បុ.កគ្នាស្លា.ប់ និងរបួ.ស ៧ឆ្នាំហើយ មិនទាន់បានយុត្តិធម៌
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ គ្រួសាររងគ្រោះបានដង្ហោយរកយុត្តិធម៌រយៈពេល ៧ឆ្នាំហើយ ក្រោយពីជួបឧបទ្ទវៈហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ២នាក់ និងរបួសធ្ងន់ ១នាក់ ជាវេជ្ជបណ្ឌិតបានក្លាយខ្លួនជាជនពិការ និងក្លាយជាមនុស្សរុក្ខជាតិ ដែលរស់នៅភូមិប៉ាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ក្រោយពីបណ្តាញសង្គមបានបង្ហោះព្រោងព្រាត រឿងលោកវេជ្ជបណ្ឌិត កែវ បញ្ញា (ជានិសិត្សពេទ្យថ្នាក់ឧត្តមជំនាន់ទី ៣៨ បានក្លាយជាមនុស្សរុក្ខជាតិ) ក្រោយជួបឧបទ្ទវហេតុ និងស្លាប់ស្រី ២នាក់ទៀត បានរងអយុត្តិធម៌រយៈពេល ៧ឆ្នាំមកហើយ ដែលជនបង្កត្រូវបានគេចខ្លួន ហើយមិនទាន់បានទទួលសំណងនៅឡើយ ។
ស្ត្រីឈ្មោះ ងួន ស៊ីណេត បានរៀបរាប់ទាំងទឹកភ្នែកតាមបណ្តាញសង្គមថា សុំអង្វរ និងលន់តួដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីច្បាប់ មេត្តាជួយរកយុត្តិធម៌ជូនគ្រួសារគាត់ផង ព្រោះរយៈពេលជាង ៧ឆ្នាំមកហើយដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ បង្កឱ្យមានអ្នកស្លាប់ ២នាក់ ៖
១-ឈ្មោះ កែវ នេត្រា ភេទស្រី អាយុ ២១ឆ្នាំ ត្រូវជាកូន (ស្លាប់) ។
២-ឈ្មោះ យ៉ាត ម៉ារីណា ភេទស្រី អាយុ ២១ឆ្នាំ ត្រូវជាកូនលោក យ៉ុត ម៉ៃយ៉ាន មានតួនាទីជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត (ស្លាប់) ។
៣-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ ៣៨ឆ្នាំ (ជានិសិត្សពេទ្យថ្នាក់ឧត្តមជំនាន់ទី ៣៨ របួសធ្ងន់ពេលនេះក្លាយជាមនុស្សរុក្ខជាតិ) ។
យោងតាមកំណត់ហេតុ គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៩នៅវេលាម៉ោង ៦ និង ៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៨-៣៧៩ ស្ថិតក្នុងភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបង្កដោយរថយន្ត ១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២A-០៣៩២ បើកបរក្នុងទិសដៅពីលិចមកកើត បានរេចង្កូតទៅបុករថយន្តម៉ាកគាវីស្តូន ពាក់ផ្លាកលេខ ភ្នំពេញ T៦៧៣២ ដែលបើកបរទិសដៅបញ្ច្រាសគ្នាពីកើតមកលិច បណ្តាលមានអ្នកស្លាប់ និងរបួស៣នាក់ ខណៈពេលជនរងគ្រោះត្រឡប់មកពីភ្នំពេញ ដើម្បីមកលេងផ្ទះនៅក្រុងប៉ោយប៉ែត ។
ស្ត្រីឈ្មោះ ងួន ស៊ីណេត បញ្ជាក់ថា ជាការពិត ជនបង្កមានឈ្មោះ រិន សា ភេទប្រុស អាយុ ២៣ឆ្នាំ (ជាអ្នកបើករថយន្ត) ដែលរស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ចិត្ត សម្ព័ន្ធ ភេទប្រុស អាយុ ៥០ឆ្នាំ (ជាព្រូរថយន្ត) ។
នៅពេលបង្កគ្រោះថ្នាក់ គឺរងរបួសទាំង ២នាក់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ដែលនៅអគារសង្គ្រោះបន្ទាន់ ដេកគ្រែក្បែរគ្រែកូនរបស់គាត់រងរបួសធ្ងន់ឈ្មោះ កែវ បញ្ញា តែរបាយការណ៍សមត្ថកិច្ចថា ជនបង្ក និងអ្នករួមដំណើរ ត្រូវបានគេចខ្លួនទៅវិញ ។
ចំណែកសាលក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបើកសវនាការកាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ និងប្រកាសសាលក្រមនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ ដោយបង្គាប់ឱ្យឈ្មោះ រិន សា សងសំណងទៅដើមបណ្តឹងរដ្ឋប្បវេណី ១-ឈ្មោះ ងួន ស៊ីណេត ទឹកប្រាក់ចំនួន ២២០ ០០០ ០០០រៀល (ពីររយម្ភៃលានរៀល) ។ ២-ឈ្មោះ យ៉ុត ម៉ៃយ៉ាន ទឹកប្រាក់ចំនួន ១០០ ០០០ ០០០រៀល (មួយរយលានរៀល) ។ មកដល់ពេលនេះ ថវិកាសំណងមិនទាន់បានទទួលនៅឡើយ ហើយអ្នកបង្កកំពុងគេចខ្លួន វាជារឿងអយុត្តិធម៌ពេករយៈពេល ៧ឆ្នាំហើយ ៕









ចែករំលែកព័តមាននេះ