ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារ និងអង្គការ UNIDO ពង្រឹងសមត្ថភាពគ្រូបង្គោល TVET លើអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្លើយតបនឹងតម្រូវការសហគ្រាស

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារស្វ៊ីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) តាមរយៈកម្មវិធី «មុខរបរនិងការងារសមរម្យ សម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)» បានរៀបចំដោយជោគជ័យនូវវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល (ToT) ស្ដីពី «ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។ ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

ក្នុងឱកាសនោះ បណ្ឌិត ហ៊ីង ស៊ីដេត បានលើកឡើងពីសារៈសំខាន់ នៃការពង្រឹងសមត្ថភាពគ្រូបង្គោល TVET ដើម្បីលើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាល និងធានាថា សិស្សទទួលបានចំណេះដឹង និងជំនាញស្របតាមតម្រូវការជាក់ស្ដែងរបស់សហគ្រាស ជាពិសេសជំនាញពាក់ព័ន្ធនឹងអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ។ លោកក៏បានណែនាំដល់សិក្ខាកាមឱ្យយកចំណេះដឹង ព្រមទាំងបទពិសោធអនុវត្តជាក់ស្ដែង ពីវគ្គបណ្ដុះបណ្ដាលនេះទៅបន្តផ្ទេរដល់សិស្ស និងអនុវត្តក្នុងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព ។

វគ្គបណ្ដុះបណ្ដាលនេះមានគ្រូបង្គោល ចូលរួមចំនួន ២៥ នាក់ (ស្រី ១៤ នាក់) មកពីគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១៨ គ្រឹះស្ថាន ក្នុងជំនាញកែច្នៃចំណីអាហារ ដុតនំ កាហ្វេ និងជំនាញពាក់ព័ន្ធ ។ ខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើមូលដ្ឋានគ្រឹះ នៃសុវត្ថិភាពម្ហូបអាហារ ការអនុវត្តអនាម័យល្អ (GHPs) គោលការណ៍ HACCP ការវេចខ្ចប់ និងការដាក់ស្លាកសញ្ញាផលិតផលចំណីអាហារ ។

លទ្ធផលសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ គឺការពង្រឹងសមត្ថភាពគ្រូបង្គោល ក្នុងការផ្ទេរចំណេះដឹង និងជំនាញអនុវត្តជាក់ស្ដែងទៅកាន់សិស្ស TVET ដើម្បីឱ្យសិស្សបញ្ចប់ការសិក្សាមានជំនាញសុវត្ថិភាពម្ហូបអាហារ និងត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់ចូលបម្រើការងារនៅតាមសហគ្រាស ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញ ដែលបានកំណត់ឃើញពីសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រឹក្សាភិបាលកម្មវិធី DEY III នៅខេត្តបាត់ដំបង កាលពីខែឧសភា ឆ្នាំ២០២៦ ។ ការផ្សារភ្ជាប់ការបណ្ដុះបណ្ដាល TVET ជាមួយតម្រូវការជាក់ស្ដែងរបស់សហគ្រាស នឹងរួមចំណែកកាត់បន្ថយគម្លាតជំនាញ លើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាស និងបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា ។

ការពង្រឹងសមត្ថភាពគ្រូបង្គោល TVET គឺជាជំហានសំខាន់ ក្នុងការកសាងកម្លាំងពលកម្ម ដែលមានជំនាញស្របតាមតម្រូវការសហគ្រាស និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ៕ អត្ថបទសហការ