ប្រទេសវៀតណាម៖ កម្លាំងនគរបាលសេដ្ឋកិច្ចនៃទីក្រុងហូជីមិញបានបើកប្រតិបត្តិការឆ្មក់បង្ក្រាប និងចាប់ខ្លួនប្ដីប្រពន្ធមួយគូពីបទរំលោភបំពានសិទ្ធិកម្មសិទ្ធិបញ្ញាឧស្សាហកម្ម តាមរយៈការបើកហាងលក់ទំនិញក្លែងក្លាយម៉ាកល្បីៗលំដាប់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress នៅថ្ងៃទី២៥ ខែឧសភានេះ។
នៅក្នុងការចុះឆែកឆេរហាងយីហោ «Chi Phat LUXURY» អាជ្ញាធរបានរកឃើញ និងរឹបអូសទំនិញខុសច្បាប់ជិត ២,០០០មុខ រួមមានសម្លៀកបំពាក់ ស្បែកជើង កាបូប និងនាឡិកាដៃ ដែលក្លែងបន្លំម៉ាកល្បីៗដូចជា Gucci, Louis Vuitton, Dior, Hermès និង Rolex ដោយគ្មានវិក្កយបត្រ ឬឯកសារបញ្ជាក់ប្រភពច្បាប់ឡើយ ដែលគិតជាតម្លៃលក់រាយបឋមមានទំហំជាង ៣៩,០០០ដុល្លារអាម៉េរិក។
តាមការស៊ើបអង្កេតបានបង្ហាញថា ប្ដីប្រពន្ធគូនេះបានដំណើរការអាជីវកម្មទុច្ចរិតនេះតាំងពីដើមឆ្នាំ២០២១ ដោយបានទិញទំនិញក្លែងក្លាយទាំងនោះពីបណ្ដាញសង្គម ហើយយកមកបោះដុំនិងលក់រាយបន្តយ៉ាងសកម្មនៅលើហ្វេសប៊ុក ហ្សាឡូ និងទិកតុក ។ ផ្អែកលើទិន្នន័យធនាគារ និងគណនេយ្យបានបង្ហាញថា គ្រាន់តែគិតចាប់ពីដើមឆ្នាំ២០២៤ មកទល់ពេលចាប់ខ្លួន ពួកគេអាចរកចំណូលបានរហូតដល់ទៅប្រហែល ១៧០,៧០០ដុល្លារអាម៉េរិកពីការលក់ផលិតផលក្លែងក្លាយទាំងនេះ ខណៈបច្ចុប្បន្នសមត្ថកិច្ចកំពុងពង្រីកការស៊ើបអង្កេតដើម្បីស្វែងរកខ្សែបណ្តាញពាក់ព័ន្ធផ្សេងទៀត៕
ចែករំលែកព័តមាននេះ