ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោ.រ​ព័ត៌​មាន​វិទ្យា​លួ.ច​លុយ​​ជាង​៦​ពាន់​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​ដូរ​រូបិយ​ប័ណ្ណ​គ្រីប​តូ​ធំ​ជាង​​គេ​លើ​លោក

28 នាទី មុន

ទី​ក្រុង​តូក្យូ៖ ​ក្រុម​ចោរ​អុីន​ធឺណិត​ ឬ​ហេក​ខឺ (hacker) ​​បាន​លួច​​លុយ​​គ្រីប​តូ (crypto) ចំនួន​៦,៣​ពាន់​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​បាយ​ណាន់​ (Binance) ដែល​ជា​ក្រុម​ហ៊ុន​ដូរ​លុយ​គ្រីប​តូ (crypto) ដ៏​ធំ​ជាង​គេ​​នៅ​លើ​សាកល​លោក។ នេះ​ជា​ការ​លួច​ដ៏​ច្រើន​បំផុត​ដែល​ក្រុម​អ្នក​វិភាគ​ស្មាន​ទុក​ជា​មុន​ថា​គ្មាន​នរណា​ក្រៅ​ពី​កូរ៉េ​ខាង​ជើង​នោះ​ទេ​​។ ករណី​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ជំនឿ​ទុក​ចិត្ត​របស់​មនុស្ស​ទូទៅ​​ទៅ​លើ​លុយ​​គ្រីប​តូ​​។ គ្រាន់​តែ​លេច​ឮ​ដំណឹង​នេះ​ភ្លាម តម្លៃ​ប្រាក់​គ្រីប​តូ​ចាប់​ផ្ដើម​ដាំ​ក្បាល​ចុះ​។ ក្រុម​ហ៊ុន​បាយ​ណាន់​ផ្អាក​ការ​ដក​លុយ​ និង​ប្រកាស​ថា​ខ្លួន​សុខ​ចិត្ត​ទទួល​រ៉ាប់​រង​សង​​អ្វី​ដែល​អតិថិជន​ខាត​បង់​ដោយ​សារ​អំពើ​លួច​នេះ​។

ចំនួន​ទ្រព្យ​សម្បត្តិ​ប្រហែល​ពាក់​កណ្ដាល​ដែល​ត្រូវ​ចោរ​លួច​ត្រូវ​បាន​បង្កក​ទុក​​ភ្លាម​ៗ​​ដោយ​ក្រុម​ហ៊ុន លក់​រូបិយ​ប័ណ្ណ​​គ្រីប​តូ ដូច​ជា​ Tether, ‌Circle ​និង​ World Liberty Financial​ ជា​ដើម​។ ប្រតិ​បត្តិ​ការ​លួច​លុយ​គ្រីប​តូ​នោះ​ប្រើ​ពេល​ប្រហែល​ម្ភៃ​នាទី​ចាប់​ផ្ដើម​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​មាន​ភិន​ភាគ​ប្រហាក់​​ប្រហែល​នឹង​ករណី​លួច​ទ្រង់​ទ្រាយ​ធំ​ៗ​​ដែល​សង្ស័យ​ថា​ប្រព្រឹត្ត​ឡើង​ដោយ​​ក្រុម​​ហេក​ខឺ​កូរ៉េ​ខាង​ជើង​​កាល​ពី​ពេល​កន្លង​មក​។ ក្រុម​ហ៊ុន​ TRM ខាង​វិភាគ​ខ្សែ​បណ្ដាញ​គ្រីប​តូ​អះ​អាង​ថា​ក្រុម​ហេក​ខឺ​​អាច​ចូល​ទៅ​​គ្រប់​គ្រង​-​បញ្ជា​កាបូប​លុយ​គ្រីប​តូ​របស់​​ក្រុម​ហ៊ុន​បាយ​ណាន់​។ បន្ទាប់​មក​​ ​ពួក​គេ​ (ហេក​ខឺ) ​វេរ​លុយ​ទាំង​អស់​ចូល​ទៅ​ក្នុង​កាបូប​លុយ​របស់​​ខ្លួន​។

ករណី​នេះ​ដូច​ទៅ​នឹង​ករណី​លួច​លុយ​គ្រីប​តូ​​​របស់​ក្រុម​ហ៊ុន​​​ Bybit កាល​ពី​ឆ្នាំ​២០២៥​ ដែល​ទី​ភ្នាក់​ងារ​អែហ្វ​ប៊ី​អាយ​ (FBI) របស់​អា​មេ​រិក​សន្និ​ដ្ឋាន​ថា​ជា​ស្នា​ដៃ​របស់​កូរ៉េ​ខាង​ជើង​។ ក្រុម​ហ៊ុន​ TRM បង្ហោះ​សារ​នៅ​លើ​​​គេហ​ទំព័រ​របស់​ខ្លួន​ថា​នេះ​ជា​ទង្វើ​របស់​ក្រុម​ហេក​ខឺ​កូរ៉េ​ខាង​ជើង​ពិត​ប្រាកដ​ណាស់​។ ទាំង​​​ TRM និង​ក្រុម​ហ៊ុន​ដូរ​រូបិយ​ប័ណ្ណ​គ្រីប​តូ​មួយ​​ទៀត​ឈ្មោះ Chinalysis អះអាង​ថា​ពួក​គេ​ច្បាស់​ក្នុង​ចិត្ត​ថា​នេះ​ជា​ស្នា​ដៃ​របស់​កូរ៉េ​ខាង​ជើង​ពិត​មែន​ហើយ​។

អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ កូរ៉េ​ខាង​ជើង​ប្រើ​ប្រាស់​ក្រុម​ចោរ​បច្ចេក​វិទ្យា​ព័ត៌​មាន​របស់​រដ្ឋាភិបាល​ដើម្បី​ឈ្លប​យក​ការណ៍​សម្ងាត់​ ដើម្បី​លួច​លុយ​គ្រីប​តូ និង​ដើម្បី​រក​ប្រាក់​ចំណូល​។ នេះ​បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​អាជ្ញា​ធរ​អាមេរិក, ​​កូរ៉េ​ខាង​ត្បូង​ និង​ក្រុម​អ្នក​ជំនាញ​ខាង​សន្តិ​សុខ​ព័ត៌​មាន​វិទ្យា​។ ក្រុម​ហ៊ុន​បាយ​ណាន់​អះ​អាង​ថា​ប្រាក់​របស់​អតិថិជន​ខ្លួន​មាន​សុវត្ថិ​ភាព​ជា​ធម្មតា​ និង​ថា​ខ្លួន​កំពុង​សហ​ការ​ជា​មួយ​បណ្ដា​​​ដៃ​គូ​នានា​ដើម្បី​បង្កក​លុយ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​អំពើ​លួច​​នោះ​។ ឥឡូវ​នេះ ​ក្រុម​ហ៊ុន​កំណត់​មុខ​សញ្ញា​លុយ​គ្រីប​តូ​ចំនួន​​បី​ពាន់​លាន​ដុល្លារ​។ ក្រុម​ហ៊ុន​រំពឹង​ថា​នឹង​បើក​ដំណើរ​ការ​ប្រតិ​បត្តិ​ការ​ដូរ​លុយ​គ្រីប​តូ​របស់​ខ្លួន​ឡើង​វិញ​នៅ​អំឡុង​៤៨​ម៉ោង​ខាង​មុខ​។ ក្រុម​ហ៊ុន​មិន​បាន​និយាយ​អំពី​ជោគ​វាសនា​លុយ​គ្រីតូ​៣,៣​ពាន់​​លាន​ដុល្លារ​ទៀត​ថា​តើ​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ​។

លោក​រីឆាត​ តឹង​ (Richard Teng) ជា​នាយក​ប្រតិ​បត្តិ​ក្រុមហ៊ុន​បាយ​ណាន់​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ដោយ​និយាយ​សំដៅ​ទៅ​អតិថិ​ជន​ថា​ «​ប្រាក់​របស់​លោក​អ្នក​មាន​សុវត្ថិ​ភាព​ ហើយ​ប្រសិន​បើ​មាន​ការ​បាត់​បង់​ យើង​ខ្ញុំ​ធានា​រ៉ាប់​រង​ទូទាត់​សង​វិញ​គ្រប់​ចំនួន​មិន​​ឱ្យ​បាត់​បង់​​សូម្បី​តែ​មួយ​កាក់​មួយ​សេន​​។ រហូត​មក​ដល់​ពេល​នេះ ​ការ​ស៊ើប​អង្កេត​របស់​យើង​មិន​ទាន់​ចោទ​ថា​នេះ​ជា​ស្នា​ដៃ​របស់​បុគ្គល​ណា​ឡើយ»​​។ លោក​អារ៉ាវីន ស្រីនីវ៉ាសាន (Aravind Srinivasan) ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​​ GSR ថ្លែង​ថា​នេះ​ជា​ការ​​លួច​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ខណៈ​ដែល​តម្លៃ​ប្រាក់​គ្រីប​តូ​កំពុង​តែ​ដាំ​ក្បាល​ចុះ​ជា​ទូទៅ​។ រូបិយប័ណ្ណ​ប៊ីត​ខញ (Bitcoin) ធ្លាក់​ថ្លៃ​ទាប​បំផុត​នៅ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​ ពោល​គឺ​ធ្លាក់​ចុះ​ជាង​៣%។​ ចំណែក​រូបិយ​ប័ណ្ណ​ BNB ធ្លាក់​ថ្លៃ​៥%​នៅ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​៕ ប្រភព៖ Reuters