ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​ជនបរទេ.ស​ម្នាក់​ដេក​ស្លា.ប់​ដោយ​មាន​ស្នាម​របួ.ស ​​​តាម​​​ចិញ្ចើម​ផ្លូវ​ទួលពង្រ ជិតស្តុបឫស្សីផ្អែម

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្រោម​ធ្នើរ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង ដោយ​មាន​ស្នាម​របួស​ផង​ដែរ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា គាត់​ស្លាប់​ដោយ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ក៏​ជា​អំពើ​ឃាតកម្ម​នៅឡើយ​ទេ ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ទួល​ពង្រ ត្រង់​ចំណុច​ជិត​ភ្លើងស្តុប​ឫស្សី​ផ្អែម​ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​រូប​នោះ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ តាម​ការ​ប៉ាន់ស្មាន​គាត់​អាច​មាន​អាយុ​ចន្លោះ​ពី​៥០​ទៅ​៦០​ឆ្នាំ ស្លៀកខោ​ជើង​ខ្លី​ព​ណ៍​ខ្មៅ ពាក់​អាវយឺត​ដៃខ្លី​ព​ណ៍​ស ហើយ​ក៏​មិន​ទាន់​ដឹង​ថា​ជា​ជនជាតិ​អ្វី​ដែរ ។ ដោយឡែក​នៅ​លើ​ខ្លួនប្រាណ មាន​ស្នាម​របួស ហើយ​ក្បាល​និង​ផ្ទៃមុខ ព្រមទាំង​ដៃ​ប្រឡាក់​ទៅ​ដោយ​ឈាម រីឯ​ជើង​ស្ដាំ​របស់​គាត់​បាន​បាក់​ចេញ​ឆ្អឹ​ថែម​ទៀត​ផង ។

ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើតហេតុ​នោះ​បាន​និយាយ​ថា ពួក​គាត់​មិន​បានដឹង ឬ​បានឃើញ​ថា​បុរស​ជា​ជនជាតិ​បរទេស​ខាងលើ​នេះ​មានរឿង​អ្វី និង​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ ។ នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ មាន​បុរស​ម្នាក់​ក្រោក​ពី​ដេក​បើកទ្វារ​ដើរ​ចេញពីផ្ទះ​បាន​បន្តិច ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​ជនបរទេស​នោះ​ដេក​ស្លាប់​នៅ​ត្រង់​ចំណុច​ខាងលើ​បាត់​ទៅ​ហើយ ។ ខណៈនោះ​បុរស​ដែល​ជា​អ្នក​ប្រទះ​ឃើញ​សព​បាន​ស្រែក​ប្រាប់​អ្នក​ជិតខាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក និង​នាំ​គ្នា​ទៅ​ចោមរោម​មើល រួច​បាន​រាយការណ៍​ជូន​នគរបាល​ខណ្ឌដង្កោ និង​កម្លាំង​ប៉ុស្តិ៍​នគរបាលរ​ដ្ឋា​ន​ព្រៃ​ស​ឲ្យ​ចុះ​ទៅ​មើល​ភ្លាម​ៗ​តែ​ម្ដង ។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​សបាន​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ និង​បាន​ចងខ្សែ​ហ៊ុម​ព័ទ្ធ​ទីនោះ​បណ្ដោះអាសន្ន​រង់ចាំ​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ។ ពេល​នេះ​នគរបាល​ខាងលើ​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជនជាតិ​បរទេស​នេះ និង​ស្វែងរក​សាច់ញាតិ​របស់​គាត់ ដើម្បី​នាំ​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​