រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសេចក្តីជូនព័ត៌មាន ស្តីពីការប្រគល់ត្រឡប់មកវិញ នូវវត្ថុសិល្បៈខ្មែរចំនួន១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញ នូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញនៅទីក្រុងឡុងដ៍ ដោយអង្គភាព សិល្បៈនិងវត្ថុបុរាណ នៃនគរបាលទីក្រុងឡុងដ៍ (Metropolitan Police Service) ក្រោមការគាំទ្រពីក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសលើបេតិកភណ្ឌ នៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ។
វត្ថុទាំងនេះ ត្រូវបានប្រគល់ជាផ្លូវការនៅថ្ងៃនេះ ជូនស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ ទីក្រុងឡុងដ៍ ហើយក្រសួងនឹងចាត់ចែងបញ្ជូនមកកម្ពុជា នាពេលខាងមុខ ។
វត្ថុសិល្បៈទាំងនេះ ត្រូវបានស្វែងរកឃើញកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ហើយត្រូវបានកំណត់អត្តសញ្ញាណថា មានប្រភពដើមមកពីប្រទេសកម្ពុជា។ បន្ទាប់មក នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់សំណើជាផ្លូវការ ដើម្បីទាមទារឱ្យប្រគល់វត្ថុទាំងនេះ ត្រឡប់មកកម្ពុជាវិញ។ វត្ថុទាំងនេះ រួមមាន ៖ រូបចម្លាក់សាងពីថ្ម វត្ថុធ្វើពីសំរិទ្ធសម្រាប់ប្រើប្រាស់ក្នុងកិច្ចពិធី និងបំណែកគ្រឿងអលង្ការ ដែលមានអាយុកាលប្រមាណពីសតវត្សទី១០ ដល់សតវត្សទី១៣។ ក្នុងចំណោមវត្ថុទាំងនេះ មានព្រះសិរ្សបដិមា សាងពីថ្មភក់ ក្នុងរចនាបថបាពួន រវាងពាក់កណ្តាលទីពីរ នៃសតវត្សទី១១ និងព្រះសិរ្សបដិមា ក្នុងរចនាបថបាយ័ន ចុងសតវត្សទី១២។ ក្រៅពីនេះ ក៏មានកណ្តឹងពុទ្ធសាសនា ដែលមានដងកាន់រាងវជ្រ ទេពរាំលើបល្ល័ង (យោគីនីរាំ) គ្រឿងលម្អមានបន្តោង ព្រមទាំងចង្កៀងសំរិទ្ធមួយ ដែលធ្លាប់ប្រើប្រាស់ក្នុងកិច្ចពិធី។ ជារួម វត្ថុទាំងនេះឆ្លុះបញ្ចាំងពីស្នាដៃសិល្បៈ ប្រពៃណី ជំនឿសាសនា និងជីវភាពវប្បធម៌ និងអារ្យធម៌ខ្មែរ ដែលបាន ឆ្លងកាត់ជាច្រើនសតវត្សមកហើយ ។
សម្រាប់ប្រជាជនកម្ពុជា វត្ថុសិល្បៈទាំងនេះ មានអត្ថន័យលើសពីតម្លៃសិល្បៈទៅទៀត។ ផ្អែកតាម ជំនឿ និងប្រពៃណីខ្មែរ បដិមាដែលត្រូវបានធ្វើពិធីអភិសេករួច គឺជាបដិមាមានជីវិត និងព្រលឹង និងជាទីស្ថាន នៃអាទិទេព។ នៅពេលវត្ថុសក្ការៈទាំងនេះ ត្រូវបានយកចេញពីទីតាំងដើម សហគមន៍បានបាត់បង់មិនត្រឹមតែ មរតកជារូបីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ចំណងដ៏សំខាន់ នៃប្រវត្តិសាស្ត្រ ជំនឿ ប្រពៃណី ទំនៀមទម្លាប់ និងការចងចាំរួមរបស់សហគមន៍ផងដែរ ។
បន្ទាប់ពីវត្ថុទាំងនេះ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ មន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិកម្ពុជា នឹងធ្វើការសិក្សាស្រាវជ្រាវលើវត្ថុទាំងនេះ និងប្រៀបធៀបជាមួយលទ្ធផលស្រាវជ្រាវ នៅទីតាំងជាក់ស្តែង កំណត់ត្រាទីតាំងបុរាណវិទ្យា និងសក្ខីកម្មផ្ទាល់ដែលមាន។ ការងារនេះនឹងរួមចំណែកជួយឱ្យកាន់តែយល់ច្បាស់អំពីប្រវត្តិ និងប្រភពដើមរបស់វត្ថុទាំងនេះ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់កម្ពុជាក្នុងការកំណត់អត្តសញ្ញាណ និងស្វែងរកសម្បត្តិវប្បធម៌ដែលត្រូវបាននាំចេញពី ទឹកដីកម្ពុជាដោយខុសច្បាប់ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមន្ត្រី នៃអង្គភាពសិល្បៈ និងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍ ដឹកនាំដោយអង្គការ ដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ចំពោះកិច្ចខិតខំប្រឹងប្រែង និងក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសលើបេតិកភណ្ឌ ដែលក្រសួងក៏សូមការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់។ ថ្លែងអំណរគុណចំពោះលោក Bradley J. Gordon និងលោកស្រី Melina Antoniadis ទីប្រឹក្សាផ្នែកច្បាប់ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះការខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការ ប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយជ្រោមជ្រែងឱ្យមានការប្រគល់វត្ថុទាំងនេះត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ ។
ការប្រគល់វត្ថុសិល្បៈទាំង១៨នេះ ត្រឡប់មកវិញ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀត នៃកិច្ចខិតខំ ប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ដែលបានបាត់បង់ពី មាតុភូមិ។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការទាមទារឱ្យប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ដែលត្រូវបាន នាំចេញពីទឹកដីកម្ពុជាដោយខុសច្បាប់ និងសូមស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ពីរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ សារមន្ទីរ អ្នកស្រាវជ្រាវ និងអ្នកប្រមូលវត្ថុសិល្បៈឯកជននានា ៕




ចែករំលែកព័តមាននេះ