គ្រោះរាំងស្ងួតអូសបន្លាយ បង្កផលប៉ះពាល់ដល់ដំណាំស្រូវជាង៣ម៉ឺនហិកតា ក្នុងខេត្តកំពង់ស្ពឺ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ គ្រោះរាំងស្ងួត ឬហៅថា(កូនរដូវប្រាំង)បានបន្តអូសបន្លាយ បង្កឱ្យដំណាំស្រូវរបស់ប្រជាកសិករប្រមាណជាង ៣ម៉ឺនហិកតា នៅតាមបណ្តាក្រុង-ស្រុកចំនួន៧ នៃខេត្តកំពង់ស្ពឺ បានរងការខ្វះទឹក និងក្រៀមស្វិត ខណៈមន្ទីរជំនាញ ពាក់ព័ន្ធកំពុងអន្តរាគមន៍បូមទឹកទៅសង្គ្រោះ ដំណាំស្រូវដែលរងផលប៉ះពាល់ប្រមាណជិត ២០០ហិកតា។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោក យឹម ណន បានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះថា គិតមកដល់ពេលនេះ មន្ត្រីជំនាញពាក់ព័ន្ធ រួមមានមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បាននិងកំពុងមមាញឹកក្នុងការអន្តរាគមន៍ ដោយនាំទឹកទៅជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារតែឥទ្ធិពលព្យុះ (អេលនីញ៉ូ និងកូនរដូវប្រាំងវគ្គ២)។
លោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បានបន្តឱ្យដឹងថា ស្ថានភាពខាងលើបានបង្កឱ្យដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងក្រុង-ស្រុកចំនួន៧ នៃខេត្តកំពង់ស្ពឺ រងផលប៉ះពាល់ ក្នុងនោះមាន៖ ក្រុងច្បារមនចំនួន៦៦ហិកតា, ស្រុកបសេដ្ឋចំនួន ៤.៦២៣ហិកតា ក្នុងនោះ ១៥៦ហិកតា កំពុងស្តារឡើងវិញ, ស្រុកគងពិសីចំនួន៩.៩០៨ហិកតា, ស្រុកឱរ៉ាល់ ចំនួន៧៩៣ហិកតា, ស្រុកសំរោងទង ចំនួន៥.៧២៩ហិកតា, ស្រុកថ្ពងចំនួន ២.២០៤ហិកតា និងស្រុកសាមគ្គីមុនីជ័យចំនួន៩.១២៨ហិកតាផងដែរ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ លោក យឹម ណន បានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្ន មន្ទីរជំនាញទាំងពីរ បានដាក់ម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកពីប្រឡាយមេរលាំងជ្រៃខាងត្បូង បញ្ជូនទៅជួយសង្គ្រោះដំណាំស្រូវនៅស្រុកសំរោងទង ក្រុងច្បារមន និងផ្នែកខ្លះនៃស្រុកគងពិសី។ ដោយឡែក ប្រឡាយមេរលាំងជ្រៃខាងជើង ក៏កំពុងបញ្ជូនទឹកទៅផ្នែកខ្លះនៃស្រុកសំរោងទង និងក្រុងច្បារមនផងដែរ។ ចំណែកប្រភពទឹកពីស្ទឹងតូច និងស្ទឹងព្រែកត្នោត ក៏ត្រូវបានបូមទៅជួយសង្គ្រោះដំណាំស្រូវដែលរងផលប៉ះពាល់នៅតំបន់ក្បែរនោះផងដែរ។
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមទៀតថា ដំណាំស្រូវដែលខូចខាតទាំងស្រុងមានចំនួន ១៥៦ហិកតា គឺជាស្រូវដើមរដូវ ហើយមន្ត្រីជំនាញកំពុងខិតខំប្រឹងប្រែងអន្តរាគមន៍ ដើម្បីសង្គ្រោះ និងស្តារឡើងវិញឱ្យបានជាអតិបរមា។
សូមបញ្ជាក់ផងដែរថា ផែនការបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ មានចំនួន ១២០.៥២៧ហិកតា។ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ការអនុវត្តការព្រោះ និងស្ទូងស្រូវសម្រេចបានចំនួន ១២៧.៥៨៧ហិកតា ស្មើនឹង ១០៥,៨៦% នៃផែនការ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ កើនឡើងចំនួន ៨.២២៨ហិកតា៕










































ចែករំលែកព័តមាននេះ