សង្គ្រាមអ៊ុយក្រែន ៖ សង្គ្រាមអ៊ុយក្រែននៅតែមិនធូរស្រាល កាលពីយប់ថ្ងៃទី១៤ មក ១៥មិថុនា រុស្ស៊ីបានវាយប្រហារទីក្រុងធំជាច្រើនរបស់អ៊ុយក្រែន ។

សរុបមីស៊ីលយ៉ាងតិច៧០គ្រាប់ និងដ្រូន៦១១គ្រឿង ត្រូវបានរុស្ស៊ីបញ្ចេញវាយប្រហារ ។ ការវាយប្រហារធំមួយសំដៅលើក្រុងគៀវត្រូវចំព្រះវិហារកាតូលិកអ័រតូដុកដ៏ល្បីល្បាញមួយដែលត្រូវភ្លើងឆេះ។ យោងតាមការវាយតម្លៃដំបូងៗរបស់អាជ្ញាធរអ៊ុយក្រែននាថ្ងៃទី១៥ មិថុនា ថា មនុស្សយ៉ាងតិច៩នាក់ស្លាប់ ក្នុងនោះ ៤នាក់នៅក្រុងគៀវ និង៥នាក់នៅក្រុងខាគៀវ។

ក្នុងសេចក្ដីប្រកាសមួយតាមតេឡេក្រាម កងទ័ពរុស្ស៊ីឲ្យដឹងថា កងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារដ៏ធំជាមួយបណ្ដាអាវុធវាយ
ចំៗគោលដៅរយៈឆ្ងាយ និងបណ្ដាដ្រូនប្រឆាំងទីតាំងឧស្សាហកម្មយោធាទាំងឡាយនៅក្រុងគៀវ ខាគៀវ និងឌីនីប្រូ ព្រមទាំងប្រឆាំងបណ្ដាព្រលានយន្តហោះយោធា និងទីតាំងភស្ដុភារនៅអ៊ុយក្រែន។ បណ្ដាទិសដៅវាយប្រហារសុទ្ធតែចំ ។ ការវាយប្រហារទាំងនេះ ជាការឆ្លើយតបចំពោះការវាយប្រហារនានារបស់អ៊ុយក្រែនលើដែនដីរុស្ស៊ី ។

ខាងផ្នែករុស្ស៊ីវិញមនុស្សយ៉ាងតិច៣នាក់ស្លាប់ ក្នុងការវាយប្រហារមួយដោយដ្រូនអ៊ុយក្រែនប្រឆាំងទីក្រុងទូឡា ស្ថិតនៅចម្ងាយប្រមាណជា២០០គីឡូម៉ែត្រខាងត្បូងក្រុងមូស្គូ។ ក្រៅពីអ្នកស្លាប់មនុស្ស៣នាក់ទៀតរងរបួស។ រុស្ស៊ីបន្តវាយប្រហារលើអ៊ុយក្រែនស្ទើររាល់ថ្ងៃចំណែកក្រុងគៀវវិញបង្កើនការវាយប្រហារដោយដ្រូន ក្នុងដែនដីរុស្ស៊ីសំដៅជាពិសេសបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពល៕
ចែករំលែកព័តមាននេះ