ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ចុះ​បង្ក្រាប​អ្នក​ជីក​រក​រ៉ែ​ខុស​ច្បាប់​ ប្រើ​សុទ្ធតែ​គ្រឿងចក្រ​តែ​បាន​ត្រឹម​អប់រំ

5 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  ទីតាំង​រុក​រ៉ែ​មាស​ដ៏​ធំដុំ​មួយ​កន្លែង​នៅ​ចំណុច «​ជើងភ្នំ​ត្រ​ង៉ោ​ល» ស្ថិត​ក្នុងភូមិ​ភ្នំព្រឹក  ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក  ដែល​ប្រើ​គ្រឿងចក្រ​ជីក​គាស់កកាយ​ស្ទើរ​រលើង​​កូនភ្នំ​ទៅ​ហើយ  ទើបត្រូវ​បាន​កម្លាំង​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ស្រុក​នេះ  ចុះ​បង្ក្រាប​រឹបអូស​យក​​វត្ថុ​តាង​ និង​ប្រកាស​បិទ​ទីតាំង​នៅ​ថ្ងៃ​ទី​២៩ តុលា ប៉ុន្តែ​មិន​យកទោស​អូស​ដំណើរ​ទេ  បាន​ត្រឹម​​ធ្វើការ​អប់រំ​ជន​ប្រព្រឹត្ត​តែ​ប៉ុណ្ណោះ​ ។

​យោង​លើ​របាយ​ការ​ណ៍អភិបាលស្រុក​ភ្នំព្រឹក លោក សុង សុ​ភ័​ក្រ ដែល​បាន​បង្ហាញ​លើ​បណ្ដាញ​សង្គម​របស់​លោក​បាន​ឲ្យ​ដឹង​ថា  អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះ​ឈ្មោះ ថា​ន់ វិចិត្រ​ ។  ជន​នេះ​ បាន​ប្រើប្រាស់គ្រឿងចក្រ​កាយ​ជើងភ្នំ​ត្រ​ង៉ោល រុករក​រ៉ែ​មាស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ​។ ប៉ុន្តែ​លោក​អភិបាលស្រុក​រូប​នេះ​ មិន​បាន​និយាយ​ពី​ប្រវត្តិនៃ​បទល្មើស​នេះ​ថា  តើ​ឈ្មោះ ថា​ន់ វិចិត្រ ម្នាក់​នេះ បាន​ធ្វើ​សកម្មភាព​តាំងពី​ពេល​ណា​មក ទើបត្រូវ​បាន​បង្ក្រាប​នៅ​ពេល​នេះ ?  ប៉ុន្តែ​យ៉ាងណា លោក​ថា ពេល​នេះ ​ត្រូវ​បាន​មន្ត្រី​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល សហការ​ជាមួយ​អាជ្ញាធរ ឃុំ និង​ស្រុក​ភ្នំព្រឹក  ចុះ​បង្ក្រាប​ហើយ​ ។

​ទីតាំង​រុករក​រ៉ែ​មាស​នៅ​ក្នុងស្រុក​ភ្នំព្រឹក  មិនមែន​មាន​ត្រឹម​​តែ​មួយ​កន្លែង​របស់​ឈ្មោះ ថា​ន់ វិចិត្រ ម្នាក់​នេះ​ទេ ​មិន​មាន​នៅ​មាន​ច្រើន​ទីតាំង​ណាស់  ហើយ​ទីតាំង​នីមួយ​ៗ សុទ្ធតែ​មាន​ប្រើប្រាស់​គ្រឿងចក្រ មាន​រថយន្ត​ដឹក​ជញ្ជូន​យ៉ាង​សកម្ម​ទៀត​ផង ​។  នេះ​បើ​តាម​អ្នកស្រុក​ភ្នំព្រឹក​បាន​និយាយ​ ។

​មន្ត្រី​ស្រុក​បាន​និយាយ​ថា  ទីតាំង​ខ្លះ​​ ធ្វើ​សកម្មភាព​លួចលាក់​នៅ​ក្នុង​របង​ដែល​ហ៊ុម​ព័ទ្ធ​ជិត ​។ ​ទីតាំង​ខ្លះ​លួច​ធ្វើ​សកម្មភាព​ពេល​យប់​ច្រើន​ជាង​ពេល​ថ្ងៃ ដើម្បី​លាក់បាំង​ភ្នែក​មន្ត្រី និង​មហាជន​ ។  ប៉ុន្តែ​មួយរ​យៈក​ន្ល​ង​ទៅ​នេះ ទីតាំង​ទាំងនោះ​ ហាក់​ស្ងប់​ស្ង​ត់​ពី​សកម្មភាព ដោយសារ​ត្រូវ​បាន​បង្ក្រាប​ដោយ​មន្ត្រី​ជំនាញ  រីឯ​ទីតាំង​តូច​ៗ​មួយ​ចំនួន​នៅ​តែ​បន្ត​លួចលាក់​ធ្វើ​សកម្មភាព ​តែ​ធ្វើ​នៅ​ពេល​យប់ ​។

​ប៉ុន្តែ​យ៉ាងណា  បើ​តាម​លោក សុង សុ​ភ័​ក្រ​ ការ​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​គ្មាន​ច្បាប់​របស់​ឈ្មោះ ថា​ន់ វិចិត្រ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​បាន​សម្រេច​បិទ​ទីតាំង​នោះ​ទាំងស្រុង  ហើយ​បាន​រឹបអូស​យក​វត្ថុ​តាង​ធ្វើ​អាជីវកម្ម​ផង ​។ ​ប៉ុន្តែ​មិន​បាន​ដាក់ទោស​អូស​ដំណើរ​ដល់​ជន​ប្រព្រឹត្ត​ទេ គ្រាន់តែ​ធ្វើ​កិច្ច​ឲ្យ​សន្យា​ប​ញ្ឈ​ប់​សកម្ម​ភាព​ល្មើសច្បាប់  ហើយ​ធ្វើការ​អប់រំ​តែ​ប៉ុណ្ណោះ​ ៕​