ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែកខុសប្រក្រតី ! ហ្វូងដំរីព្រៃនៅខេត្តព្រះវិហារ ចុះស៊ីស្រូវប្រជាកសិករ តែហាក់មិនសូវចេះខ្លាចមនុស្សសោះ

51 នាទី មុន

ខេត្តព្រះវិហារ ៖ ហ្វូង​សត្វ​ដំរីព្រៃ​ចំនួន ៦​ក្បាល បាន និង​កំពុង​ធ្វើ​សកម្មភាព​ស៊ី​ព្រមទាំង​បំផ្លាញ​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ ខណៈ​អាជ្ញាធរ​ស្រុក​បាន​ចាត់តាំង​ក្រុមការងារ​ចុះ​អន្តរាគមន៍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដ្រូ​ន​តាមដាន​យ៉ាង​ស្រុះស្រួល ។

ចាក់​ស្តែង​សកម្មភាព​រដ្ឋបាល​ស្រុក​ត្បែងមានជ័យ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៩ ខែតុលា​នេះ​ថា ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង​៤:៣០​នាទី លោក ឃី​ន រស្មី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ត្បែងមានជ័យ បាន​ចាត់តាំង​ក្រុមការងារ​ពិសេស ចំនួន​២​រូប ចុះ​សហការ​ជាមួយ​ក្រុមការងារ​ស្រុក​ជាំ​ក្សាន្ត ដើម្បី​តាមដាន និង​ឃ្លាំមើល​ហ្វូង​សត្វ​ដំរីព្រៃ ដោយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ដ្រូ​ន ហោះ​ថតរូប​ភាព និង​វី​ដេ​អូ ។

ប្រភព​បាន​បន្ត​ថា តាម​រយៈ​ការ​ចុះ​ល្បាត និង​ផ្ដិត​យក​រូបភាព​ជាក់ស្ដែង​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញច្បាស់​ថា ហ្វូង​សត្វ​ដំរីព្រៃ​ចំនួន ៦​ក្បាល​នេះ គឺជា​ហ្វូង​ដំរី​ដែល​ធ្លាប់​ចេញពី​ភូមិសាស្ត្រ​ស្រុក​ត្បែងមានជ័យ​កន្លង​មក​ពិតប្រាកដ​មែន ។ ទីតាំង​ដែល​ក្រុមការងារ​ថត​បាន គឺ​នៅ​ចំណុច ស្រែ​ត្រពាំង​ច្រឹ​ក ស្ថិត​នៅ​ខាងត្បូង​ភូមិ​កោង​យ៉ោ​ង​ប្រមាណ ២​គីឡូម៉ែត្រ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ដោយ​ហ្វូង​ដំរី​ទាំងនោះ កំពុង​ធ្វើ​សកម្មភាព​ស៊ី និង​បំផ្លាញ​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ​ក្នុង​តំបន់ ។


ការ​កត់សម្គាល់ បើ​ពិនិត្យ​មើល​ពី​ស្ថានភាព និង​ឥរិយាបថ​របស់​ហ្វូង​ដំរីព្រៃ​ទាំងនេះ គឺ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ខុស​ប្រក្រតី​បន្តិច ដោយ​ពួក​វា​ហាក់​មិនសូវ​មានការ​ភ័យ​ខ្លាច​មនុស្ស​ដូច​ពេល​ដែល​ពួក​វា​រស់នៅ​ក្នុង​ទឹកដី​ភូមិសាស្ត្រ​ស្រុក​ត្បែងមានជ័យ​ឡើយ​៕