សម្រេចចិត្តរក្សាភាពស្ងៀមស្ងាត់៖ លោក កឹម សុខា ប្រកាស «ទៅបួសសងគុណម្ដាយ» ភ្លាមៗ ក្រោយសមត្ថកិច្ចប្រគល់លិខិតសេរីភាពដល់ផ្ទះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានយកលិខិតទៅជូនលោកនៅគេហឋានផ្ទាល់ក្នុងខណ្ឌទួលគោក ដើម្បីបញ្ជាក់ថា លោកចាប់ផ្តើមមានសេរីភាពវិញហើយ ។ លោក កឹម សុខា ក៏បានថ្លែងថា ឥឡូវនេះ ចាប់ផ្តើមមានសេរីភាពវិញហើយ ។

ជាងនេះទៅទៀត លោកបានបញ្ជាក់ថា មិនទាន់អាចនិយាយជាមួយអ្នកសារព័ត៌មានបានទេ «ខ្ញុំចង់រក្សាភាពស្ងៀមស្ងាត់ ដោយសារខ្ញុំមានទុក្ខធំ ម្តាយឈឺ និងទី២ ខ្ញុំនឹងទៅបួសសងគុណម្តាយ» ។ យោងតាមព្រះរាជក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI «អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ ។
ព្រះរាជក្រឹត្យបានបន្ថែមថា ការលើកលែងទោសនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

គួររំលឹកថា កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមកាត់ទោសលោកកឹម សុខាដាក់ពន្ធនាគារ២៧ឆ្នាំ ដកសិទ្ធិធ្វើនយោបាយ និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ។ មេដឹកនាំអតីតបក្សប្រឆាំងរូបនេះត្រូវផ្តន្ទាទោសក្នុងបទសន្និដ្ឋិភាពជាមួយបរទេសតាមមាត្រា៤៣៩ និងមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវសមត្ថកិច្ចចូលចាប់ដល់គេហដ្ឋាននៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១២រំលងអធ្រាត្រ ។

ចែករំលែកព័តមាននេះ