ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនល្មើស និង​ច្រក​លួច​នាំ​ទំនិញ​ចូល​ពី​ថៃ​ ដែល​សម្ដេច​តេ​ជោ​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​នៅឡើយ​ទេ

59 វិនាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៥ មិថុនា នេះ គឺ​មាន​រយៈ​០៤​ថ្ងៃ​កន្លង​មក​ហើយ ដែល​សម្ដេច តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​ភា ប្រមុខ​ស្ដីទី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​ចេញ​បទបញ្ជា​ឲ្យ​លោក​អភិបាលខេត្ត​បាត់ដំបង តាម​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ស្វែង​រកមុខ​ជនល្មើស​ដែល​លួច​នាំ​ទំនិញ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ពី​ប្រទេស​ថៃ ដែល​សម្ដេច​ចង្អុល​ត្រង់​ៗ​ថា «​មាន​គេ​បើក​ច្រក​លួច​នាំ​ទំនិញ​ចូល​នៅ​ពាក់កណ្ដាល​យប់​» ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត ហាក់​ពុំ​មាន​តម្រុយ​ពី «​មុខសញ្ញា​» ដែល​សម្ដេច​បាន​ចង្អុលបង្ហាញ​នៅឡើយ​ទេ ។

សំណុំរឿង​ដ៏​រសើប​ដែល​ទម្លុះទម្លាយ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​០៤​ថ្ងៃមុន​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន មន្ត្រី​ជំនាញ ឬ​មន្ត្រី​ពាក់ព័ន្ធ​នានា ស្ងាត់​មាត់​ដូច​គេ​ចុក នៅ​ពេល​កោះសន្តិភាព​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ ។ អាជ្ញាធរ​ដែនដី ឬ​មន្ត្រី​ជំនាញ​ខ្លះ មិន​ហ៊ាន​ហើបមាត់​ទេ (​សុំ​មិន​និយាយ​) រីឯ​ថ្នាក់ដឹកនាំ​ខ្លះ​ទៀត ទូរស័ព្ទ​ចូល​ច្រើន​ដង តែ​មិន​លើក​ទូរស័ព្ទ ដែល​បង្ហាញ​ពី​ការ​អសមត្ថភាព និង​ខ្វះ​ការ​ទទួលខុសត្រូវ ចំពោះ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​កំពូល ។ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​អំពី​សំណុំរឿង​នេះ តាម​ទូរស័ព្ទ​ពី​លោក ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ប៉ុន្តែ​លោក​មិន​ឆ្លើយ​តប បើ​ទោះជា​ទូរស័ព្ទ​ចូល​ច្រើន​ដង​ក្ដី ។ ដោយឡែក អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ តាម​រយៈ​ទូរស័ព្ទ​ដែរ នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ដដែល​នេះ លោក​មិន​បាន​រៀបរាប់​ច្រើន​ពី​សំណុំរឿង​ដ៏​រសើប​នេះ​ទេ ។

លោក​គ្រាន់តែ​មាន​ប្រសាសន៍​ឆ្លើយ​តប​យ៉ាង​ខ្លី ជាមួយនឹង​សំនួរ​ដ៏​រសើប​នេះ​យ៉ាង​ដូច្នេះ​ថា «​កំពុងធ្វើការ​… ក្រុមការងារ​យើង​កំពុងធ្វើការ​… សូម​អរគុណ​»​។ ថ្លែង​ក្នុង​ឱកាស​ចុះ ពិនិត្យ​រោងចក្រ​ផលិត​សម្ភារៈ​យោធា​នៅ​ក្នុង​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​១១ មិថុនា សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹ​ត្ធ​សភា ប្រមុខ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​ឥឡូវ​បើ​តាម​ព័ត៌មាន មើល​មើ​.. ចាប់ពី​យប់​ហ្នឹង​ទៅ តាម​ព្រំដែន​បាត់ដំបង​ឮ​ថា គេ​បើក​រកស៊ី​ពី​ម៉ោង​១១​យប់​ទល់​ម៉ោង​៤​ភ្លឺ ។ ចឹ​ង​ត្រូវ​តាម​មើល​អាហ្នឹង ឯកឧត្តម សុខ លូ​… មើល​ឲ្យ​ច្បាស់​» ។

ថ្លែង​នៅ​ចំពោះ​មុខ​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត រួម​ជាមួយនឹង​ក្រុម​កម្មករ កម្មការិនី​នៅ​ក្នុង​រោងចក្រ DSS ប្រមាណ​២០០​នាក់ បើ​តាម​ប្រសាសន៍​សម្ដេច មិនមែន​គ្រាន់តែ​ប្រាប់​ឲ្យ​លោក​អភិបាលខេត្ត ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​ជនល្មើស និង​រក​ឲ្យ​ឃើញ​ច្រក​លួច​នាំ​ទំនិញ​ចូល​ពី​ប្រទេស​ថៃ ដោយ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ។ សម្ដេច ហ៊ុន សែន ថែម​ទាំង​បង្គាប់​ឲ្យ​លោក​សុខ លូ វាយបំបាក់​ជើង​ជនល្មើស​ទៀត​ផង ។

សម្ដេច​បាន​បញ្ជាក់​ថា «​បើ​និយាយ​វា​មិន​ស្ដាប់ វា​មាន​តែ​ព្រនង់​..! បើ​និយាយ​មិន​ស្ដាប់​ទេ អ្ហែង​តដៃ​គេ​វាយ​ម៉ា​ព្រនង់​ហើយ​… រួច​ហើយ​គេ​យក​មក​ញាត់​គុក​ហើយ ។ អាហ្នឹង​សូម​បញ្ជាក់​» ។ នេះ​ជា​ប្រសា​ស​ន៏ ក៏​ដូច​ជា​បទបញ្ជា​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ណែនាំ​ចង្អុលបង្ហាញ​ឲ្យ​លោក​អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​កម្លាំង​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រកមុខ​ជនល្មើស​ដែល​លួច​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ ខុសច្បាប់​តាម​ច្រកព្រំដែន​ទាំង​កណ្ដាល​យប់ ។

ប៉ុន្តែ​គិត​មក​ទល់​ពេល​នេះ មាន​រយៈ​០៤​ថ្ងៃ​ហើយ អាជ្ញាធរ​ខេត្ត ហាក់​មិន​ទាន់​មាន​តម្រុយ ឬ​ទទួល​បាល​លទ្ធផល​សូ​ម្បី​បន្តិច ពី​ការ​ស៊ើ​ង​អង្កេត​នៅឡើយ​ទេ ៕