ខេត្តមណ្ឌលគិរីមានសត្វដំរីព្រៃប្រមាណ៥៨២ក្បាល ខណៈកាមេរ៉ាស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃស្រែពកថតបានហ្វូងដំរីព្រៃយ៉ាងច្រើន
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ តាមរយៈការសិក្សាស្រាវជ្រាវ និងកត់ត្រាបែបវិទ្យាសាស្ត្រ បច្ចុប្បន្នខេត្តមណ្ឌលគិរីមានសត្វដំរីព្រៃប្រមាណ៥៨២ក្បាល កំពុងរស់នៅយ៉ាងសុខសាន្ត ដែលភាគច្រើនស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃកែវសីមា ។

សក្តានុពលនេះ ត្រូវបានបញ្ជាក់កាន់តែច្បាស់ថែមទៀត បន្ទាប់ពីកាមេរាស្វ័យប្រវត្តិនៃ«គម្រោងឆ្លងដែនសម្រាប់សត្វដំរីអាស៊ីកម្ពុជា-វៀតណាម»ក្នុងដែនជម្រកសត្វព្រៃស្រែពក បានថតជាប់ហ្វូងសត្វដំរីព្រៃប្រហែល១០ក្បាល នៅតាមទីតាំងភូមិសាស្ត្រក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក និងភូមិឡៅមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។

ទាក់ទងនឹងលទ្ធផលនៃការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃខាងលើនេះ លោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ថា មន្ទីរបរិស្ថានខេត្តបានអនុវត្តការងារសំខាន់ៗ ដូចជា រដ្ឋបាលខេត្តមណ្ឌលគិរី និងបណ្តាខេត្តនានារបស់ប្រទេសវៀតណាម ដែលមានព្រំដែនជាប់គ្នា ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការគាំទ្រកិច្ចការអភិរក្សធនធានធម្មជាតិ និងការបង្ការទប់ស្កាត់បទល្មើសធនធានធម្មជាតិឆ្លង
ដែន ។

លោកប្រធានមន្ទីរបន្តថា មន្ត្រីឧទ្យានុរក្ស និងអ្នកជំនាញទាំងជាតិ និងអន្តរជាតិនឹងបន្តពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីស្របតាមបរិបទឧស្សាហកម្ម 4.0។ ក្នុងនោះ មន្ទីរបរិស្ថានខេត្ត នឹងបន្តសហការយ៉ាងជិតស្និទ្ធិជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ។

ជាមួយគ្នានេះ លោក ហាស់ វិបុល បានប្តេជ្ញាចិត្តក្នុងការបន្តអប់រំ ផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ទម្រង់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍«អនុវត្តច្បាប់ ១០០% ដោយគ្មានការលើកលែង» ស្របតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន គឺ«ភាពស្អាត ភាពបៃតង ចីរភាព»ដែលអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកប្រធានមន្ទីរបានអំពាវនាវដល់បងប្អូនសាធារណជនទាំងអស់ បន្តចូលរួមស្រឡាញ់ធនធានធម្មជាតិ ដោយប្រកាន់ខ្ជាប់នូវ «ក៣» គឺកុំបំពុលបរិស្ថាន កុំកាប់បំផ្លាញព្រៃឈើ កុំបរបាញ់ ដាក់អន្ទាក់ ឬបរិភោគសាច់សត្វព្រៃ ដើម្បីរួមគ្នាសម្រេចបាននូវ
«កម្ពុជាស្អាត កម្ពុជាបៃតង កម្ពុជាចីរភាព» ៕






ចែករំលែកព័តមាននេះ