ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តសង្គ្រោះនិងព្រូស កៀរគ្នាផ្អើលផ្លូវល្បឿនលឿន

52 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​គិលានសង្គ្រោះ​របស់​មន្ទីរ​សម្រាក​ព្យាបាល​«​ធា​រ៉ា ចាន់​ហេង​» ដឹក​អ្នកជំងឺ​ចេញពី​ខេត្តកំពង់ស្ពឺ ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព​នៅ​ភ្នំពេញ បាន​កៀរ​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​តូ​យ៉ូ​តា​ព្រូស បណ្ដាល​ឲ្យ​រង​ការ​ខូចខាតបន្តិចបន្តួច​ទាំង​សងខាង ហើយ​ម្ចាស់​រថយន្ត​ព្រូស បាន​ទារ​សំណង​១​ពាន់​ដុល្លារ ។ ប៉ុន្តែ​ខាង​អ្នក​បើករថយន្ត​សង្គ្រោះ​មិន​ព្រម​សង​នោះ​ទេ និង​បាន​សុំ​បន្ត ដំណើរ យក​អ្នកជំងឺ​ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទីរពេទ្យ​សិន រួច​ចាំ​ត្រឡប់​មក​ដោះស្រាយ​គ្នា​ជា​ក្រោយ ។

ខណៈនោះ ម្ចាស់​រថយន្ត​ព្រូស​មិន​ព្រម​ឲ្យ​រថយន្ត​សង្គ្រោះ​ទៅ​ឡើយ ទោះបីជា​ក្រុម​គ្រួសារ​អ្នកជំងឺ​ផ្ទាល់​សំពះ​អង្វរ​យ៉ាងណា ក៏​ម្ចាស់​រថយន្ត​ព្រូស​នោះ​មិន​ព្រម​ឲ្យ​រថយន្ត​សង្គ្រោះ​បន្តដំណើរ​ទៅ​សិន​ដែរ ហើយ​ភាគី​ទាំង​២​បាន​ជជែក​វែកញែក​ប្រកែក​គ្នា​រក​ខុស​ត្រូវ​ប្រើ​ពេល​យ៉ាង​យូរ ។ រហូត​ដល់​មាន​មន្ត្រី​នគរបាល​ម្នាក់​បាន​ទៅ​ជា មួយ​រថយន្ត​សង្គ្រោះ​នោះ ទើប​ម្ចាស់​រថយន្ត​ព្រូស​យល់ព្រម​ឲ្យ​រថយន្ត​សង្គ្រោះ​ដឹក​អ្នកជំងឺ​បន្តដំណើរ​ទៅ​កាន់​នៅ​មន្ទី​ពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព រួច​ទើប​បន្ត​ដោះស្រាយ​គ្នា​ជា​ក្រោយ ។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​រង្វង់​មូល​គល់​ស្ពាន​អាកាស​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ កែង​មហាវិថី​ឈ្នះ​=​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

មហាជន​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​គិលានសង្គ្រោះ​១​គ្រឿង​របស់​មន្ទីរ​សម្រាក​ព្យាបាល​«​ធា​រ៉ា ចាន់​ហេង​» បាន​ដឹក​អ្នកជំងឺ​ជា​ស្ត្រី​ចំណាស់​ម្នាក់ ដែល​មាន​អាកា​រៈ​ធ្ងន់​សន្លប់​អត់​ដឹងខ្លួន និង​កំពុង​ដាក់​ខ្យល់​អុកស៊ីហ្សែន​ផង ចេញពី​ខេត្តកំពង់ស្ពឺ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព​រាជធានី​ភ្នំពេញ ។

ខណៈនោះ បាន​បើក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​កៀរ​គ្នា​តិចតួច​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២CG.៧៨១៣ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​=​ឈ្នះ ក្រឡឹង​រង្វង់​មូល​គល់​ស្ពាន​អាកាស​ផ្លូវ​ល្បឿន​លឿន​ខាងលើ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ឧប្បត្តិ​ហេតុនេះ បាន​បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​រង​ការ​ខូចខាត​ក្រពឹត​ថ្ពាល់ និង​ឆ្កូត​កាង​មុខ​ផ្នែក​ខាងស្តាំ ។ ចំណែកឯ​រថយន្ត គិលានសង្គ្រោះ​ខាងលើ រង​ការ​ខូចខាត​កាង​ខាងក្រោយ​ប៉ែក​ខាងឆ្វេង ហើយ​ពេល​នោះ ពុំ​ដឹង​ថា ខាង​ណា​ជា​អ្នក​ខុស និង​ខាង​ណា​ជា​អ្នក​ត្រូវ​នោះ​ទេ ។

ប៉ុន្តែ​ភាគី​ទាំង​២ បាន​ប្រកែក​គ្នា​យក​ត្រូវ​រៀង​ៗ​ខ្លួន ដោយ​ខាង​អ្នក​បើករថយន្ត​ព្រូស បាន​ចោទ​រថយន្ត​គិលានសង្គ្រោះ​ខាងលើ​ថា បាន​បើក​បុក​រថយន្ត​ខ្លួន​បង្ក​ការ​ខូចខាត ហើយ​បាន​ទារ​សំណង​ពី​ខាង​រថយន្ត​សង្គ្រោះ​ចំនួន​១​ពាន់​ដុល្លារ និង​ទាមទារ​ឲ្យ​ដោះស្រាយ​គ្នា​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង ទើប​ឲ្យ​ចាកចេញ​ទៅ​បាន ។

ប្រភព​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយឡែក​ខាង​អ្នក​បើករថយន្ត​សង្គ្រោះ​មិន​ព្រម​សង​ទេ ដោយ​ចោទ​ត្រឡប់​ទៅ​កាន់​ម្ចាស់​រថយន្ត​ព្រូស​នោះ​វិញ​ថា បាន​បើក​កៀរ​រថយន្ត​ពេទ្យ​ពីក្រោយ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្លួនឯងសោះ បែរជា​មក​ទាមទារ​សំណង​ទាំង​មិន​ចេះ​អៀនខ្មាស ។ មិនតែប៉ុណ្ណោះ ខាង​រថយន្ត​ពេទ្យ​បាន​សុំ​យក​អ្នកជំងឺ​ទៅ​សង្គ្រោះ​បន្ទាន់​សិន រួច​ចាំ​ត្រឡប់​មក​ដោះស្រាយ​គ្នា​ជា​ក្រោយ ព្រោះ​អ្នកជំងឺ​ត្រូវការ​សង្គ្រោះ​បន្ទាន់ មិន​អាច​ពន្យារពេល​បាន​ឡើយ ។

រីឯ​ក្រុម​គ្រួសារ​អ្នកជំងឺ​ដែល​កំពុង​ស្ថិត​នៅ​លើ​រថយន្ត​សង្គ្រោះ​នោះ ក៏​បាន​សំពះ​អង្វរ​សុំ​ឲ្យ​ម្ចាស់​រថយន្ត​ព្រូស អនុញ្ញាត​ឲ្យ​រថយន្ត​គិលានសង្គ្រោះ​ដឹក​អ្នកជំងឺ​ទៅ​សង្គ្រោះ​បន្ទាន់​សិន​ដែរ ប៉ុន្តែ​ម្ចាស់​រថយន្ត​ព្រូស​នេះ​មិន​ព្រម​ឡើយ នៅ​តែ​ទាមទារ​ដោះស្រាយ​ឲ្យ​ចប់​សិន​ចាំ​បន្តដំណើរ​ទៅ ។

ប្រភព​មួយ​នេះ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ដោយសារ​តែ​ការ​ទាមទារ​យក​ត្រូវ​រៀង​ៗ​ខ្លួន​នោះ បាន​ធ្វើ​ឲ្យ​ខាត​ពេល​សង្គ្រោះ​អ្នកជំងឺ ហើយ​អ្នក​ដែល​ព្រួយបារម្ភ​បំផុត​នោះ គឺ​ក្រុម​គ្រួសារ​អ្នកជំងឺ​តែ​ម្ដង ។ ក្រោយ​ពេល​ទទួល​ដំណឹង​នេះ​ហើយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ក្រោម បាន​ចុះ​ទៅ​អន្តរាគមន៍ ហើយ​មន្ត្រី​នគរបាល​ម្នាក់ បាន​ទៅ​ជាមួយ​រថយន្ត​សង្គ្រោះ​ខាងលើ ទើប​ពេល​នោះ​ម្ចាស់​រថយន្ត​ព្រូស យល់ព្រម​ឲ្យ​រថយន្ត​សង្គ្រោះ​បន្ត​ដឹក​អ្នកជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ ។ ក្រោយ​ពេល​យក​អ្នកជំងឺ​ទៅ​សង្គ្រោះ ហើយ ពេល​នោះ ភាគី​ទាំង​២​បាន​ធ្វើការ​សម្របសម្រួល តែ​មិន​ត្រូវ​គ្នា​ដដែល ។

នគរបាល​បាន​ប្រាប់​ថា ខណៈនោះ នគរ បាល​ប៉ុស្តិ៍​សំរោង​ក្រោម ក៏​បាន​បញ្ជូន​ភាគី​ទាំង​២​ទៅ​កាន់​ផ្នែក​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរ បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​នាំ​យក​រថ​ន្ត​ទាំង​ពីរ​គ្រឿង​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា​បន្ត​ទៀត ។ លុះ​ពេល​ទៅ​ដល់​ក្នុង​កណ្ដាប់ដៃ​ផ្នែក​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ភាគី​ទាំង​២ មាន​ភាព​ទន់ភ្លន់​ដាក់​គ្នា​វិញ និង​បាន​សុខចិត្ត​បញ្ចប់រឿង​នៅ​ថ្ងៃ​ដដែល​នោះ ដោយ​ព្រម​ស្មើគ្នា យក​រថយន្ត​ទៅ​ជួស ជុល​រៀង​ៗ​ខ្លួន គឺ​គ្មាន​ភាគី​ណា​សង​ទៅ​ភាគី​ណា​ឡើយ ៕