប​ខណ្ឌ​រដ្ឋ គ្រូបង្រៀន​កិច្ចសន្យា និង​គ្រូ​ម​ត្តេ​យ្យ​សហគមន៍​។ ចំពោះ​លទ្ធផល​សម្រេច​បាន ផ្នែក​មធ្យមសិក្សា​ម​ឋ​ម​ភូមិ​មាន​សិស្ស ៩៣​នាក់​បាន​ប្រឡង​ជាប់ ខណៈ​លទ្ធផល​ប្រចាំឆ្នាំ​សម្រាប់​ម​ត្តេ​យ្យ បឋម​សិក្សា និង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​មិន​ទាន់​ចេញ​នៅឡើយ​។ យ៉ាងណាមិញ ថ្នាក់​អប់រំ​ក្រៅ​ប្រព័ន្ធ​ទាំងអស់​បាន​បញ្ចប់​ដោយ​ជោគជ័យ ៕