ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមយេម៉ែន៖ ទីក្រុងតាអេស ធ្លាក់ក្នុងវិបត្តិអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ក្រោមការហ៊ុមព័ទ្ធពីពួកឧទ្ទាមហ៊ូធី​

2 ម៉ោង មុន

សង្គ្រាម​យេ​ម៉ែ​ន ៖ ទីក្រុង​តា​អេស​ជាទី​ក្រុង​ធំ​ទី​៣ ​និង​ជាទី​ក្រុង​វប្បធម៌​របស់​យេ​ម៉ែ​ន ​កាន់កាប់​ដោយ​រដ្ឋាភិបាល ទទួល​ស្កាល់​ដោយ​អន្តរជាតិ​ និង​មាន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ​ជា​អ្នក​ជួយ​ទ្រទ្រង់ ពេល​នេះ​ កំពុង​តែ​ជាប់​ក្នុង​ការ​ហ៊ុម​ព័ទ្ធ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​ ។

ការ​ហ៊ុម​ព័ទ្ធ​នោះ​ បណ្ដាល​ឲ្យ​ទីក្រុង​នេះ ធ្លាក់​ក្នុង​ស្ថានភាព​លំបាកលំបិន​បំផុត ដោយ​ប្រជាជន​កំពុង​រស់​ក្នុង​ភាព​អត់ឃ្លាន​ដាច់​ស្បៀង​ដាច់​ទឹក​ ។ ទីក្រុង​កំពុង​រង​ការ​បាញ់​ផ្លោង​ធ្ងន់ធ្ងរ​បំផុត ដោយ​ភូមិភាគ​ច្រើន​នៅ​ជុំវិញ​ក្រុ​ង ធ្លាក់​ក្នុង​ការ​កាន់កាប់​របស់​ពួក​ហ៊ូ​ធី​ដែល​លើក​មក​ពី​ភាគ​ខាងជើង​ប្រទេស​។

ទោះជា​បែប​នេះ​ក្ដី​ អភិបាលក្រុង​នោះ លោក​ណា​ប៊ី​ល​សាម​សាន់​ថ្លែង​ថា ទីក្រុង​តា​អេស​មិន​ព្រម​ចុះចូល​ឡើយ​ ។ លោក​ថា​ ពួក​ហ៊ូ​ធី​ ចង់​សងសឹក​ការ​ក្រាញ​តស៊ូ​របស់​យើង ។ ពួក​គេ​ចង់​ផ្លាស់​ប្ដូរ​អត្តសញ្ញាណ​ប្រជាជន​ក្រុង​នេះ ហើយ​ជ្រើសរើស​ទាហាន​ដោយ​ចាប់បង្ខំ​ ។ ក្មេង​មិន​ទាន់​ពេញវ័យ​ច្រើន​រយ​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រណសិរ្ស​ក្រុង​សា​អា​ដា​ ។

អភិបាលក្រុង​នោះ​ ក៏​បរិហារ​ដែរ ​ដល់​គ្រោះ​ទូ​រ្ភិ​ក្ស​នៅ​ក្រុង​តា​អេស​។ លោក​ថា ​ពួក​ហ៊ូ​ធី​ត្រួតត្រា​លើ​ការ​បញ្ជូន​ទឹក​និង​ស្បៀង​។ ស្បៀង​ស្តុក​បាន​អស់ហើយ​បណ្ដា​មន្ទីរពេទ្យ​ត្រូវ​បិទទ្វារ​ ។ ពួក​ហ៊ូ​ធី​អំពាវនាវ​ដល់​ប្រជាជន​ក្រុង​នោះ ឲ្យ​នាំ​គ្នា​ចាកចេញ​ ឬ​មួយ​សុខចិត្ត​ស្លាប់​ ៕