ទីក្រុងហ្សឺណែវ៖ នាយកអង្គការសុខភាពពិភពលោក (WHO) ថ្លែងថាល្បឿននៃការឆ្លងរាលដាលមេរោគអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអ៊ូហ្គង់ដាហាក់ដូចជាមានសម្ទុះខ្លាំងក្លាហួសពីការស្មាន។ ពោលគឺហួសពីសមត្ថភាពដែលអាជ្ញាធរសុខាភិបាលអាចទប់ស្កាត់ និងឆ្លើយតប។ លោកបានផ្តល់តួលេខចុងក្រោយថាត្រឹមតែមួយប៉ប្រិចភ្នែក មនុស្ស២២០នាក់ស្លាប់ដោយសារអេបូឡា។

នៅក្នុងការថ្លែងទៅកាន់កិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់សហភាពអាហ្វ្រិកស្តីពីការផ្ទុះឡើងនូវជំងឺនេះ នាយក WHO លោកតេដ្រូស (Tedros) ថ្លែងថានៅពេលយើងមានភាពយឺតយ៉ាវក្នុងការស្វែងរកឃើញអ្នកឆ្លងមេរោគអេបូឡាមានន័យថាយើងកំពុងរត់តាមពីក្រោយមេរោគនេះទៅវិញទេខណៈដែលជំងឺនេះចេះតែបន្តរាតត្បាតឥតបន្ធូរដៃ។ ការរីករាលដាលនៃជំងឺនេះអាចនឹងកាន់តែមានសភាពខ្លាំងក្លាជាងមុន ទម្រាំស្ថានភាពបានប្រសើរឡើងវិញ។

លោកតេដ្រូសត្រៀមធ្វើដំណើរទៅប្រទេសកុងហ្គោដែលកំពុងរាតត្បាតជំងឺអេបូឡាយ៉ាងខ្លាំងក្លាបំផុត។ លោកក៏មានមន្ត្រីជាន់ខ្ពស់របស់ WHO អមដំណើរទៅជាមួយផងដែរ។ កាលពីព្រឹកមិញ ប្រទេសអ៊ូហ្គង់ដាដែលមានព្រំប្រទល់ជាប់នឹងកុងហ្គោបានរាយការណ៍ពីករណីឆ្លងមេរោគអេបូឡាចំនួន២នាក់បន្ថែមទៀត។ ដូច្នេះ ចំនួនអ្នកឆ្លងសរុបនៅប្រទេសនេះកើនឡើងដល់៧នាក់។ លោកតេដ្រូសព្យាករទុកថាបណ្តាប្រទេសផ្សេងទៀតដែលជាប់ព្រំដែនជាមួយកុងហ្គោក៏ប្រហែលជាគេចមិនផុតពីឆ្លងជំងឺនេះដែរ។ ពួកគេគួររៀបជើងព្រួលទុកឱ្យហើយទៅ។

WHO ប្រកាសថាការផ្ទុះឡើងនៃមេរោគអេបូឡាដែលមានសន្ដានដ៏កម្រមួយប្រភេទកម្រឈ្មោះប៊ុនឌីបាក់យ៉ូ (Bundibugyo) ជាគ្រោះថ្នាក់សម្រាប់សុខភាពសាធារណៈ ហើយដែលធ្វើឱ្យសហគមន៍អន្តរជាតិព្រួយបារម្ភ។ លោកតេដ្រូសបញ្ជាក់ថាការទប់ស្កាត់មិនឱ្យមេរោគនេះរីករាលដាលឆាប់រហ័សពេកមានលក្ខណៈស្មុគស្មាញដោយសារតែខេត្តអ៊ីទូរី (Ituri) និងខេត្តណោះគីវូ (North Kivu) នៃប្រទេសកុងហ្គោមានអសន្តិសុខខ្លាំង។ ម៉្យាងទៀត មិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ដើម្បីបង្ការមេរោគអេបូឡាសន្ដាន Bundibugyo នេះនៅឡើយទេ៕ ប្រភព៖ Channel News Asia
ចែករំលែកព័តមាននេះ