ប្រទេសកូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍ នាថ្ងៃទី៣០ តុលា ថា កូរ៉េខាងជើងបានធ្វើការសាកល្បងបណ្ដាដ្រូនប្រយុទ្ធ មីស៊ីលប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ ក្នុងការបង្ហាញកម្លាំងមួយ ។ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន អំពាវនាវឲ្យជម្រុញការអភិវឌ្ឍដ្រូន និងបញ្ញាសិប្បនិម្មិតAI ដើម្បីឲ្យទទួលបានឧត្ដមភាពដាច់ក្នុងវិស័យយោធា។

ការសាកល្បងអាវុធទាំងនេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងត្បូងកំណត់ឃើញការបាញ់របស់កូរ៉េខាងជើងមីស៊ីលបាលីស្ទិករយៈខ្លីប្រមាណជា១០គ្រាប់ សំដៅទៅសមុទ្រជប៉ុន ។ ក្នុងពេលបង្ហាញគ្រឿងសព្វាវុធទាំងនេះ មេដឹកនាំកូរ៉េខាងជើងលោកគីមជុង
អ៊ុន គូសបញ្ជាក់ថា ការដណ្ដើមយកឧត្ដមភាពដាច់ ក្នុងវិស័យបច្ចេកវិទ្យាដ្រូន គឺចាំបាច់បំផុតក្នុងយុគសម័យសង្គ្រាមទំនើប។ លោកលើកឡើងថា កម្លាំងមានន័យយ៉ាងច្បាស់ថា សន្តិភាពហើយសន្តិភាពធានាបានតែដោយកម្លាំងប៉ុណ្ណោះ។

ការសាកល្បងរួមមានដ្រូនវាយប្រហារដោយគ្រឿងផ្ទុះ ដ្រូនពហុមុខងារដែលបាញ់មីស៊ីលអាកាស-ដី មីស៊ីលបណ្ដែត និងប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះទំហំ៦០០មីល្លីម៉ែត្រ ។ តាមKCNA ថា បណ្ដាដ្រូន និងមីស៊ីលបណ្ដែត ក្នុងពេលបាញ់សាកល្បងពិតជាបាញ់ត្រង់ចំគោលដៅកំណត់នៅលើកោះមួយ ។

ការបង្ហាញគ្រឿងសព្វាវុធទាំងនោះ ធ្វើឡើងបន្ទាប់ពីការសាកល្បងគ្រឿងសព្វាវុធមួយចំនួនដែលក្រុងព្យុងយ៉ាងថា ជាគ្រាប់បែកបុកប្រភេទថ្មីប្រើAI ក្នុងប្រព័ន្ធតម្រង់គោលដៅនិងចាប់រកគោលដៅ ។ ប៉ុន្មានថ្ងៃមុននេះ កងទ័ពកូរ៉េខាងជើង បានសាកល្បងមីស៊ីលបណ្ដែតយុទ្ធសាស្ត្រ២ប្រភេទ ដែលបាញ់ចេញពីនាវាមុជទឹក។ កាលពីដើមខែតុលា ក្រុងព្យុងយ៉ាង ក៏ប្រកាសផងដែរថា បានសាកល្បងដោយជោគជ័យមីស៊ីលលឿនជាងសំឡេងកម្រិតមធ្យមដោយប្រើAI ដែលអាចផ្លាស់ប្ដូរទិសដៅក្នុងកម្ពស់ទាប ៕

ចែករំលែកព័តមាននេះ