ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើងនៅហ្វីលីពីនផ្ទុះ បង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនក្នុងរង្វង់ ៦គីឡូម៉ែត្រ

2 ម៉ោង មុន

ប្រទេសហ្វីលីពីន៖ ភ្នំភ្លើង Mayon ដែលស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មបំផុតរបស់ហ្វីលីពីន បានផ្ទុះបញ្ចេញផ្សែង និងផេះខ្មៅឡើងលើអាកាសក្នុងកម្ពស់ប្រមាណ ៣.០០០ម៉ែត្រ ​ដោយការផ្ទុះមានរយៈពេលជិត ៦នាទី។ អាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្នពីលេខ២ ដល់លេខ៣ និងអំពាវនាវឱ្យជម្លៀសប្រជាជនក្នុងរង្វង់ ៦គីឡូម៉ែត្រពីមាត់ភ្នំភ្លើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ CNA នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានឱ្យដឹងថា ផ្សែង និងផេះភ្នំភ្លើងបានរសាត់ទៅទិសនិរតី សំដៅតំបន់ដែលមានប្រជាជនរស់នៅ។ អាជ្ញាធរបានព្រមានពីហានិភ័យនៃលំហូរភ្នំភ្លើងក្តៅ កម្អែលភ្នំភ្លើង និងការធ្លាក់ថ្មពីជម្រាលភ្នំ ព្រមទាំងណែនាំឱ្យយន្តហោះជៀសវាងការហោះហើរនៅក្បែរតំបន់នេះ។

ទោះជាមានការផ្ទុះក៏ដោយ គិតត្រឹមពេលចុះផ្សាយ មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ របួស ឬការខូចខាតទ្រព្យសម្បត្តិនៅតំបន់ជុំវិញនៅឡើយទេ។ ភ្នំភ្លើង Mayon មានកម្ពស់ ២.៤៦២ម៉ែត្រ និងស្ថិតនៅចម្ងាយប្រមាណ ៣៣០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងម៉ានីល។

គួរបញ្ជាក់ថា ហ្វីលីពីនស្ថិតនៅតំបន់ «រង្វង់ភ្លើងប៉ាស៊ីហ្វិក» ដែលមានសកម្មភាពរញ្ជួយដី និងភ្នំភ្លើងជាញឹកញាប់។ កាលពីខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរធ្លាប់ជម្លៀសប្រជាជនជាង ១២.០០០នាក់ដែលរស់នៅតាមជម្រាលភ្នំ Mayon ទៅកាន់មណ្ឌលសុវត្ថិភាព ដើម្បីគេចពីផេះ និងឧស្ម័នដែលបញ្ចេញពីមាត់ភ្នំភ្លើង៕