សម្ដេចធិបតីជម្រុញឱ្យខាងសាធារណការ និងខាងអភិវឌ្ឍន៍ជនបទ ពិនិត្យអំពីស្ដង់ដាប្រព័ន្ធផ្លូវ និងប្រព័ន្ធលូ ក្រោយទឹកជំនន់វាយប្រហារ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ដោយយកគ្រោះមហន្តរាយ«ជំនន់ទឹកភ្លៀង»ក្នុងឆ្នាំនេះ (២០២៦) ធ្វើជា«បទពិសោធន៍» សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានជម្រុញដល់ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវពិនិត្យមើលអំពីស្ដាង់ដានៃប្រព័ន្ធផ្លូវ និងប្រព័ន្ធលូរំដោះទឹក ត្រូវតែស្ដាឡើងវិញ ឲ្យសមាមាត្រទៅនឹងទំហំទឹក ដែលអាចកកើតមាននាឆ្នាំក្រោយៗ ចៀសវាងការលិចលង់ ឬការខូចខាតជាថ្មីទៀត ។

សម្ដេចបវរធិបតីបានមានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី៣០ តុលា ក្នុងគ្រាដែលសម្ដេចបានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ចែកពូជស្រូវ និងចែកស្បៀងអាហារដល់ពលរដ្ឋជាង១ម៉ឺនគ្រូសារនៅក្នុងខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅនៅក្នុងព្រលានយន្តហោះ«វាលបែកចាន»ក្នុងក្រុងបាតដំបង ។

នៅចំពោះមុខមន្ត្រីរាជការរាប់ពាន់នាក់ មកពីគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋជាង១ម៉ឺនាក់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿង«ជួសជុលផ្លូវឡើងវិញ ខាងអភិវឌ្ឍន៍ជនបទ និងខាងសាធារណការ.. ក៏សុំឲ្យមើល… ជាពិសេស សុំឲ្យមើលហើយ យកបទពិសោធន៍ហ្នឹងតែម្ដង» ។ បទពិសោធន៍ហ្នឹងតែម្ដងបានន័យថា «ប្រព័ន្ធលូរបស់យើង កន្លែងខ្លះនៅទីជនបទយើងដាក់តែលូ… ដែលយើងមើល វាយតំលៃអត់ត្រូវ ពាក់ព័ន្ធនឹងការសិក្សា ។ ប៉ុន្តែពេលនេះ ទឹកធំ ដូច្នេះ បើធ្វើ ធ្វើសម្រាប់ទឹកធំហ្នឹងទៅ ។ ព្រោះកន្លងមក ស្ដង់ដាបច្ចេកទេសយើងវាយតំលៃទឹកម៉ាល្មមរាប់សិបឆ្នាំ ចឹងដាក់លូមុខប៉ុណ្ណឹង..! ដល់ឥឡូវចាប់ផ្ដើមម្ដងនេះ ទើបយើងដឹងថា វាធំ..! វាដល់កម្រិតដែលយើងគិតថា ជាកម្រិតអតិបរិមាយើងចង់បាន ។ កន្លែងណា ដែលយើងត្រូវកែដាក់លូឲ្យធំ… ដាក់ទៅកុំថ្ងៃក្រោយចឹងទៀត»។

វប៉ុន្តែការថ្លែងទៅកាន់មន្ត្រីជំនាញ ពាក់ព័ន្ធនឹងការជម្រុញឲ្យស្ដាឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ប្រព័ន្ធផ្លូវ និងប្រព័ន្ធលូរំដោះទឹកនេះ សម្ដេចធិបតីក៏បានក្រើនរំលឹកដល់មន្ត្រីជំនាញត្រូវពិនិត្យមើល និងពិចារណាផងដែរ ពាក់ព័ន្ធនឹងការខូចខាតផ្លូវថ្នល់ និងប្រព័ន្ធលូ ។ សម្ដេចបានលើកឡើងថា យើងយកឱកាសដ៏លំបាកនេះ ត្រូវមើលផងដែរថា តើលិចនេះ លិចដោយសារអី..? តើយើងធ្វើអី ដើម្បីបង្ការ..? ត្រង់ចំណុចនេះ សម្ដេចបានលើកយករឿងទឹកលិចនៅខាងខេត្តបន្តាយមានជ័យ ជា«ឧទារហណ៍» ដើម្បីលើកបង្ហាញដល់មន្ត្រីនានា និងមហាជនបានដឹង ។

សម្ដេចបានលើករឿងនៅខេត្តបន្តាយមានជ័យយកមកបញ្ជាក់ប្រាប់ដូច្នេះថា «ប្រឡាយធ្វើហើយ ប៉ុន្តែទឹកដែលមកពីខាងអូរជ្រៅ វានៅតែលិច..! ដល់ពិនិត្យចុះឡើង វានៅតែប៉ុន្មានគីឡូដីសោះ ដែលអត់មានមុខទឹក.តមក..! អីចឹងយកឱកាសហ្នឹង ត.មុខទឹកហ្នឹងទៅ ។ យកឱកាសហ្នឹងតែម្ដង ព្រោះធ្វើអីក៏ដោយត្រូវធ្វើតេស្ដម៉ាកស៊ីម៉ូមនៅពេលដែលទឹកឡើងដល់ម៉ាកស៊ីម៉ូម វាអត់លិច វាអត់លង់ វាអត់បាក់… ហ្នឹងហើយ នេះជាឱកាស… ដូច្នេះសុំឲ្យស្ដាឡើងវិញ» ។

ភារកិច្ចនៅចំពោះមុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទម្លាក់ទៅឲ្យខាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ថែមទាំងក្រសួងធនធានទឹក និងឧតុនិយម មួយទៀតផង ត្រូវចូលរួមទទួលខុសត្រូវលើការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនេះ ។ ជាពិសេស ប្រព័ន្ធផ្លូវ និងប្រព័ន្ធលូរំដោះទឹក ត្រូវធ្វើឲ្យត្រូវតាមស្ដង់ដា ចៀសវាងការកកស្ទះនាឆ្នាំក្រោយៗទៀត ៕







ចែករំលែកព័តមាននេះ