ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​យក្ស​នៅ​អឺរ៉ុប ៤ ត្រៀមខ្លួន​ជា​ស្រេច​លើកលែង​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ី​រ៉​ង់

1 នាទី មុន

អន្តរជាតិ ៖ ចក្រភព​អង់គ្លេស បារាំង អា​ល្លឺ​ម៉​ង់ និង​អ៊ី​តា​លី កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ បាន​ប្រកាស​រួម​គ្នា​ថា ត្រៀមខ្លួន​រួច​ជា​ស្រេច​លើកលែង​ទណ្ឌកម្ម​លើ​អ៊ី​រ៉​ង់ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំហាន​ច្បាស់លាស់​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ដើម្បី​បញ្ចប់សង្គ្រាម​របស់​ភាគី​ទាំង​ពីរ​។ នេះ​បើ​តាម​ប្រភព​ពី Reuters និង AFP បាន​ចេញផ្សាយ​។

រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ៤ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​យ៉ាង​ដូច្នេះ​ថា «​យើង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​លើកលែង​ទណ្ឌកម្ម​ដែល​ពាក់ព័ន្ធ ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ជំហាន​ច្បាស់លាស់ និង​អាច​ផ្ទៀងផ្ទាត់​បាន​ពី​សំណាក់​ប្រទេស​អ៊ី​រ៉​ង់ ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។ យើង​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ព្រមទាំង​ដៃគូ​តំបន់​របស់​យើង ដើម្បី​ចាប់​យក​ឱកាស​នេះ ដើម្បី​រក្សា​និរន្តរភាព​នៃ​កិច្ច​សន្ទនា និង​ឆ្ពោះទៅ​រក​ដំណោះស្រាយ​ការទូត​យូរអង្វែង​មួយ​»​។
ចំណាត់ការ​ដ៏​សំខាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ បាន​ប្រកាស​ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ដើម្បី​បញ្ចប់សង្គ្រាម​ដែល​បាន​ផ្ទុះ​ឡើង តាំង​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦​។ ជាមួយ​គ្នា​នោះ ភាគី​ទាំង​ពីរ​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​នេះ​នៅ​ក្នុង​ប្រទេស​ស្វី​ស នា​ថ្ងៃ​ទី​១៩ ខែមិថុនា ខាង​មុខ​នេះ​។

ត្រង់​ចំណុច​នេះ សេចក្តីថ្លែងការណ៍​រួម​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ទាំង ៤ ខាងលើ​ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា អ៊ី​រ៉​ង់​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ជា​ដាច់ខាត ដោយ​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​អា​មេ​រិ​ក អ៊ី​រ៉​ង់ និង​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នោះ​»៕