ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួសបន្លាមិនមែនជាព្រំដែន! កម្ពុជាទម្លាយមុខពិតថៃ ៖ កុំយកលេស Online Scams មកបិទបាំងការលួចលេបទឹកដី

6 ម៉ោង មុន

សូម​បញ្ឈប់​ការ​ប្រើប្រាស់​បញ្ហា online scams ជា​លេស ដើម្បី​បិទ​បាំង​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​យោធា​ថៃ​មក​លើ​ទឹកដី​កម្ពុជា ៖​ថៃ​មិន​អាច​លាងខ្លួន​ដោយ​ចោទ​អ្នក​ដទៃ​បាន​ទេ ។ នេះ​បើ​យោង​តាម​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៩ ខែសីហា​នេះ ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បន្ត​ថា ការ​បដិសេធ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​រួម​ថៃ (JIC) ថា ថៃ​មិន​បាន​ប្រើ​បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (online scams) ជា​លេស​សម្រាប់​សកម្មភាព​យោធា ឬ​ការ​កាន់កាប់​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់ មិន​អាច​លុប​បំបាត់​អង្គហេតុ​ដែល​បាន​កើតឡើង​នៅ​លើ​ដី​បាន​ឡើយ ។ ការ​ពិត​មិន​ត្រូវ​វាស់​តាម​ពាក្យ​បដិសេធ​នោះ​ទេ ប៉ុន្តែ​ត្រូវ​វាស់​តាម​អ្វី​ដែល​បាន​និយាយ អ្វី​ដែល​បាន​ធ្វើ និង​លទ្ធផល​ដែល​បាន​កើតឡើង​ក្រោយ​ការ​ប្រើប្រាស់​កម្លាំងយោធា​របស់​ថៃ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​យ៉ាង​ច្បាស់ នៅ​ក្នុង​ពិធី​បើ​សន្និសីទ​អន្តរជាតិ​ប្រធាន​សភា នៃ​អន្តរ​ភា​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៦​ថា ថៃ​បាន​ប្រើប្រាស់​បញ្ហា online scams ជា​លេស​សម្រាប់​ការ​ឈ្លានពាន និង​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ទឹកដី​កម្ពុជា ។ សម្តេច​បាន​ព្រមាន​ថា ការ​យក​បទល្មើស​ឆ្លង​ដែន​ដូច​ជា online scams មក​ធ្វើ​ជា​លេស​សម្រាប់​ការ​កាន់កាប់​ទឹកដី​របស់​ប្រទេស​ដទៃ​ដោយ​ខុសច្បាប់ គឺជា​ទម្រង់​មួយ​នៃ «​សង្គ្រាម​ទំនើប​» ។

លោក នេត្រ ភក្ត្រា បាន​បន្ថែម​ថា យោធា​ថៃ​បាន​វាយប្រហារ​ដោយ​ការ​ទម្លាក់​គ្រាប់បែក មក​លើ​សំណង​ស៊ី​វិល​នៅ​តំបន់​អូរ​ស្មាច់ និង​ច្រក​ជាំ ក្នុង​ខេត្តឧត្តរមានជ័យ និង​តំបន់​ថ្មដា​នៅ​ខេត្តពោធិ៍សាត់​ដោយ​ចោទ​ថា​ជា​តំបន់​យោធា ប៉ុន្តែ​ធាតុ​ពិត​គឺជា​សំណង់​ស៊ី​វិល​របស់​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគទុន​ប៉ុណ្ណោះ ។

សម្តេច​តេ​ជោ​ក៏​បាន​រំលេច​ពី​គ្រោះថ្នាក់​នៃ «​យុទ្ធសាស្ត្រ​ឈ្លានពាន​បែប​ហាន់​ចំណិត​សាច់ក្រក​» (salami-slicing strategy) ដែល​ជា​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​នៅ​លើ​ដី​បន្តិច​ម្តង​ៗ ដើម្បី​បម្រើ​មហិច្ឆតា​ទឹកដី និង​បង្កើត fait accompli មុន​នឹង​ព្យាយាម​ប​ម្លែ​ង​ស្ថានភាព​ដែល​បង្កើត​ដោយ​កម្លាំង​នោះ​ទៅ​ជា​អំណះអំណាង​នយោបាយ​នៅ​ពេល​ក្រោយ​។

ជាមួយ​គ្នា​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បង្ហាញ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​អំពី​សកម្មភាព​ដែល​កម្ពុជា​ចាត់​ទុក​ថា​ជា​ការ​កាប់​យក​ទឹកដី​ដោយ​ខុសច្បាប់ រួម​មានការ​បន្ត​វត្តមាន​កងទ័ព ការ​រាយ​លួស​បន្លា ដាក់​ទូ​កុងតឺន័រ ជីក​លេណដ្ឋាន សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ដី មុន​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ត្រូវ​បាន​បញ្ចប់ ។

ដូច្នេះ បើ​ថៃ​អះអាង​ថា online scams និង​ជម្លោះ​ប្រដាប់​អាវុធ​ជា​រឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា មាន​សំណួរ​មួយ​ដែល​ថៃ​ត្រូវ​ឆ្លើយ ៖ បើ scam មិនមែន​ជា​លេស ហេតុ​អ្វី​បានជា​ទីតាំង​ដែល​ថៃ​អះអាង​ថា​ពាក់ព័ន្ធ​នឹង scam ត្រូវ​បាន​យក​មក​ភ្ជាប់​ជាមួយ​ប្រតិបត្តិការ​យោធា​របស់​ថៃ​លើ​ទឹកដី​កម្ពុជា​ក្នុង​អំឡុង​ជម្លោះ0x017d7 ហើយ​ហេតុ​អ្វី​ក្រោយ​ការ​ប្រើ​កម្លាំង លទ្ធផល​បែរជា​បន្ត​ទៅ​ជា​ការ​គ្រប់គ្រង​ដី អគារ ការ​រាយ​លួស​បន្លា ដាក់​ទូ​កុងតឺន័រ និង​ការ​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ដី?

បើ​គោលដៅ​គឺ online scams ហេតុ​អ្វី​លទ្ធផល​បែរជា​ក្លាយជា​បញ្ហា​ទឹកដី? Online scams ជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដ៏​ធ្ងន់ធ្ងរ ហើយ​កម្ពុជា​មិន​បាន​បដិសេធ​បញ្ហា​នេះ​ឡើយ​។ កម្ពុជា​បាន​ខិតខំ​បន្ត​បង្ក្រាប​បទល្មើស​នេះ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ហើយ​លទ្ធផល​គឺ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​បច្ចេកវិទ្យា​ជាង ៧០០ ត្រូវ​បាន​បោសសម្អាត និង​បន្ត​បង្ក្រាប​បណ្តាញ​ដែល​នៅ​សេសសល់​។ ឧក្រិដ្ឋកម្ម​ត្រូវ​ប្រយុទ្ធ​ដោយ​ការ​ស៊ើបអង្កេត ការ​ចាប់ខ្លួន ការ​បង្កក​ទ្រព្យសម្បត្តិ ការ​បត្យាប័ន ការ​សង្គ្រោះ​ជន​រង​គ្រោះ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ។

លោក នេត្រ ភក្ត្រា បាន​បន្ត​ថា online scams មិនមែន​ជា​អភ័យឯកសិទ្ធិ​ដែល​អនុញ្ញាត​សម្រាប់​ប្រើ​កម្លាំងយោធា​។ វា​មិន​អាច​ផ្តល់​សិទ្ធិ​ឱ្យ​រដ្ឋ​មួយ​ឆ្លង​ព្រំដែន ប្រើ​កម្លាំង ឬ​បង្កើត​ការ​គ្រប់គ្រង​ទឹកដី​ថ្មី​លើ​រដ្ឋ​មួយទៀត​បាន​ឡើយ​។ កាន់តែ​សំខាន់ ថៃ​មិន​អាច​បង្ហាញ​ខ្លួនឯង​ដូច​ជា​ស្ថិត​នៅ​ក្រៅ​បញ្ហា cyber scams និង​ការ​ជួញដូរ​មនុស្ស​ក្នុង​តំបន់ ហើយ​ចង្អុល​ម្រាមដៃ​មក​កម្ពុជា​តែ​ម្នាក់ឯង​បាន​ទេ​។

ឯកសារ​របស់​អង្គការសហប្រជាជាតិ​បាន​បង្ហាញ​ថា cyber scam operations និង​ការ​ជួញដូរ​មនុស្ស​ជា​បញ្ហា​ឆ្លង​ដែន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍​។ ឯកសារ​របស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ​ក៏​បាន​កត់ត្រា​ថា cyber scam compounds ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់ ខណៈ​ថៃ​ក៏​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ក្លាយជា​មជ្ឈមណ្ឌល​កាន់តែ​សំខាន់​មួយ​សម្រាប់​ការ​ជួញដូរ​មនុស្ស​។

UNODC ក៏​បាន​បង្ហាញ​ពី​តួនាទី​របស់​ថៃ​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន រួម​ទាំង​ការ​ផ្លាស់​ទី​មនុស្ស សម្ភារៈ និង​មូលនិធិ​របស់​បណ្តាញ​ឧក្រិដ្ឋកម្ម​។ អង្គហេតុ​ទាំងនេះ​មិនមែន​ដើម្បី​និយាយ​ថា ថៃ​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ scam ទាំង​អស់នោះ​ទេ​។ វា​បង្ហាញ​ចំណុច​សាមញ្ញ​មួយ​ថា​៖ online scams គឺជា​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន មិនមែន​ជា​បញ្ហា​របស់​កម្ពុជា​តែ​ម្នាក់ឯង​ឡើយ​។

ដូច្នេះ មុន​នឹង​យក​បញ្ហា scam មក​ធ្វើ​ជា​ឧបករណ៍​ចោទប្រកាន់​ប្រទេស​ជិតខាង ថៃ​គួរ​បង្ក្រាប និង​លាង​សម្អាត​បញ្ហា scam និង​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រព័ន្ធ​របស់​ខ្លួនឯង​ឱ្យ​បាន​ជ្រះ​ជា​មុន​សិន​។ ការ​ចង្អុល​ម្រាមដៃ​ទៅ​អ្នក​ដទៃ មិន​អាច​លាង​បញ្ហា​នៅ​ក្នុងផ្ទះ​ខ្លួនឯង​ឱ្យ​បាត់​បាន​ឡើយ​។
កម្ពុជា​មិន​ការពារ online scams ទេ​។ កម្ពុជា​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​គោលការណ៍​ដែល​ថា ខ្សែ​ព្រំដែន​មិន​អាច​កែប្រែ​ដោយ​កម្លាំង​បាន​ឡើយ​។

នេះ​ហើយ​ជា​មូលហេតុ​ដែល​ការ​ព្រមាន​របស់​សម្តេច​តេ​ជោ​អំពី «​យុទ្ធសាស្ត្រ​ហាន់​ចំណិត​សាច់ក្រក​» មាន​សារៈសំខាន់​។ ការ​កាប់​យក​ទឹកដី​មិន​ចាំបាច់​ធ្វើ​ក្នុង​ពេល​តែ​មួយ​នោះ​ទេ​។ វា​អាច​ចាប់ផ្តើម​ពី​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​បន្តិច​ម្តង​ៗ៖ ដាក់​ទ័ព រាយ​លួស​បន្លា ដាក់​ទូ​កុងតឺន័រ ជីក​លេណដ្ឋាន សាងសង់​ផ្លូវ ហើយ​បន្ទាប់​មក​ប្រើ​វត្តមាន​ដែល​បង្កើត​ឡើង​ដោយ​កម្លាំង​នោះ​ជា​អំណះអំណាង​សម្រាប់​ការ​គ្រប់គ្រង​ទឹកដី​។ ប៉ុន្តែ​ស្ថានភាព​ដែល​បង្កើត​ឡើង​ដោយ​កម្លាំង មិន​អាច​ជំនួស​ច្បាប់​បាន​ឡើយ ។ លួស​បន្លា​មិនមែន​ជា​ខ្សែ​ព្រំដែន​។ ទូ​កុងតឺន័រ​មិនមែន​ជា​បង្គោល​ព្រំដែន​។ លេណដ្ឋាន​មិនមែន​ជា​សន្ធិសញ្ញា​។ វត្តមាន​កងទ័ព​មិនមែន​ជា​អធិបតេយ្យភាព​។

នេះ​ក៏​ជា​ចំណុច​ដែល​ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​មាន​ទម្ងន់​កាន់តែ​ធ្ងន់​៖ ការ​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ដី​ដោយ​ឯកតោភាគី មិន​អាច​ត្រូវ​បាន​យក​មក​បង្កើត​សិទ្ធិ​ថ្មី​លើ​ទឹកដី ខណៈ​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ឡើយ​។ បើ​ថៃ​ពិតជា​ចង់​បង្ហាញ​ថា online scams មិនមែន​ជា​លេស​សម្រាប់​ការ​ឈ្លានពាន នោះ​ពាក្យ​បដិសេធ​មិន​គ្រប់គ្រាន់​ទេ​។

សូម​បំបែក scam ចេញពី​បញ្ហា​ព្រំដែន​។ សូម​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ដោយ​ច្បាប់​។ សូម​បញ្ឈប់​ការ​បង្កើត faits accomplis នៅ​លើ​ដី​។ ហើយ​សូម​ទុក​ឱ្យ​សន្ធិសញ្ញា ផែនទី ច្បាប់​អន្តរជាតិ និង​យន្តការ​ព្រំដែន​ដែល​មាន​ស្រាប់​ជា​អ្នក​ដោះស្រាយ​បញ្ហា​ព្រំដែន មិនមែន​កម្លាំងយោធា និង​សូមកុំ​ប្រើប្រាស់​បញ្ហា online scams ជា​លេស​ដើម្បី​បិទ​បាំង​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​ខ្លួន​។ ពាក្យ​សម្តី​អាច​បដិសេធ​បាន ប៉ុន្តែ​អង្គហេតុ​ដែល​បាន​កើតឡើង​នៅ​លើ​ដី យោធា​ថៃ​មិន​អាច​លុប​បំបាត់​បាន​ឡើយ​។