ទីក្រុងហាណូយ ៖ ទំហំពាណិជ្ជកម្មទំនិញសរុបរបស់ប្រទេសវៀតណាម បានកើនឡើងលើសពី ១ ទ្រីដុល្លារសហរដ្ឋអាមេរិកជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Vietnam Express (VnExpress)។
យោងតាមរបាយការណ៍ពីនាយកដ្ឋានគយវៀតណាម បានបង្ហាញថា ការនាំចេញមានតម្លៃរហូតដល់ ៤៩៣ ពាន់លានដុល្លារ ពោលកើនឡើង ២៧,២% បើធៀបនឹងឆ្នាំមុន។ ចំណែកការនាំចូលវិញ ក៏បានកើនឡើងដល់ ៣៧,៦% រហូតដល់ជិត ៥០៨ ពាន់លានដុល្លារ ហើយដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ ទើបបានធ្វើឱ្យមានឱនភាពពាណិជ្ជកម្មមានចំនួន ១៤,០២ ពាន់លានដុល្លារដុល្លារ។
តួលេខពាណិជ្ជកម្មជាកំណត់ត្រានេះ បានហក់លើសតម្លៃសរុបពេញមួយឆ្នាំ ២០២៥ ដែលមានចំនួនត្រឹម ៩៣០ ពាន់លានដុល្លារប៉ុណ្ណោះ ដ្បិតនៅសល់ពេល ២ ខែទៀត ទើបដាច់ឆ្នាំ ២០២៦។ នាយកដ្ឋានគយវៀតណាមបានព្យាករណ៍ថា ការនាំចេញនឹងកើនលើសពី ២៥% សម្រាប់ពេញមួយឆ្នាំ ២០២៦ ដែលខ្ពស់ជាងគោលដៅរដ្ឋាភិបាលដែលកំណត់ត្រឹម ១៥ ទៅ ១៦%។
កំណើននៅក្នុងឆ្នាំនេះ បានរុញច្រានជាចម្បងដោយបណ្តាក្រុមហ៊ុនមានម្ចាស់ជាជនបរទេស ដែលរួមចំណែកដល់ទៅ ៧៧៨ ពាន់លានដុល្លារ នៃតួលេខពាណិជ្ជកម្មសរុប ពោលកើនឡើង ៣៧% ធៀបនឹងឆ្នាំមុន។ ចំណែកក្រុមហ៊ុនក្នុងស្រុកវិញ សម្រេចបាន ២២៣ ពាន់លានដុល្លារ ដែលកើនឡើង ១៦%។
កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់របស់វា, ទូរស័ព្ទ និងគ្រឿងបន្លាស់ ព្រមទាំងគ្រឿងម៉ាស៊ីន គ្រឿងបរិក្ខារ និងគ្រឿងបន្លាស់ គឺជាមុខទំនិញជួញដូរធំជាងគេបំផុតទាំង ៣ របស់វៀតណាម។ ប្រទេសចិន និងសហរដ្ឋអាមេរិក នៅតែបន្តជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាម។ ស្របពេលការនាំចេញទៅកាន់ទីផ្សារមួយចំនួនដែលវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានកើនឡើងយ៉ាងគំហុក រួមមាន មិកស៊ិក, កូរ៉េខាងត្បូង, ជប៉ុន និងកាណាដា។ ដ្បិតបច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេស និងដែនដីចំនួន ២៣៧ ៕


ចែករំលែកព័តមាននេះ