ជនសង្ស័យជំនាញគាស់ផ្ទះ និងបន្ទប់ជួលលួ.ចទ្រព្យសម្បត្តិ ចុងក្រោយលួ.ចកាបូបត្រូវអស់លក្ខណ៍
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ជំនាញគាស់ផ្ទះនិងបន្ទប់ជួលលួចទ្រព្យសម្បត្តិយ៉ាងសកម្ម ហើយចុងក្រោយគាស់បន្ទប់ជួលកម្មកររោងចក្រកាត់ដេរមួយកន្លែង លួចយកបានកាបូបស្ពាយ១ ។ ប៉ុន្តែរត់មិនរួចឡើយ ក៏ត្រូវបានម្ចាស់កាបូបតាមរកឃើញ រួចឃាត់ខ្លួនដោយទាំងប្អូនបង្កើតរបស់ជននោះម្នាក់ទៀតផង បន្ទាប់មកបានប្រគល់ឲ្យនគរបាល នាំទៅសាកសួរ ។ ក្រោយពេលទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នគរបាលសួរនាំរកឃើញថា បុរសជាប្អូនប្រុសគ្រាន់តែទៅលេងជនសង្ស័យជាបងប៉ុណ្ណោះមិនជាប់ពាក់ព័ន្ធនិងសកម្មភាពចោរកម្មនោះឡើយ ទើបនគរបាលដោះលែងវិញ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ០៩ជាន់ទី៣ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវម្ចាស់កាបូបឃាត់ខ្លួនប្រគល់ឲ្យនគរបាលនោះឈ្មោះយ៉ា សីលា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនម្នាក់នេះគឺជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្មបំផុត ហើយមានទីលំនៅបច្ចុប្បន្ននៅភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខត្តព្រះវិហារ និងមានស្រុកកំណើត នៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ដោយឡែកកម្មកររោងចក្រដែលជាម្ចាស់កាបូបមាន២នាក់ក្នុងនោះ ម្នាក់ឈ្មោះ ត ហ្សេត រ៉ហ្វីគីន ភេទប្រុស និងម្នាក់ទៀតឈ្មោះណាក់ វ៉ាគាណាម ភេទប្រុស ស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។ រីឯនៅក្នុងកាបូបគាត់នោះមិនមានប្រាក់ ឬរបស់មានតម្លៃអ្វីប៉ុន្មាននោះទេ គឺមានតែសម្លៀកបំពាក់ប៉ុណ្ណោះ ។
នគរបាលបានប្រាប់ថា នៅមុនពេលកើតហេតុម្ចាស់កាបូបទាំង២នាក់បានទុកកាបូបស្ពាយ១នៅក្នុងបន្ទប់ជួល ហើយបានបិទទ្វារចាក់សោត្រឹមត្រូវ រួចចេញទៅធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែង ។ រហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ដដែលនោះ ក្រោពេលចេញពីធ្វើការរោងចក្រសម្រាកហូបបាយថ្ងៃត្រង់ និងធ្វើដំណើរទៅដល់បន្ទប់ជួលរបស់ខ្លួនវិញ ក៏ឃើញទ្វារបន្ទប់ចំហ ហើយបាត់កាបូបស្ពាយនោះ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា លុះកន្លះម៉ោងក្រោយមកម្ចាស់កាបូបឈ្មោះ ត ហ្សេត រ៉ហ្វីគីន បានដើរឆ្លងកាត់មុខបន្ទប់ជួលរបស់ជនសង្ស័យ ក៏បានប្រទះឃើញកាបូបស្ពាយរបស់ខ្លួននៅក្នុងបន្ទប់នោះ ក៏បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះយ៉ា សីលា និងប្អូនប្រុសបង្កើតម្នាក់ទៀត ។ បន្ទាប់មកបានប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១នាំយកទៅកាន់ប៉ុស្តិ៍ធ្វើការសាកសួរ ខណៈនោះបានដឹងថា ជនសង្ស័យរូបនេះគឺជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម ដែលធ្លាប់ធ្វើសកម្មភាពច្រើនលើកមកហើយ ។
នគរបានបានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា ចំណែកឯប្អូនប្រុសបង្កើតរបស់គេ មិនជាប់ពាក់ព័ន្ធនិងសកម្មភាពចោរកម្មនោះទេ គ្រាន់តែទៅលេងជនសង្ស័យជាបងប៉ុណ្ណោះ ទើបនគរបាលក៏បានដោះលែងវិញ ។ បន្ទាប់មកទៀតនគរបាលប៉ុស្តិ៍ចោមចៅទី១ និងកសាងសំណុំបញ្ជូនជនសង្ស័យជាបងឈ្មោះយ៉ា សីលា ទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕



ចែករំលែកព័តមាននេះ