ប្រទេសថៃ ៖ ប្រទេសថៃបានសម្រេចផ្អាកការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែនក្រៅផ្លូវការ ឬច្រករបៀងក្នុងស្រុក Mae Sot និងស្រុក Phop Phra ខេត្ត Tak រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាប់ព្រំដែន កាលពីថ្ងៃទី២៩ ខែតុលា បានបណ្តាលឱ្យគ្រាប់ និងអំបែងគ្រាប់ខ្ទាតចូលទឹកដីខ្លួន និងធ្វើឱ្យពលរដ្ឋម្នាក់រងរបួស។
បទបញ្ជាបន្ទាន់នេះ ត្រូវបានចេញដោយកងកម្លាំង Naresuan របស់ថៃ បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងឧទ្ទាមជនជាតិភាគតិចការ៉ែន នៅក្នុងតំបន់ Myawaddy។ ការប្រយុទ្ធនោះ បានបណ្តាលឱ្យគ្រាប់ និងអំបែងគ្រាប់ធ្លាក់ចូលទឹកដីថៃលើភូមិ Ban Huai Mahawong ស្រុក Mae Sot ខេត្ត Tak បង្កឱ្យពលរដ្ឋថៃម្នាក់រងរបួស។ ការធ្លាក់គ្រាប់ផ្លោងពីខាងមីយ៉ាន់ម៉ា បានបង្កជាអគ្គិភ័យ និងធ្វើឱ្យខូចខាតផ្ទះសម្បែងពលរដ្ឋថៃអស់ជាង ២០ ខ្នង ដែលជំរុញឱ្យអ្នកភូមិជាច្រើននាក់រត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាពទាំងភ័យស្លន់ស្លោ។
កងកម្លាំងពិសេស Ratchamanu នៃកងទ័ពភូមិន្ទថៃ បានបាញ់គ្រាប់ផ្សែង និងគ្រាប់ពន្លឺព្រមានតបតទៅវិញភ្លាមៗ ព្រមទាំងបានពង្រឹងកម្លាំងការពារតាមបណ្តោយព្រំដែន និងប្រកាសត្រៀមខ្លួនចាត់វិធានការឆ្លើយតបខ្លាំងក្លាជាងនេះ ទៅតាមវិធាននៃការប្រយុទ្ធ ប្រសិនបើនៅតែមានគ្រាប់ធ្លាក់ចូលមកដីថៃទៀត។
ការផ្អាកការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែននេះ អនុវត្តចំពោះតែច្រករបៀង ឬផ្លូវឆ្លងកាត់ក្រៅផ្លូវការទាំងអស់ស្ថិតនៅភាគខាងត្បូង ស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ ឆ្លងកាត់ទន្លេ Moei ស្រុក Mae Sot និងលាតសន្ធឹងទៅដល់ផ្នែកខ្លះនៃស្រុក Phop Phra ខេត្ត Tak។ អាជ្ញាធរថៃបានសង្កត់ធ្ងន់ថា នេះជាការបិទតែច្រកឆ្លងកាត់ក្រៅផ្លូវការ (ច្រកតូចៗ) តែប៉ុណ្ណោះ មិនមែនជាការបិទច្រកទ្វារព្រំដែនផ្លូវការទាំងស្រុងរវាងថៃ-មីយ៉ាន់ម៉ានោះទេ។
ក្រៅពីការការពារសុវត្ថិភាព និងទ្រព្យសម្បត្តិពលរដ្ឋនៅតាមព្រំដែន បទបញ្ជានេះក៏មានគោលបំណងពង្រឹងសន្តិសុខព្រំដែន និងបង្ការការលួចលាក់ដឹកស្បៀងអាហារ ឬសម្ភារផ្គត់ផ្គង់ឆ្លងដែនតាមផ្លូវខុសច្បាប់ ដែលអាចយកទៅគាំទ្រដល់ភាគីជម្លោះណាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ស្របពេលជាមួយគ្នា កងកម្លាំងការពារព្រំដែនថៃបានបង្កើនការល្បាត ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីតាមដានស្ថានការណ៍ និងត្រៀមលក្ខណៈឆ្លើយតបចំពោះផលប៉ះពាល់ណាមួយចូលមកក្នុងទឹកដីរបស់ខ្លួនផងដែរ។
ដោយឡែក នៅព្រឹកថ្ងៃទី៣០ ខែតុលា លោក អានុទីន ឆានវីរៈកុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានថ្លែងពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាថា លោកបានជូនដំណឹងទៅកាន់មេដឹកនាំមីយ៉ាន់ម៉ារួចហើយ ប្រសិនបើគ្មានចាត់វិធានការណាមួយទេ នោះថៃនឹងចាំបាច់ក្នុងការបង្កើនវិធានឆ្លើយតប ដើម្បីការការពារខ្លួន៕ ប្រភព ៖ Nation Thailand, Khaosod និង Thairath





ចែករំលែកព័តមាននេះ