រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ម.ខ.រ ភេទប្រុស អាយុ ២៦ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពឆបោកវិនិយោគ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឲ្យដឹងទៀតថា កាលពីដើមខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ អំពីករណីចាញ់បោកក្រុមជនអនាមិក ដែលបានទាក់ទាញ និងលួមលោមឱ្យចូលរួមដាក់ប្រាក់វិនិយោគ តាមបណ្តាញសង្គម Group Telegram។ ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យបានលួងលោមឱ្យធ្វើប្រតិបត្តិការផ្ទេរប្រាក់ជាច្រើនលើក សរុបជាទឹកប្រាក់ចំនួន ១,៥០០ដុល្លារអាមេរិក ចូលទៅកាន់គណនីធនាគាររបស់ក្រុមជនសង្ស័យ ដោយសន្យាផ្តល់ប្រាក់ចំណេញឱ្យវិញ តែក្រោយពេលផ្ទេរប្រាក់រួច ជនរងគ្រោះមិនទទួលបានប្រាក់ចំណេញនោះឡើយ ហើយក្រុមជនល្មើសនៅតែបន្តទាមទារឱ្យផ្ទេរប្រាក់បន្ថែមទៀត ។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ផ្អែកលើលទ្ធផលស្រាវជ្រាវរបស់មន្ត្រីជំនាញនាយកដ្ឋាន និងការធ្វើកោសល្យវិច័យលើឧបករណ៍បច្ចេកវិទ្យា មន្ត្រីជំនាញបានកំណត់អត្តសញ្ញាណ និងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ម.ខ.រ ទទួលការងារជាអ្នកទទួល និងផ្ទេរប្រាក់ បានពីការឆបោក ដោយទទួលបានប្រាក់ឈ្នួលប្រចាំខែ ។
តាមរយៈការស្តាប់ចម្លើយសារភាព និងភស្តុតាង ដែលប្រមូលបាន ជនសង្ស័យបានយល់ព្រមផ្តល់គណនីធនាគារផ្ទាល់ខ្លួនឱ្យទៅក្រុមជនល្មើសជាមេខ្លោងប្រើប្រាស់គណនីទទួលប្រាក់ពីការឆបោក (Money Mule Account)។ ក្រោយពីព្រមព្រៀងជនសង្ស័យជាមេខ្លោងបានឱ្យជនសង្ស័យឈ្មោះ ម.ខ.រ ទទួលប្រាក់ពីជនរងគ្រោះចំនួន ១,៥០០ដុល្លារពីការឆបោក ប៉ុន្តែជនសង្ស័យឈ្មោះ ម.ខ.រ បានផ្ទេរប្រាក់តាមគណនី ដែលមេខ្លោងបញ្ជានោះ ត្រឹមតែ ៧០០ដុល្លារប៉ុណ្ណោះ ដោយប្រាក់សល់ ៨០០ដុល្លារទៀត ខ្លួនបានប្រាប់ថា មិនផ្ទេរប្រាក់នោះទៅគណនី ដែលមេខ្លោងបញ្ជាឡើយ ហើយថែមទាំងបានគំរាមជនសង្ស័យជាមេខ្លោងថា បានប្តឹងសមត្ថកិច្ចនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាហើយ។ ក្នុងគោលបំណងយកប្រាក់ ដែលបានពីការឆបោកនោះ ទុកជាប្រយោជន៍ផ្ទាល់ខ្លួន ។
បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ម.ខ.រ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ កម្លាំងជំនាញកំពុងបន្តកិច្ចប្រតិបត្តិការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យជាមេខ្លោង និងបក្ខពួក ដែលពាក់ព័ន្ធផ្សេងទៀត យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក និងអំពាវនាវយ៉ាងទទូចដល់សាធារណជនទាំងអស់ថា ៖
១. សូមប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មវិនិយោគតាមប្រព័ន្ធអនឡាញ ឬ Telegram ដែលសន្យាផ្តល់អត្រាការប្រាក់ ឬប្រាក់ចំណេញខ្ពស់ខុសពីធម្មតា។
២. ដាច់ខាតមិនត្រូវជួល លក់ ឬឱ្យបក្សពួកជនល្មើសខ្ចីប្រើប្រាស់គណនីធនាគារ ឬកាតអេធីអឹម (ATM) របស់ខ្លួនឡើយ ព្រោះសកម្មភាពនេះជាអំពើល្មើសច្បាប់ (សមគំនិតក្នុងបទល្មើស) ហើយម្ចាស់គណនីត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕






ចែករំលែកព័តមាននេះ