រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ព្រះរាជាណាចក្រកម្ពុជានឹងរងឥទ្ធិពលពីព្យុះចំនួន៣ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។

ក្រសួងធនធានទឹកបានប្រកាសនាព្រឹកថ្ងៃទី៣០ ខែសីហានេះថា ព្យុះទី២២ ឈ្មោះ អេតាវ (Etau) T2622 និងព្យុះទី២៣ ឈ្មោះ បាងឡាង(Bang-lang)T2623 រួមជាមួយនឹងព្យុះទី១៨ ឈ្មោះ សូដេល (Saudel)T2618 កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ៖
១. តំបន់វាលទំនាប មានសីតុណ្ហភាព ៖ មធ្យមអប្បបរមា២៥°C និងមធ្យមអតិបរមា ៣៦°C ។ បក់មកពីទិសនិរតី និងទិសពាយព្យ ល្បឿនមធ្យម ៧ ម៉ែត្រ/វិនាទី ។ ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង, តាកែវ, កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០% ។

២. តំបន់ខ្ពង់រាប មានសីតុណ្ហភាព មធ្យមអប្បបរមា ២៤°C និងមធ្យមអតិបរមា ៣៥°C ។ បក់មកពីទិសនិរតី និងទិសបស្ចិម ល្បឿនមធ្យម ៨ ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០% ។

៣. តំបន់មាត់សមុទ្រ មានសីតុណ្ហភាព មធ្យមអប្បបរមា ២៥°C និងមធ្យមអតិបរមា ៣៤°C ។ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿនមធ្យម ១០ ម៉ែត្រ/វិនាទី ។ ខេត្តកោះកុង, ព្រះសីហនុ, កំពត, កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៦០% ។ ចំពោះរលកសមុទ្រ៖ មានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ ៕


ចែករំលែកព័តមាននេះ