ខេត្តកណ្ដាល ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្ដាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកអង្គស្នួល ចុះត្រួពិនិត្យឃ្លាំងស្ដុកប្រហិតរបស់ក្រុមហ៊ុន«ទ្រី សុភាព (TSP)» ។ ខណៈនោះបានរកឃើញ និងដកហូតប្រហិតខូចគុណភាពរាប់ពាន់គីឡូក្រាម នាំយកទៅរក្សាទុករង់ចាំការដុតកម្ទេចចោល ព្រមទាំងបានអញ្ជើញម្ចាស់អាជីវកម្មប្រហិតនេះ ទៅធ្វើការសាកសួរនៅស្នងការនគរបាលខេត្តកណ្តាល ផងដែរ ។
ទន្ទឹមនិងនេះ លោកអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់អ្នកដែល បានទិញទំនិញ សាច់ប្រហិត ចម្រុះគ្រប់ប្រភេទដែលខូចគុណភាព ពីយីហោ ឬ ម៉ាកទ្រី សុភាព( TSP) នេះប្រសិនបើប្រើប្រាស់រួចហើយក៏ហួសទៅចុះ ប៉ុន្តែបើមិនទាន់ប្រើទេសូមកុំចែកចាយបន្ត និងយកមកប្រគល់ជូនក្រុមការងាររបស់សមត្ថកិច្ចវិញ ។
ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ចំនួន២ទីតាំងដែលទីតាំងឃ្លាំងទី១ស្ថិតនៅក្នុងភូមិព្រៃបឹង និងទីតាំងឃ្លាំងទី២ស្ថិតនៅក្នុងភូមិត្នោតផ្តើម ហើយភូមិទាំង២ខាងលើនេះ ស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រហិតដែលត្រូវដកហូតនាពេលនោះរួមមាន៖១-ប្រហិតហតដកចម្រុះម៉ាកចំនួន១៣មុខទម្ងន់៩,០០០kg ,២-ប្រហិតបីមុខ (សាច់ក្តាម ហតដក នំប៉ាវ)ទម្ងន់៧៥០kg ,៣-ប្រហិតសាច់ក្តាមម៉ាក Chojo ចំនួន១០កេសទម្ងន់១០០kg ,៤-ប្រហិតហតដកម៉ាក់Tsp ចំនួន៣០០kg ,៥-ប្រហិតហតដកអត់ម៉ាក់ចំនួន២៥កេស ទម្ងន់១,៥៥០kg ។
លោកគួច ចំរើន អភិបាលខេត្តកណ្តាលបានថ្លែងថា យើងខ្ញុំសូមអំពាវនាវឲ្យតែទំនិញម្ហូបអាហារដែលបានទិញចេញពីក្រុមហ៊ុនTSPនេះសូមផ្ដល់នៅកិច្ចសហការជាមួយសមត្ថកិច្ច សូមប្រគល់នៅទំនិញនេះមកឲ្យក្រុមការងារដើម្បីយកមកធ្វើការត្រួតពិនិត្យ ។ អ្វីដែលបានប្រើប្រាស់ហួសវាជារឿងមួយដោយឡែក ប៉ុន្តែប្រសិនបើមាននៅក្នុងស្តុក ដោយបានដឹងព័ត៌មានពីប្រតិបត្តិការរបស់យើងខ្ញុំនាថ្ងៃនេះហើយនោះ គឺស្នើរសុំឲ្យបងប្អួនទាំងអស់ដែលទទួលបានទំនិញហើយ សូមផ្ដល់កិច្ចសហការ សុំប្រគល់ទំនិញនេះមកឲ្យក្រុមការងារ ។ ដើម្បីធ្វើការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ចៀសវាងកុំឲ្យមានការបន្តការចែកចាយនៅទំនិញខូចគុណភាពនេះ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់របស់យើង ជាពិសេសជនរួមជាតិរបស់យើង ដែលគាត់ប្រើប្រាស់ ។ អញ្ចឹងសូមឲ្យបងប្អូនយើងមានការចូលរួម បើមិនទាន់ដឹងជារឿងមួយ ប៉ុន្តែឥឡូវបានដឹងគ្រប់គ្នាហើយ សូមឲ្យមានការចូលរួម ដើម្បីប្រមូលទំនិញនេះមកវិញ កុំឲ្យបន្តផលប៉ះពាល់ដល់ប្រជាពលរដ្ឋរបស់យើងជាបន្តទៀត ៕










ចែករំលែកព័តមាននេះ