រាជធានីភ្នំពេញ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ តើនរណាគួរទទួលខុសត្រូវចំពោះការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវនៅពេលដែលព័ត៌មាន និងមាតិកាព័ត៌មានកំពុងរីកសាយភាយយ៉ាងលឿន? សំណួរនេះនឹងក្លាយជាចំណុចសំខាន់ នៃវេទិកាតុមូលមួយដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា និងក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ។

វេទិកាស្តីពី “ការប្រើភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ៖ នរណាជាអ្នកទទួលខុសត្រូវ?” នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ចាប់ពីម៉ោង៩ ដល់ម៉ោង១១ព្រឹក នៅរាជបណ្ឌិត្យសភាកម្ពុជា ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកផ្តួចផ្តើមវេទិកានេះបានថ្លែងថា កិច្ចពិភក្សាលើប្រធានបទនៃការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ ត្រូវបានធ្វើឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងមានឥទ្ធិពលកាន់តែខ្លាំងលើការប្រើប្រាស់ភាសារបស់សាធារណជន ។ ការផ្សព្វផ្សាយព័ត៌មានក្នុងល្បឿនលឿនតាមបណ្តាញឌីជីថល ក៏បានបង្កើតបញ្ហាប្រឈមថ្មីៗទាក់ទងនឹងអក្ខរាវិរុទ្ធ វេយ្យាករណ៍ ការប្រើពាក្យ និងការបង្កើតពាក្យថ្មី ។
វេទិកានឹងផ្តល់ឱកាសឱ្យអ្នកជំនាញភាសាខ្មែរ និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន អ្នកធ្វើមាតិកាព័ត៌មាន ពិភាក្សាអំពីបញ្ហាដែលកំពុងកើតមាន និងស្វែងរកវិធីធ្វើឱ្យការប្រើប្រាស់ភាសាខ្មែរមានភាពត្រឹមត្រូវ និងស្របតាមស្តង់ដារ ខណៈដែលភាសាក៏ត្រូវបន្តវិវត្តស្របតាមសង្គម និងបច្ចេកវិទ្យា ។
លោក ពុយ គា បានបន្ថែមថា៖ «ការពិភាក្សានេះគួរពង្រីកលើសពីវិស័យសារព័ត៌មាន ព្រោះថា ការប្រើប្រាស់ភាសាខ្មែរ គឺជាការទទួលខុសត្រូវរួមរបស់សង្គម រួមទាំង អ្នកនយោបាយ សិល្បៈ មន្ត្រីរាជការ អ្នកដឹកនាំស្ថាប័ន និងថ្នាក់ដឹកនាំជាតិ ដែលសារនិងសុន្ទរកថាទាំងអស់មានឥទ្ធិពលខ្លាំងលើសាធារណជន» ។
វាគ្មិនក្នុងវេទិកាដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ រួមមាន បណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាខ្មែរ និង លោក ជិន លន សាស្ត្រាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ។ វេទិកានឹងសម្របសម្រួលដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ។
ក្លិបអ្នកកាសែតកម្ពុជា រំពឹងថា កិច្ចពិភាក្សារវាងអ្នកជំនាញភាសា និងអ្នកសារព័ត៌មាន នឹងជួយបង្កើតការយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់ភាសាខ្មែរ ព្រមទាំងជំរុញឱ្យមានប្រភពយោង និងការណែនាំដែលអាចប្រើប្រាស់បានជាក់ស្តែង សម្រាប់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងសាធារណជន ៕

ចែករំលែកព័តមាននេះ