ពលរដ្ឋចំនួន១៦គ្រួសារ នៅខេត្តពោធិ៍សាត់ ដែលគ្មានដីរស់នៅពិតប្រាកដ ទទួលបានដីពីរាជរដ្ឋាភិបាលនៅខេត្តស្ទឹងត្រែង ពីកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីអភិវឌ្ឍដោយចីរភាព
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋចំនួន១៦គ្រួសារ មកពីក្រុងស្រុកទាំង៧ក្នុងខេត្តពោធិ៍សាត់ ទទួលបានដីនិងផ្ទះពីរាជរដ្ឋាភិបាល ទៅរស់នៅអាស្រ័យផលឯខេត្តស្ទឹងត្រែង ពីកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីអភិវឌ្ឍដោយចីរភាព។
មុនពេលចេញដំណើរទៅរស់នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់នៅក្នុងបរិវេណសាលាខេត្ត ដោយបានលើកឡើងពីការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូចំពោះបងប្អូនប្រជាពលរដ្ឋយើងគ្រប់បែបយ៉ាង គ្មានខ្វះចន្លោះកន្លែងណាឡើយ។
ជំហានទី១នេះ រដ្ឋបាលខេត្តបានជូនដំណើរបងប្អូនយើងទាំង១៦គ្រួសារ ទៅរស់នៅខេត្តស្ទឹងត្រែង ដើម្បីកសាងជីវិតថ្មី ក្តីសង្ឃឹមថ្មី ក្រោមម្លប់សន្តិភាព ព្រមទាំងបានផ្ដល់ស្បៀងនិងការដឹកជញ្ជូនសព្វបែបយ៉ាងទៀតផង។ កន្លងមកក្រុមការងាររបស់យើង ជាពិសេសកម្មវិធីផ្ដល់ដីការពារព្រៃនិងរដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការជ្រើសរើសយ៉ាងសម្រិតសម្រាំង ហើយនឹងមានការចាប់ឆ្នោតយ៉ាងត្រឹមត្រូវ ដែលផ្ដោតទៅលើលក្ខខណ្ឌចំនួន៤គឺ៖ ទី១.បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវតែជាសញ្ជាតិខ្មែរ, ទី២.ក្រីក្រ, ទី៣.គ្មានដីពិតប្រាកដ, និងទី៤.ប្រជាពលរដ្ឋដែលចង់ទៅតាំងទីលំនៅថ្មី នៅកន្លែងដែលរាជរដ្ឋាភិបាលបានរៀបចំជូន។ លោកបានផ្ដាំផ្ញើ សូមឲ្យបងប្អូនទាំងអស់តាំងចិត្តខិតខំកសាងជីវភាពថ្មី លើទឹកដីថ្មី ដើម្បីការពារមាតុភូមិរបស់យើង មានន័យថា (មិនខ្ជិល មិនខ្ជីខ្ជា និងមិនខ្ជះខ្ជាយ) ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង១៦គ្រួសារ ទទួលបានផ្ទះនិងដីបង្កបង្កើនផលចំនួន៣ហិកតា ក្នុងមួយគ្រួសារ ពីកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងដោះស្រាយបញ្ហាជីវភាពដីធ្លី និងផ្ទះសម្បែងជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ព្រមទាំងផ្សារភ្ជាប់ជាមួយការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងព្រៃឈើឱ្យបានគង់វង្ស។
ក្នុងឱកាសនោះលោក ខូយ រីដា ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៍បានផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសារនីមួយៗ នូវអង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មុង ២, កន្ទេល ១, ភួយ ១, ថាសដែក ១, និងថវិកា ៥ម៉ឺនរៀល សម្រាប់ដោះស្រាយខែដំបូងផងដែរ៕





ចែករំលែកព័តមាននេះ