ទីក្រុងដូហា៖ រដ្ឋាភិបាលប្រទេសកាតាចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ថាខ្លួនជ្រៀតជ្រែកការបោះឆ្នោតនៅអុីស្រាអែល ឬជួយផ្ដល់ហិរញ្ញប្បទានសម្រាប់ការធ្វើសកម្មភាពដែលជះឥទ្ធិពលលើលទ្ធផលបោះឆ្នោតកាលពីថ្ងៃអង្គារ។ លោកម៉ាជេត អាល់អាន់សារី (Majed al-Ansari) ជាទីប្រឹក្សានាយករដ្ឋមន្ត្រីកាតា និងជាអ្នកនាំពាក្យក្រសួងការបរទេសបានចេញសេចក្ដីបំភ្លឺមួយច្បាប់ដែលមានសេចក្ដីជាអាទិ៍ថា «យើងសូមច្រានចោលការចោទប្រកាន់ដែលថាកាតាជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតនៅអុីស្រាអែល ហើយក៏សូមច្រានចោលការចោទប្រកាន់ថាកាតាផ្ដល់មូលនិធិសម្រាប់ធ្វើសកម្មភាពដែលអាចជះឥទ្ធិពលទៅលើលទ្ធផលឆ្នោត»។

លោកចោទប្រកាន់បកទៅវិញថាក្រុមអ្នកនយោបាយអុីស្រាអែលខ្លះ និងអ្នកសារព័ត៌មានខ្លះប្រើប្រាស់ប្រទេសកាតាជាផ្ទាំងស៊ីបសម្រាប់វាយប្រហារ ខណៈដែលពួកគេទទួលបរាជ័យផ្នែកនយោបាយ។ កាតាចាត់ទុកថានោះជាការចោទប្រកាន់ដ៏គួរឱ្យអាម៉ាស់ និងដ៏គ្រោះថ្នាក់។ ការបដិសេធនេះកើតមានឡើងបន្ទាប់ពីក្រុមអ្នកនយោបាយអុីស្រាអែលខ្លះបានភ្ជាប់ប្រទេសកាតាទៅនឹងបទសង្ស័យថាការបោះឆ្នោតនៅអុីស្រាអែលលើកនេះប្រាកដជាមានការជ្រៀតជ្រែកពីសំណាក់រដ្ឋបរទេស។ ការសង្ស័យនេះកើតមានឡើងបន្ទាប់ពីប្រធានគណៈកម្មការរៀបចំការបោះឆ្នោត និងជាអនុប្រធានតុលាការកំពូល លោកសូលបឺក (Sohlberg) ស្នើសុំឱ្យទីភ្នាក់ងារសន្តិសុខបើកការស៊ើបអង្កេតករណីសង្ស័យថាមានការជ្រៀតជ្រែកពីសំណាក់បរទេសដើម្បីជួយគណបក្សនយោបាយដែលមានទំនោរទៅរកពួកអារ៉ាប់។

លោកអាន់សារីយល់ថាថារដ្ឋាភិបាលអុីស្រាអែលអាណត្តិថ្មីគួរណាស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ដោះស្រាយអ្វីដែលជាកង្វល់របស់ប្រជាជនប៉ាឡេស្ទីន គោរពសិទ្ធិរបស់ប៉ាឡេស្ទីនក្នុងការសម្រេចជោគវាសនា-អនាគតរបស់ខ្លួនដោយខ្លួនឯង និងគោរពសិទ្ធិប៉ាឡេស្ទីនក្នុងការបង្កើតរដ្ឋឯករាជ្យដែលមានព្រំដែនដូចចែងនៅក្នុងលក្ខន្តិកៈឆ្នាំ១៩៦៧ដោយមានទីក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។ លោកថ្លែងបន្ថែមទៀតថាការចោទប្រកាន់របស់អុីស្រាអែលមិនអាចរារាំងប្រទេសកាតាក្នុងការបន្តធ្វើជាអ្នកសម្របសម្រួលដោះស្រាយបញ្ហា ការខិតខំផ្នែកការទូត ការផ្ដល់ជំនួយមនុស្សធម៌ ការគាំទ្រចំពោះប្រជាជនប៉ាឡេស្ទីន និងការខិតខំដើម្បីថែរក្សាស្ថិរភាពនៅក្នុងតំបន់នោះទេ។

សម្រាប់ពេលនេះ សន្លឹកឆ្នោតបានរាប់ចប់សព្វគ្រប់អស់ហើយ ហើយលទ្ធផលបង្ហាញថាសម្ព័ន្ធភាពគណបក្សរបស់លោកណឺតាន់យ៉ាហ៊ូទទួលបាន៥៣អាសនៈ, សម្ព័ន្ធភាពគណបក្សរបស់លោកអេសិនខូត (Eisenkot) ទទួលបាន៤៨អាសនៈ និងសម្ព័ន្ធភាពគណបក្សដែលមានទំនោរទៅរកពួកអារ៉ាប់ទទួលបាន១៩អាសនៈ។ ដូច្នេះឃើញថាគ្មានក្រុមណាមួយទទួលបានសំឡេងភាគច្រើនដាច់ខាតចំនួន៦១អាសនៈដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងបានឡើយ។ នៅក្នុងករណីនេះ ក្រុមអ្នកតំណាងរាស្ត្រនៃសម្ព័ន្ធគណបក្សដែលនិយមអារ៉ាប់ក្លាយជាតួអង្គសំខាន់ដែលគេត្រូវការយកមកបង្គ្រប់សំឡេង៕ ប្រភព៖ France 24

ចែករំលែកព័តមាននេះ