សង្គ្រាមអ៉ីរ៉ង់ ៖ កងទ័ពអ៉ីរ៉ង់អះអាង នាថ្ងៃទី២៩ តុលា ថា នាវាដឹកប្រេង៤គ្រឿងត្រូវឆេះ បន្ទាប់ពីប៉ះគ្រាប់មីនក្នុងច្រកសមុទ្រហ័រមូស ដែលអាមេរិកអះអាងថា ច្រកសមុទ្រនោះ ត្រូវបានដោះមីនចេញក្នុងផ្នែកដ៏ធំរួចហើយ ។ ចំណែកទីភ្នាក់ងារសមុទ្រអង់គ្លេស UKMTO រៀបរាប់ពីនាវា២គ្រឿង រងការវាយប្រហារ ដែលខ្លួនមិនទាន់អាចកំណត់ច្បាស់ ក្នុងពេលភ្លាមៗថា តើនាវាទាំង២គ្រឿងនោះ ស្ថិតក្នុងចំណោមនាវាដឹកប្រេងទាំង៤ក្រឿងដែលអ៉ីរ៉ង់ថា ត្រូវគ្រាប់មីន ឬយ៉ាងណាឡើយ ។

តាម UKMTO ថា មាននាវាតូចមួយគ្រឿង បានដាក់គ្រឿងផ្ទុះ២ជាប់សំបកនាវាដឹកប្រេងមួយនាពេលយប់ ជិតអូម៉ង់ក្នុងច្រក
សមុទ្រហ័រមូស ។ ការបំផ្ទុះគ្រាប់មីនទាំង២គ្រាប់នោះ បណ្ដាលឲ្យមានភ្លើងឆេះក្នុងបន្ទប់ម៉ាស៊ីន តែក្រោយមក ត្រូវបានពន្លត់។ ក្នុងចំណោមក្រុមនាវិកពុំមាននរណាម្នាក់រងគ្រោះឡើយ។ UKMTOក៏រាយការណ៍ដែរថា នាវាដឹកប្រេងមួយទៀតរងការវាយប្រហារដោយមីស៊ីលមួយគ្រាប់មិនដឹកប្រភព ក្នុងច្រកសមុទ្រនេះដែរ ហើយក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសដែរ ។
ចំណែកកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ថ្លែងថា នាវា៣គ្រឿងបានផ្ទុះហើយឆេះ ក្រោយពីបើកប៉ះគ្រាប់មីន ពេលនាវាទាំងនោះប៉ុនប៉ងបើកតាមផ្លូវដែលគ្មានការអនុញ្ញាតនាភាគខាងនៃច្រកសមុទ្រហ័រមូស ។ នាវាទាំងនេះ ធ្វើមិនដឹងមិនឮចំពោះការព្រមាន ។ កងឆ្មាំបដិវត្តន៍ក៏អះអាងដែរ ពីការចាប់បានដ្រូនស៊ើបការណ៍មួយគ្រឿងរបស់អាមេរិកក្នុងតំបន់ ។ គេមិនបានបញ្ជាក់ពីប្រភពនៃទំនិញនិងទង់របស់នាវាទាំងនេះឡើយ ។

កងទ័ពអ៉ីរ៉ង់បន្ទាប់មកអះអាងពីនាវាដឹកប្រេង១គ្រឿងទៀតត្រូវគ្រាប់មីន ។ នាវានេះ ដែលធ្វើប្រតិបត្តិការដោយខុសច្បាប់ក្នុងតំបន់រិតដ្បិត និងគ្រោះថ្នាក់ រងការខូចខាត និងត្រូវភ្លើងឆេះ បន្ទាប់ពីប៉ះគ្រាប់មីនក្នុងទឹក ។ UKMTO រាយការណ៍ម្យ៉ាងទៀតថា នាវាមួយគ្រឿងបានលិចក្នុងច្រកសមុទ្រនោះខាងផ្នែកអូម៉ង់ តែវាជានាវាប្រពៃណីមួយដែលជួបឧប្បត្តិហេតុភ្លើងឆេះ។ ក្រុមនាវិកត្រូវបានជម្លៀសចេញដោយសុខសប្បាយ ។
មុននេះទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាអះអាងថា បានជួយបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ ក្នុងការនាំចេញប្រេង១,៥ពាន់លានធុង កាត់តាមច្រកសមុទ្រហ័រមូសចាប់តាំងពីរដូវក្ដៅមក ៕

ចែករំលែកព័តមាននេះ