ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ទិញ​ស្រា​បៀរ​រំលង​ផ្ទះ! ផ្ទុះជម្លោះរវាងអ្នកលក់ចាប់ហួយ និងអ្នកទិញ ផ្អើលអ្នកភូមិដេកមិន​បាន​​ប្តឹងឱ្យជួយអន្តរាគមន៍

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រោះ​តែ​​រឿង​ទិញ​ស្រា​បៀរ​រំលង​ផ្ទះ ផ្ទុះ​ជម្លោះ​រវាងអ្នកលក់ចាប់ហួយនិង​អ្នកទិញ រហូត​ឈាន​ដល់​ហិង្សា ​បណ្តាល​ឱ្យ​​បែកបាក់​ខូចខាត​ទ្រព្យសម្បត្តិ ផ្អើល​ពេញ​ភូមិ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ នៅ​ក្រោយ​វិហារ​អ្នកតា​ម្ចាស់​ស្រុក ដើម​ពោធិ៍ ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ភាគី «ក» អង្គុយ​ផឹកស៊ី​ជុំ​គ្នា រួច​ដើរទៅ​ទិញ​គ្រឿង​ស្រវឹង​កំប៉ុង នៅផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ហួស​ផ្ទះ​ភាគី «ខ​» ។

គួរ​បញ្ជាក់​ថា ភាគី «ខ» ជា​អ្នកលក់​ចាប់ហួយ​ដូច​គ្នា ដោយ​កន្លង​មក ភាគី «ក» តែងតែ​ទៅ​ទិញ និង​ជំពាក់​កន្លែង​គាត់​រហូត ។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា ដោយសារ​តែ​មិន​ទិញ​កន្លែង​របស់​ខ្លួន ភាគី «ខ» បាន​បោះសម្តី​ផ្លែផ្កា​ទៅ​កាន់​ភាគី «ក» ទើប​ធ្វើ​ឲ្យ​ភាគី «ក» ខឹង​ក៏​កើតជា​ជម្លោះ​ពាក្យ​សម្តី​តែ​ម្តង ។ លុះ​ប្រកែក​គ្នា​ទៅ​មក​ មិន​ឈ្នះ​មិន​ចាញ់ ភាគី «ខ» បាន​ឌឺដង​បន្ថែម ដោយ​ធ្វើ​មាត់​ពោល​ពាក្យ​ថា «គ្រូក គ្រូក» ដូច​ហៅ​មាន់ ធ្វើ​ឲ្យ​ភាគី «ក» ខឹង កើតជា​ហិង្សា​វាយ​គ្នា​ទៅ​មក រហូត​បែកបាក់​ទ្រព្យសម្បត្តិ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ។

ការ​ឈ្លោះប្រកែក​គ្នា​នេះ បានធ្វើ​ឱ្យ​អ្នក​ភូមិ​គេង​មិន​បាន ក៏​ទាក់ទង​ហៅ​សមត្ថកិច្ច ទើប​គេ​ឃើញ​មាន​កម្លាំង​អាវុធហត្ថ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​ដល់ទី​តាំង​កើត​ហេតុតែ​ម្តង ។

ភាគី​ទាំង​សងខាង ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​នាំ​ខ្លួន ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​អនុវត្ត​បន្ត​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ៕