ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើ​បដិរូប​កាកបាទក្រហម ​និង​អឌ្ឍចន្ទ​ក្រហម ដោយ​ខុសច្បាប់ នៅ​តែ​បន្ត​កើត​មានដោយ​អ​ចេតនា ព្រោះ​ខ្វះ​ការ​យល់​ដឹង​ពី​បទ​ប្បញ្ញត្តិ​ជាតិ និង​អន្តរជាតិ

3 នាទី មុន

រាជធានី​ភ្នំពេញ​ ៖ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តី​ពី «​គោលការណ៍​គ្រឹះ របស់​ចលនា​អន្តរជាតិ ការ​ប្រើប្រាស់​ និង​ការ​ការពារ​បដិរូប​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​» នៅ​ថ្ងៃ​ទី​ ២៨ ខែតុលា ឆ្នាំ​ ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានឱ្យ​ដឹង​ថា​ ៖ «​ក្នុង​បរិបទ​នៃ​ការ​រីក​ចម្រើន​យ៉ាង​គំហុក នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​បានផ្លាស់​ប្ដូរ​មុខមាត់​ថ្មី​យ៉ាង​លឿន​រហ័ស ​។ អ្នក​សារព័ត៌មាន​, អ្នក​ផលិត​មាតិកា (CONTENT CREATORS) និង​អ្នកមាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម (INFLUENCERS) បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ មិន​អាច​ខ្វះ​បាន ក្នុង​ការ​បញ្ជូន​ព័ត៌មាន និង​បង្កើត​មតិ​សាធារណៈ​» ។

ឯកឧត្តម នេត្រ ភក្ត្រា បន្ត​ថា ប៉ុន្តែ​ទន្ទឹម​នឹង​ឥទ្ធិពល​ដ៏​ទូលំទូលាយ​នេះ លោក​សង្កេត​ឃើញ​ថា ការ​យល់​ដឹង​ពី​ក្រប​ខណ្ឌ​ច្បាប់​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​នៅ​មាន​កម្រិត​នៅឡើយ ជា​ពិសេស​ការ​យក «​បដិរូប​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​» ទៅ​ប្រើប្រាស់​ខុស​បច្ចេកទេស និង​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ដោយ​អ​ចេតនា នៅ​តាម​គ្លីនិក​ឯកជន ឱសថស្ថាន អាជីវកម្ម​ពាណិជ្ជកម្ម និង​នៅ​លើ​បណ្តាញ​សង្គម ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​សង្កត់ធ្ងន់​ថា ​៖ «​យើង​ត្រូវ​ជ្រាប​ច្បាស់​ថា បដិរូប​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម មិនមែន​ជា​និមិត្តសញ្ញា ពាណិជ្ជកម្ម ឬ​និមិត្តសញ្ញា​ទូទៅ ផ្នែក​វេជ្ជសាស្ត្រ​នោះ​ទេ ប៉ុន្តែ​ជា «​បដិរូប​នៃ​ការ​ការពារ និង​សង្គ្រោះ​អាយុ ជីវិត​មនុស្សជាតិ​» ដែល​ត្រូវ​បានការ​ពារ​ដោយ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ​។ ដូច្នេះ ការ​យល់​ដឹង​អំពី​តម្លៃ​ផ្លូវច្បាប់ នៃ​ការ​ប្រើប្រាស់​បដិរូប ទាំង​ក្នុង​ទម្រង់ “​ការ​ការពារ​” (PROTECTIVE USE) និង​ទម្រង់ “​ការ​សម្គាល់​” (INDICATIVE USE) គឺជា​កាតព្វកិច្ច​រួម​របស់​យើង​ទាំងអស់​គ្នា ដើម្បីធានា​សុវត្ថិភាព​ដល់​ប្រតិបត្តិការ​មនុស្សធម៌ និង​បុគ្គលិក​សង្គ្រោះ​» ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា បានឱ្យ​ដឹង​ថា ​៖ «​នៅ​ក្នុង​យុគសម័យ​កាល​ឌី​ជី​ថ​ល​បច្ចុប្បន្ន ការ​ផ្សព្វផ្សាយ​ព័ត៌មាន មាន​ភាព​រហ័សរហួន និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងលើ​បណ្តាញ​សង្គម​ ។ អ្នក​សារព័ត៌មាន អ្នក​ផលិត​មាតិកា (Content Creators) និង​អ្នកមាន​ឥទ្ធិពល ​(Influencers) បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ក្នុង​ការ​បញ្ជូន​ព័ត៌មាន និង​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​នៅ​ក្នុង​សង្គម ។ ទោះជា​យ៉ាងណា​ក៏​ដោយ កន្លង​មកនេះ​ការ​ប្រើប្រាស់ បដិរូប​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ដោយ​ខុសច្បាប់​ឬ​ខុស​បច្ចេកទេស នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ ដោយ​អ​ចេតនា ដោយ​ព្រោះ​ខ្វះ​ការ​យល់​ដឹង ពី​បទ​ប្បញ្ញត្តិ​ច្បាប់​ជាតិ និង​អន្តរជាតិ​» ។

លោកស្រី ពុំ ចន្ទី​នី បន្ត​ថា ៖ «​ដូចនេះ​ហើយ​បានជា​យើង​រៀបចំ​សិក្ខាសាលា​នៅ​ថ្ងៃនេះ គឺ​ក្នុង​គោលបំណង​ចម្បង​ៗ ដូច​ជា ​៖ ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​គោលការណ៍​គ្រឹះ​ទាំង​ ៧ ។ បញ្ជ្រាប​ការ​យល់​ដឹង​អំពី​តម្លៃ​ផ្លូវច្បាប់ នៃ​ការ​ប្រើប្រាស់ និង​ការ​ការពារ​បដិរូប​ឱ្យ​បាន​ត្រឹមត្រូវ ។ ជំរុញ​ឱ្យ​អ្នក​សារព័ត៌មាន និង​អ្នក​ផលិត​មាតិកា​ឌី​ជី​ថ​ល ក្លាយជា “​អ្នក​សារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​” ក្នុង​ការ​រាយការណ៍​ព័ត៌មាន​មនុស្សធម៌ ​។ បង្កើត​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង កាកបាទក្រហមកម្ពុជា ក្រសួង​ព័ត៌មាន អ្នក​សារព័ត៌មាន និង​អ្នក​ផលិត​មាតិកា​ឌី​ជី​ថ​ល​» ។

សូម​ជម្រាប​ថា បដិរូប​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម មិនមែន​ជា​ឡូ​ហ្គោ ឬ​ជា​និមិត្តសញ្ញា​ពាណិជ្ជកម្ម​ធម្មតា​ឡើយ​។ ការ​ប្រើប្រាស់ និង​ការ​ការពារ​បដិរូប​នេះ ត្រូវ​បាន​ធានា និង​ការពារ​ដោយ​៖ ច្បាប់​អន្តរជាតិ​៖ អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ១២ សីហា ១៩៤៩ និង​ពិធីសារ​បន្ថែម ​។ ច្បាប់​ជាតិ​៖ ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​ប្រើប្រាស់ និង​ការ​ការពារ​បដិរូប​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ​។ ដូច្នេះ ការ​ប្រើប្រាស់​បដិរូប​ខុស​ពី​បទដ្ឋាន​ច្បាប់ ឬ​គ្មាន​ការ​អនុញ្ញាត គឺជា​អំពើ “​ល្មើសច្បាប់​យ៉ាងធ្ងន់ធ្ងរ​” ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ ​។ (​មាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ ជំពូក​ទី ​៧ ស្តី​ពី ទោស​ប្បញ្ញត្តិ​, មាន ៤​មាត្រា​) ការ​ប្រើប្រាស់​បដិរូប​ខុស​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​លំដាប់​អន្តរជាតិ (​ស្ថានភាព​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​) អាច​ផ្តល់​ផល​អវិជ្ជមាន​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​អត់ធ្មត់​ខ្ពស់ និង​កំពុង​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​វិធីសាស្ត្រ​នយោបាយ​ការទូត និង​សន្តិវិធី ​។

បដិរូប

បដិរូប គឺជា “​សញ្ញា​នៃ​ការ​ការពារ (Protective Use)” ដែល​ជូនដំណឹង​ដល់​ភាគី​ប្រយុទ្ធ​ថា មនុស្ស យានយន្ត ឬ​គ្រឿង​បរិក្ខារ​ដែល​មាន​បដិរូប​នេះ ត្រូវ​តែ​ទទួល​បានការ​ការពារ​គ្រប់ពេលវេលា និង​មិន​អាច​ត្រូវ​បាន​កំណត់​ជា​គោលដៅ​វាយប្រហារ​ពី​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​ជម្លោះ​ឡើយ ​។ ហេតុ​ដូចនេះ លក្ខខណ្ឌ​ប្រើប្រាស់ បដិរូប​ជា​សញ្ញា​នៃ​ការ​ការពារ​នេះ អាច​ប្រើប្រាស់​បាន តែ​នៅ​ក្នុង​ស្ថានភាព​មាន​ជម្លោះ​ប្រដាប់​អាវុធ​ប៉ុណ្ណោះ ហើយ​ទីតាំង ឬ​បរិវេណ​នោះ ត្រូវ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់ ICRC ឬ​សមាគម​ជាតិ ដោយ​គ្មាន​ការ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា ឬ​ព័ណ៌​ប្រហាក់ប្រហែល ចេញ​-​ចូល​ឡើយ ​។ ប្រសិនបើ​មានការ​ប្រើប្រាស់​បដិរូប​ខុស វា​នឹង​ធ្វើ​ឱ្យ​ភាគី​សង្គ្រាម ឬ​អ្នក​កាន់​អាវុធ​បាត់បង់​ទំនុកចិត្ត​លើ​បដិរូប ព្រមទាំង​បំផ្លាញ “​មុខងារ​ការពារ​” នេះ ដែល​បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ជន​រង​គ្រោះ និង​កម្លាំង​ប្រតិបត្តិ​ករ​មនុស្សធម៌​។ ឧទាហរណ៍​៖ បើ​យើង​ប្រើប្រាស់​បដិរូប​ខុស នោះ​ភាគី​ម្ខាង​ទៀត​នឹង​ចោទប្រកាន់​យើង​ថា ជា​ការ​ប្រើប្រាស់​បន្លំ ឬ​ទុច្ចរិត ដូច​ជា​ករណី​ដែល​ភាគី​ម្ខាង​ទៀត​បាន​ចោទ​ថា យើង​យក​ប្រាសាទព្រះវិហារ និង​ប្រាសាទ​តា​ក្របី ធ្វើ​ជា​លេ​ន​ដ្ឋា​ន​កងទ័ព​ជាដើម​ ។

ដោយឡែក បដិរូប ក៏​មានមុខ​ងារ​ជា​សញ្ញា​សម្គាល់ (Indicative Use) ដែល​បង្ហាញ​សាធារណជន​ឱ្យ​បានដឹង​ថា និមិត្តសញ្ញា​កាកបាទក្រហម​នេះ គឺ​សម្គាល់​អំពី​ទំនាក់ទំនង​របស់​បុគ្គល យានយន្ត ឬ​បរិក្ខារ​ផ្សេង​ៗ ជាមួយ​ចលនា​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​។ ស្ថាប័ន​/​អង្គភាព ដែល​មាន​សិទ្ធិ​ប្រើប្រាស់​បដិរូប​មាន​តែ ៤​គត់ គឺ ICRC, IFRC, សមាគម​ជាតិ និង​សេវាកម្ម​ពេទ្យ​យោធា ​។

ការ​យក​បដិរូប​ទៅ​ប្រើប្រាស់​ខុស (​ដូច​ជា​ការ​យក​ទៅ​បិទ​លើ​គ្លីនិក​ឯកជន ឱសថស្ថាន នយោបាយ ឬ​យានយន្ត​អាជីវកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​) គឺជា​អំពើ “​ល្មើសច្បាប់​យ៉ាងធ្ងន់ធ្ងរ​” ទាំង​ក្នុង​កម្រិត​ជាតិ (​ព្រះរាជក្រឹត្យ​) និង​កម្រិត​អន្តរជាតិ (​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​)​។ ការ​ប្រើប្រាស់​ខុស​នេះ អាច​បំផ្លាញ “​មុខងារ​ការពារ​” ដ៏​បរិសុទ្ធ បង្កើត​ឱ្យ​មានការ​ភាន់ច្រឡំ និង​អាច​បង្កើត​ជា​គ្រោះថ្នាក់​ដល់​ជីវិត​របស់​បុគ្គលិក និង​អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម ពេល​ចុះ​បំពេញភារកិច្ច​នៅ​លើ​ទីវាល ៕