ក្រសួងបរិស្ថានចុះពិនិត្យការដ្ឋានកំណាយហ្វូស៊ីលឈើបុរាណអាយុកាលរាប់លានឆ្នាំ នៅខេត្តស្ទឹងត្រែង ត្រៀមអភិវឌ្ឍជាគោលដៅទេសចរណ៍បៃតង
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ក្រុមការងារអន្តរក្រសួងដឹកនាំដោយមន្ត្រីជំនាញក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានចុះពិនិត្យផ្ទាល់លើវឌ្ឍនភាពនៃការខួងរុករក និងកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលមានអាយុកាលចន្លោះពី ១០ម៉ឺន ដល់ ២លានឆ្នាំ នៅចំណុចភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋមូលដ្ឋានសរុបប្រមាណ ៤០រូប។
លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ បានអះអាងឱ្យដឹងថា តាមរយៈការពិនិត្យលើរណ្ដៅសំខាន់ៗទាំងបីក្នុងប្រតិបត្តិការលើកទី២ នេះក្រុមជំនាញបានរកឃើញសមិទ្ធផលគួរឱ្យកត់សម្គាល់៖ រណ្ដៅទី១ បានទម្លាយបង្ហាញដើមឈើហ្វូស៊ីលប្រវែងរហូតដល់ ៤០ម៉ែត្រ និងមុខកាត់ត្រង់គល់ធំធេងដល់ទៅ ៤ម៉ែត្រ រណ្ដៅទី២ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាស្រាវជ្រាវលើផ្នែកគល់ និងផ្នែកដទៃទៀត ខណៈរណ្ដៅទី៣ មានប្រវែងប្រមាណ ១០ម៉ែត្រ និងមុខកាត់ ១.៥ម៉ែត្រ។
មន្ត្រីជំនាញបានរំលឹកថា ការធ្វើកំណាយលើកដំបូងនៅតំបន់ភ្នំភូង៉យ កាលពីខែកក្កដា ឆ្នាំ២០២៥ បាននាំឱ្យមានការរកឃើញហ្វូស៊ីលឈើផ្កា-ផ្លែប្រវែង ១៧ម៉ែត្រ មុនពេលឈានដល់ការបើកយុទ្ធនាការកំណាយលើកទី២ នាខែតុលា ឆ្នាំ២០២៦ នេះ ដែលទទួលបានលទ្ធផលផ្លែផ្កាកាន់តែប្រសើរ។ បច្ចុប្បន្ន កម្ពុជាបានកំណត់និងចុះបញ្ជីស្ថានីយហ្វូស៊ីលសរុបចំនួន ៧៨ទីតាំង ស្ថិតក្នុងខេត្តចំនួន១៣ ទូទាំងប្រទេស រួមទាំងសមិទ្ធផលកំណាយប្រវត្តិសាស្ត្រកន្លងមក ដូចជាហ្វូស៊ីលឈើនៅលំផាត់ ឆ្អឹងដាយណូស័រដំបូងគេនៅឆ្នាំ២០២២ និងហ្វូស៊ីលភ្នំត្បែងជាដើម។
សម្រាប់ទិសដៅទៅមុខ ក្រសួងបរិស្ថានដាក់ចេញផែនការបន្តស្រាវជ្រាវយ៉ាងស៊ីជម្រៅបន្ថែមទៀតនៅឆ្នាំ២០២៧ ដើម្បីពង្រឹងមូលដ្ឋានទិន្នន័យវិទ្យាសាស្ត្រ និងការពារតំបន់បេតិកភណ្ឌធម្មជាតិដ៏កម្រនេះ ព្រមទាំងត្រៀមរៀបចំអភិវឌ្ឍន៍តំបន់នេះឱ្យទៅជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រធម្មជាតិ និងលំហែបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរនៅថ្ងៃអនាគត៕





ចែករំលែកព័តមាននេះ