ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បំភ្លឺជុំវិញព័ត៌មានករណី «ដេ.ញចា.ប់ក្មេ.ង» នៅស្រុកមង្គលបុរី
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺជុំវិញករណីមានជនសង្ស័យដេញចាប់ក្មេង នៅភូមិក្រូច ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីកាលពីរសៀលថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៦ ។
អ្នកនាំពាក្យរបស់អធិការដ្ឋាននគរបាលស្រុកមង្គលបុរី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន និងអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឱ្យបានជ្រាបថា នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៦ មានម្ចាស់អាខោនហ្វេសប៊ុកឈ្មោះសេដ ណាយ (SAD NIGH) បានផុសបង្ហោះខ្លឹមសារថា បន្ទាន់២៣.០៥.២០២៦ មានករណីដេញចាប់ក្មេង នៅភូមិក្រូច ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលបានព័ត៌មានករណីនេះ ក្រោមបញ្ជារបស់លោកអធិការ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះរាំងនៃអធិការដ្ឋាននគរបាល ស្រុកមង្គលបុរី នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤ៈ០០នាទី បានចុះស្រាវជ្រាវទៅដល់កន្លែងកើតហេតុនៅភូមិក្រូច ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយបានសាកសួរបំភ្លឺពីក្មេងស្រីឈ្មោះហួរ សុវត្ថា អាយុ១០ឆ្នាំ ដោយនាងបានរៀបរាប់ប្រាប់ថា នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៣ៈ៣០នាទី មានរថយន្តមួយគ្រឿង ពណ៌ស មិនស្គាល់ម៉ាក បានបើកមកដល់ឈប់នៅនឹងចិញ្ចើមផ្លូវមុខផ្ទះរបស់ខ្លួន ដោយមានបុរសម្នាក់ចុះពីលើរថយន្តនោះមក មានបិទមុខ ដោយម៉ាស់ពណ៌ខ្មៅ កាន់កូនកាំបិតស តែមិនបានដើរតម្រង់មកផ្ទះរបស់ខ្លួនទេ ឃើញដូចនោះ ខ្លួនបានរត់ចូលក្នុងបន្ទប់ក្នុងផ្ទះ មួយសន្ទុះក្រោយមកខ្លួនបានចេញមកមើលវិញ ពុំឃើញរថយន្ត និងមនុស្សនោះឡើយ បន្ទាប់មក ខ្លួនបានរត់ទៅផ្ទះអ៊ំ ហើយនិយាយប្រាប់ថា មានគេមករកចាប់ខ្លួន ។ ករណីនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត ។
ក្នុងនាមជាអ្នកនាំពាក្យ សូមថ្លែងអំណរគុណ ចំពោះសាធារណជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយកម្លាំងជំនាញមូលដ្ឋាន និងបន្តស្រាវជ្រាវ និងបង្ការបង្ក្រាប ប្រសិនជាមានករណីកើតឡើង ៕






ចែករំលែកព័តមាននេះ