ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរ គឺក្នុងទឹកដីកម្ពុជា ៖ ផែនទីសន្ធិសញ្ញា និងភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រូបភាព​នាយក​រដ្ឋមន្ត្រី​ថៃ លោក អនុ​ទី​ន ចាន់​វី​រៈ​គុល ឈរ​នៅ​តំបន់​អានសេះ កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦ អាច​ត្រូវ​បាន​ប្រើ ដើម្បី​បង្ហាញ​ពី​វត្តមាន​របស់​មន្ត្រីជាន់ខ្ពស់​ថៃ​នៅ​ទីនោះ ។ ប៉ុន្តែ​រូបភាព​មួយ​សន្លឹក​មិន​អាច​កំណត់​អធិបតេយ្យភាព​បាន​ទេ ។ នេះ​បើ​តាម​លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា ។

យោង​តាម​បណ្តាញ​សង្គម​របស់​លោក​បណ្ឌិត បាន​លើក​ឡើង​ថា ប៉ុន្តែ​តើ​ផ្អែក​លើ​អ្វី ដើម្បី​បញ្ជាក់​ទីតាំង​ដែល​នាយក​រដ្ឋមន្ត្រី​ថៃ​ឈរ​នោះ​ជា​ទឹកដី​កម្ពុជា0x017d7 គឺ​ឈរ​លើ​មូលដ្ឋាន​នៃ​សំណុំ​ឯកសារ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ ដែល​កម្ពុជា​បាន​យោង​ដូច​ជា អនុសញ្ញា សន្ធិសញ្ញា ផែនទី គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​បំផុត​«​ទីតាំង​ដែល​នាយក​រដ្ឋមន្ត្រី អនុ​ទី​ន បាន​ឈរ​នោះ គឺ​ស្ថិត​នៅ​តំបន់​អានសេះ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។

ដូច្នេះ បញ្ហា​មិនមែន​ថា​លោក អនុ​ទី​ន អាច​ទៅ​ដល់ទី​នោះ​បាន ឬ​អត់​នោះ​ទេ ។ បញ្ហា គឺថា​«​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​មួយ​បាន​ចូល​ទៅ​កាន់​ទីតាំង​ស្ថិត​ក្នុង​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋ​ម្ចាស់​អធិបតេយ្យភាព​» ។ នេះ​ជា​មូលហេតុ​ដែល​កម្ពុជា ត្រូវ​តែ​តវ៉ា​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ចំពោះ​សកម្មភាព​ខុសច្បាប់​នេះ បន្ថែម​ពី​អ្វី​ដែល​យោធា​ថៃ​បាន​ឈ្លានពាន​ទឹកដី​កម្ពុជា បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល និង​ការ​កែប្រែ​ស្ថានភាព​ដើម fait accompli នា​ពេល​កន្លង​ទៅ ។

ព្រំដែន​កម្ពុជា​-​ថៃ មិន​ត្រូវ​បាន​កំណត់ នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦ ដោយ​វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី​មក​ឈរ​ទីនោះ​ដើម្បី​ប្រថាប់ត្រា​ថា ជា​ទឹកដី​ថៃ ឬ​វត្តមាន​យោធា​ថៃ​នៅ​ឈរជើង​ទីនោះ​ទេ ។ មូលដ្ឋាន​គតិ​យុ​ត្ត​ដែល​កម្ពុជា​យោង​ក្នុង​បញ្ហា​ព្រំដែន​នេះ មាន​ប្រភព​ពី​អនុសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ ការងារ​របស់​គណៈកម្មការ​កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម ផែនទី​ខ្នាត​១:២០០.០០០ ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​កំណត់ព្រំដែន​នោះ និង​ឯកសារ​ព្រំដែន​ពាក់ព័ន្ធ ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ ជា​ពិសេស គឺ​សូ​ម្បី​តែ​ផែនទី​ស៊េរី L7017 ខ្នាត​១:៥០.០០០ ដែល​ភាគី​ថៃ ប្រើប្រាស់​ដោយ​ឯកតោភាគី ហើយ​ដែល​កម្ពុជា មិន​ទទួលស្គាល់​ជា​មូលដ្ឋាន​គតិ​យុ​ត្ត​សម្រាប់​ការ​កំណត់ព្រំដែន​ក៏​បង្ហាញ​ទីតាំង​ដែល​ត្រូវ​បាន​សម្គាល់ថា ជាទី​តាំង​ដំណើរ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ស្ថិត​នៅ​ខាង​កម្ពុជា នៃ​ខ្សែ​ដែល​បង្ហាញ​លើ​ផែនទី​នោះ​ដែរ ។ នៅ​ពេល​យក​ខ្សែ​ព្រំដែន​ដែល​កម្ពុជា​យោង​ពី​ផែនទី​ខ្នាត ១:២០០.០០០ មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី L7017 និង​ទីតាំង​ជាក់ស្តែង​ដែល​បាន​សម្គាល់​លើ​រូបភាព​ផ្កាយ​រណប ទីតាំង​នោះ​ត្រូវ​បាន​បង្ហាញ​នៅ​ខាង​កម្ពុជា​នៃ​ខ្សែ​ទាំង​ពីរ ។

ដូច្នេះ បញ្ហា​ដែល​ភាគី​ថៃ ត្រូវ​ឆ្លើយ​មិនមែន​ថា នាយក​រដ្ឋមន្ត្រី​ថៃ បាន​ទៅ​ដល់ទី​នោះ​ដោយ​របៀប​ណា​ទេ ប៉ុន្តែ​តើ​មាន​ផែនទី សន្ធិសញ្ញា ឬ​មូលដ្ឋាន​គតិ​យុ​ត្ត​ណា ដែល​អាច​បង្ហាញ​ថា ទីតាំង​នោះ​ស្ថិត​ក្រោម​អធិបតេយ្យភាព​ថៃ0x017d7 បើ​ភាគី​ថៃ​អះអាង​ថា​ទីតាំង​នោះ​ជា​ទឹកដី​ថៃ នោះ​ភាគី​ថៃ ត្រូវ​បង្ហាញ​មូលដ្ឋាន​គតិ​យុ​ត្ត ដែល​គាំទ្រ​ការ​អះអាង​របស់​ខ្លួន​នោះ ។ ការ​អះអាង​តែ​មាត់ទទេ ដោយ​គ្មាន​មូលដ្ឋាន​គតិ​យុ​ត្ត មិន​អាច​យក​ជា​ការ​បាន​ឡើយ ហើយ​ក៏​ការ​កាន់កាប់​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់​មិនមែន​ក្លាយជា​ស្របច្បាប់ ដោយសារ​តែ​វា​ត្រូវ​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ឡើយ ។

ការ​ដែល​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​មួយ អាច​ទៅ​ឈរ​នៅ​ទីតាំង​ណាមួយ មិន​មាន​ន័យ​ថា ទីតាំង​នោះ​ជា​ទឹកដី​របស់​ប្រទេស​នោះ​ទេ ហើយ​ត្រូវ​បែងចែក​ឱ្យ​ច្បាស់​រវាង​ការ​កាន់កាប់​ទឹកដី​ដោយ​ខុសច្បាប់ និង​សិទ្ធិ​អធិបតេយ្យភាព​តាម​ច្បាប់ ។ បើ​មានការ​ខ្វែងគំនិត​ត្រូវ​យក​ទៅ JBC មិនមែន​យក​វត្តមាន​យោធា​មក​កំណត់ ព្រំដែន និង​ការ​កែប្រែ​ស្ថានភាព​ដើម​នោះ​ទេ ។ ថៃ​តែងតែ​អះអាង​ថា កុងតឺន័រ និង​បន្លា​លួស មិនមែន​ជា​ខ្សែ​ព្រំដែន​ទេ ហើយ​នាយក​រដ្ឋមន្ត្រី​អនុ​ទី​ន ចូល​មក​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​តំបន់​អានសេះ ក៏​មិនមែន​ជា​ការ​មក​បោះបង្គោល​ព្រំដែន​ទេ ហើយ​ថៃ​អះអាង​ម្តង​ហើយ​ម្តងទៀត​ថា យក​យន្តការ JBC មក​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​ដែល​មាន ។

កម្ពុជា និង​ថៃ មាន​យន្តការ​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​រួច​ហើយ ។ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ ស្តី​ពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក និង​យន្តការ JBC បាន​បង្កើត​ក្រប​ខណ្ឌ​សម្រាប់​ភាគី​ទាំង​ពីរ​ធ្វើការ​លើ​បញ្ហា​ព្រំដែន ។ ប្រសិនបើ​ភាគី​ថៃ ពិតជា​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​តាម​យន្តការ JBC ដូចដែល​ខ្លួន​បាន​អះអាង​ជា​បន្តបន្ទាប់ នោះ​ការ​ប្តេជ្ញា​ចិត្ត​នេះ គួរ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​សកម្មភាព​ជាក់ស្តែង ។

ភាគី​ថៃ​គួរ​បង្ហាញ​ភាព​ស្មោះត្រង់ និង​សុ​ឆន្ទៈ ដោយ​ទទួលយក​សំណើ​ដែល JBC កម្ពុជា បាន​ស្នើ​កោះ​ប្រជុំ​មិន​តិច​ជាង ៩ ដង​មក​ហើយ​ទេ ស្រប​តាម​ចំណុច​ទី​៣ នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។ ប៉ុន្តែ​ថៃ​តែងតែ​រក​លេស​ពន្យារពេល​ពី​មួយ​ទៅ​មួយ​រហូត​មក​ទល់​នឹង​ពេល​នេះ ។ សេចក្តីថ្លែងការណ៍​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក៏​បាន​បញ្ជាក់​ថា ការ​រៀបចំ​ក្រោម​សេចក្តីថ្លែងការណ៍​នោះ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ខណ្ឌសីមា និង​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​បាន​ប្រគល់​ភារកិច្ច​ឱ្យ JBC បន្ត​ការ​វាស់វែង និង​ខណ្ឌសីមា ។

ការ​តវ៉ា​របស់​កម្ពុជា​ក៏​មាន​សារៈសំខាន់​ផ្នែក​ច្បាប់ ព្រោះ​វា​កត់ត្រា​យ៉ាង​ច្បាស់​ថា កម្ពុជា​មិន​យល់ព្រម មិន​ទទួលស្គាល់ និង​មិន​អនុញ្ញាត​ឱ្យ​វត្តមាន​របស់​ថៃ​ត្រូវ​បាន​យក​ទៅ​បកស្រាយ​នៅ​ពេល​ក្រោយ​ថា កម្ពុជា​បាន​ទទួលយក​ស្ថានភាព​នោះ​ទេ ។ កម្ពុជា​បាន​បង្ហាញ​គោល​ជំហរ​ផ្លូវការ​ដាច់ខាត មិន​ទទួលស្គាល់​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន ដោយ​ប្រើប្រាស់​កម្លាំង​ឡើយ ។

លោក​បណ្ឌិត​ថា ទីតាំង​ដែល​លោក អនុ​ទី​ន ឈរ ត្រូវ​វាស់​តាម​ផែនទី និង​ឯកសារ​ព្រំដែន មិនមែន​វាស់​តាម​ទង់ជាតិ ឬ​វត្តមាន​យោធា​ឡើយ ។ ការ​គ្រប់គ្រង​ជាក់ស្តែង មិន​ស្មើនឹង​អធិបតេយ្យភាព​តាម​ច្បាប់ ហើយ​ស្ថានភាព​ដែល​បង្កើត​ដោយ​ឯកតោភាគី មិន​អាច​ជំនួស​ដំណើរការ​ខណ្ឌសីមា ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​បាន​ឡើយ ។ ប្រសិនបើ​ថៃ អះអាង​ថា ទីតាំង​ដែល​លោក អនុ​ទី​ន ឈរ​នោះ​ជា​ទឹកដី​ថៃ ចម្លើយ​មិន​អាច​ជា​រូបថត​របស់​នាយក​រដ្ឋមន្ត្រី ទង់ជាតិ កុងតឺន័រ ឬ​កងទ័ព​បាន​ទេ ។ ចម្លើយ​ត្រូវ​តែ​ជា​មូលដ្ឋាន​គតិ​យុ​ត្ត ផែនទី និង​ឯកសារ​ព្រំដែន ដែល​អាច​ផ្ទៀងផ្ទាត់​បាន ។ ហើយ​ការ​ដោត​ទង់ជាតិ ការ​ដាក់​កម្លាំងយោធា ឬ​ការ​កែប្រែ​ស្ថានភាព​ដើម តាម​រយៈ​សកម្មភាព​សាងសង់​ផ្សេង​ៗ ក៏​មិន​អាច​ផ្លាស់​ប្តូរ​អធិបតេយ្យភាព​តាម​ច្បាប់​បាន​ឡើយ ។ ប៉ុន្តែ​បាន​បង្ហា​ពី​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា​យ៉ាង​ច្បាស់​ក្រឡែត ៕