ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបញ្ចប់នៃវិបត្តិសង្គ្រាម៖ អាមេរិក និងអ៉ីរ៉ង់ សម្រេច​បានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម​ជា​បន្ទាន់

1 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ក្រោយ​ច្រើន​ស​ប្ដា​ហ៍​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ និង​ភាព​តានតឹង​ឡើង​វិញ ទីបំផុត​ សហរដ្ឋអាមេរិក ​និងអ៉ី​រ៉​ង់ ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​ ដើម្បី​បញ្ចប់សង្គ្រាម​ជា​បន្ទាន់​នៅ​ម​ជ្ឈឹម​បូព៌ា លើ​គ្រប់​រណសិរ្ស​ក្នុង​នោះ​ រួម​ទាំង​រណសិរ្ស​លី​បង់​ផង​ដែរ ​។

កិច្ចព្រមព្រៀង​នោះ​ ត្រូវ​បាន​ប្រកាស​ នា​ព្រឹក​ថ្ងៃ​ទី​១៥ ​មិថុនា​ ដោយ​នាយករ​ដ្ខ​មន្ត្រី​ប៉ា​គី​ស្ថាន​លោក​ស៊ី​បាស​សារី​ហ្វ​ ជា​អាជ្ញាកណ្ដាល​គន្លឹះ​នៃ​ជម្លោះ បន្ទាប់​មក ​ដោយ​ក្រុង​វ៉ា​ស៊ីន​តោន ​និង​ក្រុង​តេ​ហេ​រ៉​ង់ ​។ ពិធី​ចុះហត្ថលេខា​គ្រោង​ធ្វើ​ នា​ថ្ងៃ​ទី​១៩ ​មិថុនា​នៅ​ក្រុង​ហ្សឺ​ណែវ ​ប្រទេស​ស្វ៊ី​ស​ ។ តាម​បណ្ដាញ​សង្គម​ TRUTH SOCIAL ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ បាន​សម្ដែង​​ការ​អបអរសាទរ​ថា កិច្ច​ព្រម​ព្រៀង​ជាមួយ​អ៉ី​​រ៉​ង់​ពេល​នេះ ​ត្រូវ​បាន​បង្ហើយ​ ។

ខ្ញុំ​អនុញ្ញាត​ពេញលេញ​បើក​ឡើង​វិញ​ច្រក​សមុទ្រ​ហ័​រ​មូស ដោយ​មិនបាច់​សុំ​សិទ្ធិ​ឆ្លងកាត់​ហើយ​ទន្ទឹម​នឹង​នេះ​លុប​ចោល​ភ្លាម​ៗ ការ​ហ៊ុម​ព័ទ្ធ​អ៉ី​រ៉​ង់​របស់​អា​មេ​រិ​កតាម​ជើង​ទឹក​ ។ នាវា​របស់​ពិភពលោក​ទាំងមូល​ចូរ​បញ្ឆេះ​ម៉ា​ស៊ី​​ន​ត្រៀម​ចេញដំណើរ​ ។ ប្រេង​ពេល​នេះ ​ហូរ​ចេញ​ទាំង​ដុល​ហើយ​!​ការ​បើក​ឡើង​វិញ​នោះ​​នឹង​កើត​មាន​ចាប់តាំងពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នា​ថ្ងៃ​ទី​១៩ ​មិថុនា ដើម្បី​អាច​ចាប់ផ្ដើម​ដោះ​មីន​ចេញ​ ។ ព័ត៌មាន​នេះ ​នាំ​ឲ្យ​តម្លៃ​ប្រេង​ដាំ​ក្បាល​ចុះ​ជាង​៤% ក្រោយ​ពី​ឡើង​ខ្ពស់​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​ពី​ថ្ងៃ​ទី​២៨​កុម្ភៈ​និង​ការ​បិទ​ខ្ទប់​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​ហ័​រ​មូស​មក​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ​អះអាង​កាលពី​ថ្ងៃ​ទី​១៣​ មិថុនា ​ថា កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​អ៉ី​​រ៉​ង់ អាច​ចុះ​ហត្ថលេខា​ក្នុង​ពេល​ឆាប់​ៗ​អាច​នា​ថ្ងៃ​ទី​១៤ ​មិថុនា​ ។ លោក​ថ្លែង​បែប​នេះ​ មុន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​G7​នៅ​ក្រុង​EVIAN​។ លោក​បន្ត​ថា ​បែប​នេះ​នឹង​បើកផ្លូវ​ទៅ​រក​ការ​បើ់ក​ឡើង​វិញ ​ច្រក​សមុទ្រ​ហ័​រ​មូស​។តាម​បណ្ដាញ​សង្គម​TRUTH SOCIAL លោក​ត្រាំ​សរសេរ​ថា កិច្ចព្រមព្រៀង​នឹង​ត្រូវ​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​១៤ ​មិថុនា ហើយ​ភ្លាម​ៗ​ក្រោយ​ការ​ចុះហត្ថលេខា ច្រក​សមុទ្រ​ហ័​រមូ​សនឹង​បើក​ឡើង​វិញ​សម្រាប់​គ្រប់​គ្នា​។ ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​អះអាង​ដែរ​ថា អា​មេ​រិ​ក​នឹង​ទទួល​បាន​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់ ពេល​ភាព​ស្ងប់ស្ងាត់​វិល​ត្រឡប់​មក​វិញ​ ។

ចំពោះ​ការ​លើក​ឡើង​នា​ពេល​នោះ​របស់​លោក​ត្រាំ​គឺ​ផ្ទុ​យ​ទៅ​នឹង​ការ​លើក​របស់​អ៉ី​​រ៉​ង់​។ មុន​នេះ​បន្តិច ​ក្រសួងការបរទេស​អ៉ី​រ៉​ង​និយាយ​ថា នឹង​ពុំ​មានការ​ចុះហត្ថលេខា​ណាមួយ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៤​មិថុនា​នោះ​ឡើយ ហើយ​កិច្ចព្រមព្រៀង​មួយ​អាច​បង្ហើយ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​។ ប៉ុន្តែ​សារ​របស់​លោក​ត្រាំ​ថ្ងៃ​នោះ​នៅ​តែ​ភ្ជាប់​ការ​ព្រមាន​អ៉ី​រ៉​ង់ ឲ្យ​អនុវត្ត​ពេញលេញ​កិច្ចព្រមព្រៀង បើ​មិន​ដូច្នេះ​ទេ​នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​។ លោក​ត្រាំ​ថា​ខ្ញុំ​សង្ឃឹម​ដែល​រាល់​ដំណើរការ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ឆាប់រហ័ស ដោយ​ស្រួល​និង​គ្មាន​ការ​រអា​ក់រ​អ៊ួ​ល​ ។

ទោះបី​យ៉ាងណា ​ប្រធានាធិបតី​អា​មេ​រិ​ក​ហាក់​ប្រើ​ភាសា​បង្រួបបង្រួម​ច្រើន រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ លោក​អះអាង​ថា​ទំនាក់ទំនង​ជាមួយ​អ៉ី​រ៉​ង់ ចាប់ពី​ពេល​នេះ​ទៅ​ខុស​គ្នា​ច្រើន​ជាង​កាលពីមុន​និង​ប្រសើរ​ជាង កាលពី​ស្ថិត​ក្រោម​ប្រធានាធិបតី​មុន​ៗ​ផង​ ។ លោក​ថា លោក​ប្រកាន់​យក​ការ​អត់ធ្មត់​ខ្លាំង​ធ្វើការ​ជាមួយ​អ៉ី​រ៉​ង់ និង​ជាមួយ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ទាំងមូល​ក្នុង​រយៈពេល​យូរអង្វែង​។ ក្នុង​សំណើ​សំខាន់​ៗ​របស់​អ៉ី​រ៉​ង់​មាន​ជា​ពិសេស ការ​ទទួល​បានការ​ធានា​របស់​អា​មេ​រិ​ក ​និងអ៉ី​ស្រា​អែ​ល​ថា លែង​វាយប្រហារ​ទៀត​ប្រឆាំង​ប្រទេស​ខ្លួន ​៕