ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន ម្ចាស់​រថយន្ត​ស្លាក​លេខ JJ.CHING សារភាព​ថា ខ្លួន​ពិតជា​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់ ពុំ​មែន​ប្តី​ដូច​ការ​ផ្ដល់​ព័ត៌មាន​របស់​ឪពុក​នាង​ទេ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកលក់​អន​ឡាញ​ល្បីឈ្មោះ​ម្នាក់ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ជា​ម្ចាស់​រថយន្ត Range Rover ពាក់​ស្លាក​លេខ «​កម្ពុជា JJ.CHING» ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​ហើយ ក្រោយ​ពី​បាន​បើករថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រួច​បើក​រត់គេច និង​យក​រថយន្ត​ទៅ​ផ្លុ​ង​ចោល​។ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ឈ្មោះ សៅ លី​ជី​ង នាង​បាន​សារភាព​ហើយ​ថា ខ្លួន​ជា​អ្នក​បើក​បុក​ជន​រង​គ្រោះ​ពិតមែន មិនមែន​ប្ដី​នាង​បើក​ដូច​ការ​ផ្ដល់​ព័ត៌មាន​របស់​ឪពុក​នាង​ទេ ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា​៖ «​ខ្ញុំបាទ​បាន​ប្រាប់​ហើយ​ថា (​ឱ្យ​ចូល​មក​ទទួលកំហុស​មិន​ព្រម​) រាល់​បទល្មើស​កើតឡើង​គឺ​ខ្ញុំ​មិន​ដែល​នៅ​ស្ងៀម​ទេ (​ស្ងៀម​តែ​មិន​ស្ងាត់​)! ការងារ​ជំនាញ​ស្រាវជ្រាវ​មិន​ដក​ដៃ (​ស្មាន​តែ​រៀបចំ​ឱ្យ​អ្នក​មក​ទទួលកំហុស​ជំនួស​បាន​មែន​) វិធានការ​ជំនាញ និង​ច្បាប់​» ។

ជាមួយ​គ្នា​នេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការ​រង​ផែន​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គ​ស្នង​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សៅ លី​ឈី​ង ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ បុរី​វិមាន​ភ្នំពេញ ផ្ទះ​លេខ​៩B ផ្លូវ​លេខ​១ ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី បើករថយន្ត មិន​ប្រកាន់​ចំណែក​ផ្លូវ​របស់​ខ្លួន និង​បើក​រត់គេច​ចេញពី​កន្លែង​កើតហេតុ​គេចវេស​ពី​ការ​ទទួលខុសត្រូវ ។

សមត្ថកិច្ច បានអោយ​ដឹង​ថា ឈ្មោះ សៅ លី​ជី​ង ហៅ JJ.CHING បាន​សារភាព​ហើយ​ថា ខ្លួន​ជា​អ្នក​បើក​បុក​ជន​រង​គ្រោះ​ពិតមែន មិនមែន​ប្ដី​នាង​បើក​ដូច​ការ​ផ្ដល់​ព័ត៌មាន​របស់​ឪពុក​នាង​ទេ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦ នា​វេលា​ម៉ោង​២០​និង​៥៥​នាទី នៅ​ត្រង់​ចំណុច​បង្គោល​ភ្លើង​លេខ​PP1.20 ផ្លូវ​បេតុង ភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ម៉ាក RANGE ROVER ពណ៌​ស ពាក់​ផ្លា​ក​លេខ កម្ពុជា JJ.CHING ធ្វើ​ដំណើរ​លើ​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បុក​ជាមួយ​ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌​ស​ទឹកក្រូច ផ្លា​ក​លេខ កែប​1B-6378 ធ្វើ​ដំណើរ​លើ​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច (​បញ្ច្រាសទិស​គ្នា​) បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​១​នាក់ នៅ​កន្លែង​កើតហេតុ ។ ជន​រង​គ្រោះ​ឈ្មោះ ដៀប វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ឈូក ខេត្តកំពត ។

មូលហេតុ​៖ អ្នកបើកបរ​រថយន្ត បើក​មិន​ប្រកាន់​ចំណែក​ផ្លូវ​របស់​ខ្លួន និង​បើក​រត់គេច​ចេញពី​កន្លែង​កើតហេតុ គេចវេស​ពី​ការ​ទទួលខុសត្រូវ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​អ្នក​បើករថយន្ត​ខាងលើ​ដើម្បី កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​៕