ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលនយោបាយ​លើកលែង​ទិដ្ឋាការ ជួយ​ចិន​ស្រូប​ទាញ​ភ្ញៀវ​បរទេស​កើនឡើង​ដល់​ជាង ១៥%

4 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន ១១,៦ លាន​នាក់ នៅ​ក្នុង​ត្រីមាស​ទី​៣ (​កក្កដា​-​កញ្ញា​) ដែល​កើនឡើង ១៥,៦% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ដោយសារ​តែ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​ពិភពលោក​មួយ​នេះ បាន​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​ភ្ញៀវ​តាម​រយៈ​ការ​លើកលែង​ទិដ្ឋាការ (Visa) បន្ថែម​ទៀត​។

តាម​ទិន្នន័យ​របស់​រដ្ឋបាល​អន្តោប្រវេសន៍​ជាតិ ដែល​បាន​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា ភ្ញៀវ​បរទេស​ប្រហែល​ជិត ៤ នាក់ នៅ​ក្នុង​ចំណោម ៥ នាក់ បាន​មក​ប្រទេស​ចិន​ដោយ​គ្មាន​ទិដ្ឋាការ​។ បើ​តាម​កាសែត South China Morning Post រាយការណ៍​ថា ប្រទេស​វៀតណាម គឺជា​ប្រភព​ធំ​ទី ៣ នៃ​ភ្ញៀវ​បរទេស​ទៅ​កាន់​ប្រទេស​ចិន អំឡុង​ពេល​ត្រីមាស​ទី​៣​នេះ បន្ទាប់​ពី​ប្រទេស​រុ​ស្ស៊ី និង​កូរ៉េ​ខាងត្បូង​។

ប្រទេស​ចិន​បាន​ពង្រីក​ការ​ចូល​ដោយ​មិនបាច់​ប្រើ​ទិដ្ឋាការ ដើម្បី​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​បន្ថែម​ទៀត និង​ជំរុញ​ការ​ចំណាយ​លើ​វិស័យ​ទេសចរណ៍​។ ទីភ្នាក់ងារសារព័ត៌មាន ស៊ី​ន​ហួ (Xinhua) បាន​រាយការណ៍​ថា ការ​លើកលែង​ទិដ្ឋាការ​ដែល​បាន​ចាប់ផ្តើម​ជា​ការ​សាកល្បង​សម្រាប់​ប្រទេស​ចំនួន ៦ នៅ​ក្នុង​ឆ្នាំ ២០២៣ បាន​ពង្រីក​ដល់ ៥០ ប្រទេស​ត្រឹម​ខែកញ្ញា ឆ្នាំ ២០២៦ ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​អាច​ស្នាក់​នៅ​បាន​រហូត​ដល់ ៣០ ថ្ងៃ​។ ជាមួយ​គ្នា​នោះ ប្រព័ន្ធ​អនុវត្ត​ដាច់​ដោយឡែក​មួយទៀត អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ដែល​ឆ្លងកាត់​ប្រទេស​ចិន​ក្នុង​ដំណើរ​ទៅ​កាន់​គោលដៅ​ផ្សេង​ទៀត អាច​ស្នាក់​នៅ​បាន​ដល់ ១០ ថ្ងៃ ដោយ​មិន​តម្រូវ​ទិដ្ឋាការ​ឡើយ​។

នៅ​ក្រោម​ផែនការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​រយៈពេល​៥​ឆ្នាំ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សារដ្ឋ​នោះ អាជ្ញា​ធរមាន​គោលបំណង​ធ្វើ​ឱ្យ​ការ​ទូទាត់​ប្រាក់ ការ​ដឹក​ជញ្ជូន និង​ការ​ស្នាក់​នៅ​កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​។ វិធានការ​ផ្សេង​ទៀត​រួម​មាន ក៏​រួម​មានការ​កែ​លម្អ​ការ​បង្វិល​ពន្ធ​លើ​ការ​ទិញ​ទំនិញ និង​ពង្រីក​ជំនួយ​ពហុ​ភាសា​ផង​ដែរ​។ ផែនការ​នេះ ក៏​ជំរុញ​ឱ្យ​មាន​ជើងហោះហើរ​អន្តរជាតិ និង​បណ្តាញ​ផ្លូវដែក​បន្ថែម​ទៀត ផ្សារ​ភ្ជាប់​ការ​ចូល​មក​កាន់តែ​ងាយស្រួល ជាមួយ​កា​រត​ភ្ជាប់​ទៅ​កាន់​គោលដៅ​នានា​នៅ​ទូ​ទាំង​ប្រទេស​កាន់តែ​ប្រសើរ​។

គួរ​បញ្ជាក់​ថា ប្រទេស​ចិន​មាន​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​បាន ១៩០ លាន​នាក់​ក្នុង​១​ឆ្នាំ ត្រឹម​ឆ្នាំ ២០៣០ និង​ប្រែក្លាយ​ចំណាប់អារម្មណ៍​កំពុង​កើនឡើង​នៅ​ក្នុង​ការ​មក​កាន់​ប្រទេស​នេះ ឱ្យទៅ​ជា​ការ​ចំណាយ​លើ​វិស័យ​ទេសចរណ៍​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​៕ ប្រភព ៖ Vietnam Express (VnExpress)