ទឹកជំនន់ឆ្នាំនេះ ធ្វើឱ្យប៉ះពាល់ទៅដល់ ៧ខេត្ត/ក្រុង ធ្វើឱ្យពលរដ្ឋប្រមាណជា១២ម៉ឺនគ្រួសាររងប៉ះពាល់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ទឹកជំនន់ឆ្នាំនេះ ធ្វើឱ្យប៉ះពាល់ទៅដល់ ៧ខេត្ត/ក្រុង ក្នុងនោះមានពលរដ្ឋប្រមាណជា១២ម៉ឺនគ្រួសាររងប៉ះពាល់ ។

ក្នុងឱកាសនៃការជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានលើកឡើងថា ឆ្នាំនេះយើងមានបញ្ហាពីរទាក់ទងទៅនឹងទឹកជំនន់នោះ គឺទឹកភ្លៀង និងទឹកទន្លេឡើង ពេលជាមួយគ្នា ដែលធ្វើឱ្យប៉ះពាល់ទៅដល់៧ខេត្ត/ក្រុង ក្នុងនោះមានពលរដ្ឋប្រមាណជា១២ម៉ឺនគ្រួសារ បានទទួលរងផលប៉ះពាល់ ហើយក្នុងចំណោម១២ម៉ឺនគ្រួសារនេះ មាននៅខេត្តបាត់ដំបងមានជាង ៦ម៉ឺនគ្រួសារ ដែលមានន័យថា នៅខេត្តបាត់ដំបងមានពលរដ្ឋរងគ្រោះជាង៥០% បើប្រៀបធៀបនៅទូទាំងប្រទេស ។

សម្តេចធិបតី នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វត្តមានរបស់សម្តេច និងមន្ត្រីអមដំណើរនាពេលនេះ គឺចង់បង្ហាញអំពីការគិតគូររបស់រាជរដ្ឋាភិបាលនៅគ្រប់ថ្នាក់ នៅក្នុងពេលនៃការលំបាក ដោយរាជរដ្ឋាភិបាលអត់ចោលប្រជាពលរដ្ឋសោះហើយ ។ សម្តេចបានបន្ថែមថា ក្នុងមួយឆ្នាំនេះ អ្នកព្រំដែនកម្ពុជាថៃ យើងអាចនិយាយបានថា ទទួលរងទុក្ខផ្ទួនៗ ចាប់ផ្ដើមពីរឿងការបិទព្រំដែន សង្គ្រាមឈ្លានពានតាមព្រំដែន រហូតមកដល់ទឹកជន់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្តេចសូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះភាពរឹងមាំរបស់ប្រជាពលរដ្ឋរបស់យើង ។

ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រីបានឱ្យដឹងថា សម្តេចធ្លាប់បានជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកបន្ទាយមានជ័យ អ្នកប៉ោយប៉ែតថ្ងៃមុន ក្នុងពេលទឹកជំនន់ទោះបីជាឆ្លងកាត់សង្គ្រាម គ្រាប់ផ្លោងថ្មីៗនេះ គ្រោះថ្នាក់ទឹកជំនន់ ដែលធ្វើឱ្យខូចខាតផ្ទះសម្បែង ខូចខាតដំណាំ ប៉ុន្តែស្មារតីរឹងមាំរបស់ពួកគាត់ គឺនៅតែរឹងមាំនៅចំពោះរាល់ការលំបាក ដែលនេះ គឺជាចំណុចសំខាន់ ដោយសម្តេចសូមមិននិយាយពីសង្គ្រាមដែលយើងធ្លាប់មានរាប់ទសវត្សរ៍មក គឺប្រមាណជា៥០០ឆ្នាំនោះទេ ។

ដើម្បីឆ្លើយតបទៅនឹងគ្រោះថ្នាក់ផ្សេងៗសម្តេចធិបតី នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្វីដែលយើងអាចធ្វើបាន គឺធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជួយប្រជាពលរដ្ឋ ទីមួយ គឺជួយជីវិត មិនថា គ្រាប់ផ្លោង ឬទឹកជំនន់នោះទេ គឺត្រូវតែរំដោះប្រជាពលរដ្ឋទៅទីកន្លែងមានសុវត្ថិភាព ។
សម្តេចបានសម្តែងនូវការសោកស្តាយ ដែលជាអកុសលឆ្នាំនេះ នៅខេត្តបាត់ដំបងមានពលរដ្ឋចំនួន៨នាក់ បានស្លា.ប់ដោយសារលង់ទឹក និងដោយសារឆក់ខ្សែភ្លើងនៅពេលទឹកលិច សម្តេចសូមចូលរួមមរណទុក្ខចំពោះគ្រួសារសព ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់ ឬរាប់ពាន់គ្រួសារដែលមកទីទួលសុវត្ថិភាព ថែរក្សាសុខភាព សុខុមាលភាពពេលគាត់នៅកន្លែងទីទួលសុវត្ថិភាព មិនថា មករកកន្លែងសុវត្ថិភាពដោយសារសង្គ្រាម ឬដោយសារទឹកជំនន់នោះទេ ហើយដំណាក់កាលទីបី គឺការស្តារឡើងវិញ ៕


ចែករំលែកព័តមាននេះ